COVID-19
ជាតិ
អ្នកនាំពាក្យការបរទេសចិន៖ ជាមិត្តដែកថែប ចិនត្រៀមខ្លួនជួយកម្ពុជាជានិច្ចក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩
24, Apr 2021 , 10:00 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន
ដោយ: រួបរួម
នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅនឹងសារព័ត៌មាន China Daily ទាក់ទងនឹងស្ថានភាពរាលដាលកូវីដ-១៩នៅកម្ពុជា ដែលមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ទៅ៣ខ្ទង់ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងការហាមឃាត់ការធ្វើដំណើរ។ លោក Zhao Lijian បានអះអាងថា ចិន តាមដានស្ថានការនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ចក្នុងការជួយដល់មិត្តដែកថែបរបស់ខ្លួន។



លោក Zhao Lijian បានអះអាងថា ចិនតាមដានយ៉ាងជិតដិតចំពោះការវិវត្តស្ថានភាពរាលដាលកូវីដ-១៩។ «យើងជឿជាក់ថា ក្រោមព្រះរាជកិច្ចគាំពាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំដ៏ខ្លាំងក្លារបស់សម្តេច ហ៊ុន សែន កម្ពុជានឹងជម្នះបាននូវការប្រឈមនាពេលបច្ចុប្បន្ន ហើយឈានដល់ជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ យ៉ាងឆាប់រហ័ស»។

លោកបានបញ្ជាក់ថា ចិន និងកម្ពុជា ឈរនៅក្បែរគ្នាគ្រប់កាលៈទេសៈ ពោលគឺចាប់តាំងពីសម្តេច ហ៊ុន សែន បានទៅទស្សនកិច្ចនៅចិន ដើម្បីបង្ហាញការគាំទ្រ នាពេលដែលចិនស្ថិតក្នុងការពេលវេលាដ៏លំបាកក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកបានបន្ថែមថា៖ «ទំនាក់ទំនងទ្វេរភាគី និងមិត្តភាពដ៏រឹងមាំរវាងពលរដ្ឋទាំងពីរ ជាកម្លាំងដ៏ខ្លាំងក្នុងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម»។

ជាមិត្តភាពដែកថែប លោក Zhao Lijian បានអះអាងថា ចិននឹងធ្វើគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការកិច្ចសហប្រតិបត្តិការប្រឆាំងជំងឺរាតត្បាតមួយនេះជាមួយកម្ពុជា។ លោកបានគូសបញ្ជាក់ពីការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសផ្សេងៗនាពេលកន្លងមកសម្រាប់កម្ពុជា ដូចជាវ៉ាក់សាំងបង្ការកូវីដ-១៩ បរិក្ខាពេទ្យ ជាដើម។

លោកបានបញ្ជាក់ថា៖ «យើងនឹងបន្តជួយតាមសមត្ថភាពរបស់យើងលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា ទៅតាមការស្នើសុំជាបន្តបន្ទាប់»៕



© រក្សាសិទ្ធិដោយ thmeythmey.com