អន្តរជាតិ
ប្រមុខការទូតចិន៖ ប្រជាធិបតេយ្យ មិនដូចកូកាកូឡាដែលមានរសជាតិដូចគ្នានៅគ្រប់កន្លែងឡើយ
24, Apr 2021 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) នាកិច្ចសន្ទនានៅថ្ងៃទី២៣ ខែមេសា ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) នាកិច្ចសន្ទនានៅថ្ងៃទី២៣ ខែមេសា ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានប្រាប់ឱ្យអាមេរិកទទួលយករបៀបដឹកនាំនៅចិនសព្វថ្ងៃ និងស្វែងរកគោលនយោបាយត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយចិន ជាជាងប្រកាន់យកជំហរប្រកួតប្រជែង។ លោក វ៉ាង អះអាងថា ប្រជាធិបតេយ្យមិនមែនជាភេសជ្ជៈកូកាកូឡាដែលមានរសជាតិដូចគ្នានៅគ្រប់កន្លែងឡើយ។

 
អាមេរិកនៅតែយល់ខុសនឹងចិន។ អាមេរិកមិនទាន់រកឃើញផ្លូវត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយចិន។ អាមេរិកនៅតែចង់ប្រកួតប្រជែងនឹងចិន។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី លើកឡើងបែបនេះក្នុងកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាអាមេរិកដើម្បីទំនាក់ទំនងអន្តរជាតិនៅថ្ងៃទី២៣ ខែមេសា។ 
 
ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ ដែលមិនល្អនៅអាណត្តិលោក ដូណាល់ ត្រាំ នៅតែមិនល្អប្រសើរនៅដើមអាណត្តិប្រធានាធិបតី ចូ បៃឌិន ។ ម្ដងជាពីរដង ទីក្រុងប៉េកាំងចោទទីក្រុងវ៉ាស៊ីនតោនថា មិនទាន់ជម្រុះចោលមនោគមន៍សម័យសង្រ្គាមត្រជាក់ និងលូកលាន់កិច្ចការផ្ទៃក្នុងចិនឥតឈប់ទាំងពីសំណុំរឿងស៊ីនជាំង ហុងកុង តៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ គណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិក ទើបអនុម័តសេចក្ដីស្នើច្បាប់មួយដែលពង្រឹងសមត្ថភាពអាមេរិកក្នុងការប្រកួតប្រជែងជាមួយចិន។
 
លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ និយាយថា អនាគតទំនាក់ទំនងចិន-អាមេរិក អាស្រ័យលើអាមេរិកអាចទទួលការងើបឡើងដោយសន្តិភាពបានឬអត់ ហើយទទួលស្គាល់សិទ្ធរបស់ប្រជាជនចិនក្នុងការជ្រើសរើសផ្លូវដើរសម្រាប់ខ្លួនឯងបានឬអត់។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រមុខការទូតចិនរូបនេះ ស្នើឱ្យអាមេរិកធ្វើការជាមួយចិន និងគោរពជម្រើសរបស់ចិនវិញ ព្រោះប្រជាធិបតេយ្យ មិនមែនជាកូកាកូឡាដែលមានរសជាតិដូចគ្នាលើពិភពលោកឡើយ។
 
អ្នកការទូតចិនក៏មិនភ្លេចនិយាយការពារចិនលើបញ្ហារសើបៗដែរ។ ចំពោះបញ្ហាតៃវ៉ាន់ដែលចិនចិញ្ចឹមចិនចង់បាន លោក វ៉ាង ប្រាប់អ្នកចូលរួមថា ការប្រើសន្លឹកបៀតៃវ៉ាន់ ជាការប្រលែងនឹងភ្លើង ហើយអាមេរិកត្រូវគោរពឱ្យខ្ជាប់ខ្ជួនគោលនយោបាយចិនតែមួយ។ ទាក់ទងហុងកុងវិញ អាមេរិកគួរគោរពការប្រឹងប្រែងរបស់ចិនក្នុងការអនុវត្តគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ។ កន្លងទៅ អាមេរិកបានដាក់ទណ្ឌកម្មមន្រ្តីហុងកុងជាច្រើនរូប បន្ទាប់ការធ្លាក់ចុះស្វ័យភាពរបស់ទីក្រុងនេះ។
 
តាមពិតទៅ ការអធិប្បាយរបស់លោក វ៉ាង ជាការរំឭកអាមេរិកពីជំហររបស់ចិនលើបញ្ហាសំខាន់ៗ និងទំនាក់ទំនាក់ទំនងទ្វេភាគីចិន-អាមេរិកផងដែរ។ រដ្ឋមន្រ្តីការបរទេសចិន ទំនងចង់ផ្ញើសារថា អាមេរិកមិនប្រើកម្លាំង និងឥទ្ធិពលរបស់ខ្លួនដើម្បីតទល់នឹងចិនឡើយ តែត្រូវមានគោលនយោបាយមួយដែលស្របតាមការវិវត្តរបស់ចិនវិញ៕
 
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com