អន្តរជាតិ
នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ នៅតែរកមិនទាន់ឃើញ ខណៈអុកស៊ីសែនទំនងអស់ហើយ
24, Apr 2021 , 2:39 pm        
រូបភាព
ក្ដីសង្ឃឹមក្នុងការសង្រ្គោះនាវិក៥៣នាក់លើនាវាមុជទឹកកងទ័ពឥណ្ឌូណេស៊ី បានរសាត់ទៅកាន់តែឆ្ងាយ ខណៈប្រតិបត្តិការរុករកបីថ្ងៃមកនេះមិនទាន់មានលទ្ធផលអ្វី ហើយអុកស៊ីសែនក្នុងនាវាមុជទឹក ក៏ត្រូវជឿថាអស់ផងដែរ។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏មិនទាន់បញ្ជាក់ពីហេតុផលនៅពីក្រោយការបាត់នាវាមុជទឹករបស់ខ្លួន បើទោះជាគេប្រទះឃើញប្រេងអណ្ដែតនៅទីតាំងនាវាមុជទឹកចុះទៅក្រោមទឹកក្បែរកោះបាលី។

 
នាវាមុជទឹក KRI Nanggala 402 បានបាត់ការទាក់ទងនៅព្រឹកថ្ងៃទី២១ ខែមេសាកន្លងទៅអំឡុងពេលលំហាត់មួយក្បែរកោះបាលី។ នាវាមុជទឹកដែលផលិតនៅអាល្លឺម៉ង់នេះ មិនអាចទាក់ទងបានភ្លាមៗក្រោយសុំការអនុញ្ញាតមុជចុះក្រោមសមុទ្រ។ អាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា នាវានេះបំពាក់អុកស៊ីសែនដែលប្រើបាន៣ថ្ងៃប៉ុណ្ណោះក្រោយការរលត់ថាមពល។
 
គិតត្រឹមថ្ងៃទី២៤ ខែមេសា ការរុករកនៅមិនទាន់មានលទ្ធផលអ្វី។ នាវាចម្បាំង យន្តហោះរុករក និងយោធារាប់រយនាក់ចូលក្នុងការប្រតិបត្តិការសង្រ្គោះនេះ។ អាមេរិក សិង្ហបុរី ម៉ាឡេស៊ី និងអូស្ត្រាលី ក៏បញ្ជូនកម្លាំងរបស់ខ្លួនទៅជួយផងដែរ។ អំឡុងការរុករកនៅក្បែរកោះបាលី ក្រុមអ្នកជួយសង្រ្គោះប្រទះឃើញប្រេងនៅត្រង់ទីតាំងដែលនាវាមុជចុះក្រោម ដែលនាំឱ្យមានការសន្និដ្ឋានថា ធុងប្រេងរបស់នាវាទំនងមានបញ្ហា។
 
យ៉ាងណាមិញ ឥណ្ឌូណេស៊ី មិនទាន់បកស្រាយអ្វីឡើយទាក់ទងមូលហេតុនៃការបាត់នាវានេះ។ KRI Nanggala 402 ជានាវាមុជទឹកមួយក្នុងចំណោមនាវាមុជទឹក៥គ្រឿងដែលឥណ្ឌូណេស៊ីមាននៅពេលបច្ចុប្បន្ន។ ឥណ្ឌូណេស៊ី មាននាវានេះពីរគ្រឿង ឯបីគ្រឿងទៀតទិញពីកូរ៉េខាងត្បូង។
 
ក្រុមមន្ត្រីឥណ្ឌូណេស៊ីបញ្ជាក់ថា ប្រសិននាវាមុជទឹកមិនទាន់ខូចខាត ហើយប្រព័ន្ធមុខងារនានានៅដំណើរការ ខ្យល់អាចមានគ្រប់នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី Achmad Riad និយាយក្នុងសន្និសីសារព័ត៌មានមួយថា បើទោះមិនទាន់រកឃើញក្ដី ជាមួយឧបករណ៍ដែលមាន ក្រុមរុករកអាចកំណត់ទីតាំងនាវាបាន៕
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com