អន្តរជាតិ
អាមេរិក អនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Johnson & Johnson វិញហើយ
24, Apr 2021 , 11:59 am        
រូបភាព
អាជ្ញាធរសុខាភិបាលអាមេរិក នៅថ្ងៃទី២៣ ខែមេសា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Johnson & Johnson វិញហើយ ក្រោយផ្អាកមួយរយៈដោយសារបារម្ភលើបញ្ហាកំណកឈាម។ ការអនុញ្ញាតនេះធ្វើឡើងក្រោយការវាយតម្លៃដែលរកឃើញថា គុណប្រយោជន៍របស់វ៉ាក់សាំងមានច្រើនជាងហានិភ័យ។

 
នៅថ្ងៃទី១៤ ខែមេសា អាជ្ញាធរសុខាភិបាលអាមេរិក បានចេញសេចក្ដីណែនាំឱ្យផ្អាកការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលចាក់តែម្ដងរបស់ក្រុមហ៊ុន Johnson & Johnson ក្រោយមានការរាយការណ៍ទាក់ទងកំណកឈាមលើអ្នកទទួលវ៉ាក់សាំងមួយចំនួន។ មនុស្សរាប់លាននាក់ទៀតដែលទទួលវ៉ាក់សាំងនេះ មិនមានបញ្ហាអ្វីឡើយមកទល់ពេលនេះ ខណៈអ្នកជំនាញក៏ណែនាំឱ្យចាប់ផ្ដើមចាក់វ៉ាក់សាំងនេះឡើងវិញដែរ។
 
«យើងសន្និដ្ឋានបានថា ផលប្រយោជន៍ដែលមានរបស់វ៉ាក់សាំងមានច្រើនជាងហានិភ័យដែលមាន ឬអាចនឹងមានលើបុគ្គលមានអាយុពី១៨ឆ្នាំឡើងទៅ។» លោកស្រី Janet Woodcock នាយកទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរួមរវាង FDA និង មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃទី២៣ ខែមេសា។ នាយក CDC លោក Rochelle Walensky លើកឡើងថា កំណកឈាមដែលជារឿងកម្រ ត្រូវបានកំណត់សញ្ញាហើយ។
 
ក្នុងទិន្នន័យចេញថ្ងៃទី២៣ ខែមេសា ក្នុងចំណោមស្រ្តី៣,៩លាននាក់ដែលទទួលបានវ៉ាក់សាំងរបស់ Johnson & Johnson មាន១៥នាក់វិវត្តបញ្ហាកំណកឈាមធ្ងន់ធ្ងរ ហើយបីនាក់ស្លាប់។ ក្នុងចំណោមអ្នកទាំង១៥ មាន១៣នាក់មានអាយុក្រោម៥០ឆ្នាំ។ គ្មានរបាយការណ៍ទាក់ទងកំណកឈាមនេះលើបុរសឡើយ។
 
សូមបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ជាវ៉ាក់សាំងទីបីដែលត្រូវបានប្រើប្រាស់នៅអាមេរិក ដោយពីរទៀតជាវ៉ាក់សាំងរបស់ក្រមហ៊ុន Pfizer និង Moderna ។ វ៉ាក់សាំងទាំងបី ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកផងដែរ។ 
 
នៅអឺរ៉ុបវិញ និយតករឱសថអឺរ៉ុបអះអាងថា កំណកឈាមដែលកើតឡើងក្រោយការចាក់ Johnson & Johnson គួរត្រូវចាត់ទុកជាផលប៉ះពាល់កម្ររបស់វ៉ាក់សាំង ដែលត្រូវបញ្ចូលក្នុងព័ត៌មានស្ដីពីការប្រើប្រាស់វ៉ាក់សាំងផងដែរ៕
 
  
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com