ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជា ត្រៀមខ្លួនជាមួយអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលមកប្រក្រតីភាពវិញ
24, Apr 2021 , 9:25 pm        
រូបភាព
មេដឹកនាំអាសា៊ន ជួបប្រជុំទល់មុខជាមួយគ្នា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយលើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និង នាយករដ្ឋមន្រ្តីថៃ ដែលមិនបានចូលរួម។ ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ លើសាកលលោកមក វា ជាលើកទី១ហើយ ដែលមេដឹកនាំអាស៊ាន សម្រេចចិត្តជួបប្រជុំជាមួយគ្នាដោយផ្ទាល់បែបនេះ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
មេដឹកនាំអាសា៊ន ជួបប្រជុំទល់មុខជាមួយគ្នា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយលើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និង នាយករដ្ឋមន្រ្តីថៃ ដែលមិនបានចូលរួម។ ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ លើសាកលលោកមក វា ជាលើកទី១ហើយ ដែលមេដឹកនាំអាស៊ាន សម្រេចចិត្តជួបប្រជុំជាមួយគ្នាដោយផ្ទាល់បែបនេះ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
នៅចំពោះមុខបណ្តាមេដឹកនាំអាស៊ាន ដោយមានទាំងវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេយោធាកំពូល ដែលដឹកនាំធ្វើរដ្ឋប្រហារនិងកំពុងក្តាប់អំណាចនៅមីយ៉ាន់ម៉ាផងនោះ មេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា «ឲ្យត្រឡប់មករកប្រក្រតីភាពឡើងវិញ»។



ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខជាមួយបណ្តាមេដឹកនាំអាស៊ាន នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងជំនួបជាមួយបណ្តាមេដឹកនាំអាស៊ាន ត្រូវបានមន្រ្តីស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចផ្ទាល់។

សម្តេចប្រមុខរដ្ឋាភិបាល លើកជាយោបល់ថា ការចូលរួមជួយមីយ៉ាន់ម៉ា ឲ្យវិលមករកប្រក្រតីភាពឡើងវិញ គឺអាចធ្វើឡើងតាមទម្រង់ណាមួយ ដែលអនុលោមទៅតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគី អាចទទួលយកបាន។ អ្វីដែលសម្តេច លើកឡើងនៅចំពោះមុខមេដឹកនាំអាស៊ាន គឺស្ថិតក្នុងន័យតែមួយជាមួយនឹងខ្លឹមសានៃសេចក្តីថ្លែងការណ៍ ដែលចេញដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍នោះ សរសេរថា កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ឲ្យដើរមករកប្រក្រតីភាពឡើងវិញ ទោះជាតាមរយៈតួនាទីនិងទម្រង់ណាមួយក្តី ដែលស្របតាមគោការណ៍អាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងលើ សម្តេច ហ៊ុន សែន លើកឡើងថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ សម្តេច ចាត់ទុកស្ថានការណ៍នៅមីយ៉ាន់ម៉ា ថា «កាន់តែមានសភាពស្រួចស្រាល់ និងស្មុគស្មាញគួរឲ្យព្រួយបារម្ភ»។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅមេដឹកនាំអាស៊ានថា កម្ពុជា គាំទ្រតួនាទីរបស់ប្រធានអាស៊ាន ក្នុងការសម្របសម្រួល ក៏ដូចជាអគ្គលេខាធិការអាស៊ាន និង រដ្ឋជាសមាជិកអាស៊ាន ដែលអាចដើរតួនាទីជាបេសកជនពិសេសរបស់អាស៊ាន ក្នុងការជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ និងទប់ស្កាត់ «កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប»។

មេដឹកនាំកម្ពុជា បង្ហាញការយល់ឃើញរបស់ខ្លួនអំពីបញ្ហានៅមីយ៉ាន់ម៉ា ទៅកាន់មេដឹកនាំអាស៊ានដូច្នេះថា៖«បើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ»។


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ពាក់ម៉ាស់ពណ៌ស) និង លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ ស្ថិតក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន។

យ៉ាងណាក៏ដោយចុះ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជំហរថា កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នានោះទេ។ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា មិនមែនជាគោលជំហរដែលមេដឹកនាំកំពូលរបស់កម្ពុជា ទើបនឹងប្រកាសនៅពេលនេះឡើយ។ ក្នុងវេទិកាសាធារណៈមួយ កាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ពោលគីចំថ្ងៃដែលរដ្ឋប្រហារកើតឡើងនៅមីយ៉ាន់ម៉ា មេដឹកនាំកម្ពុជា បានប្រកាសម្តងរួចមកហើយថា កម្ពុជា  មិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ មិនថា ក្នុងក្របខ័ណ្ឌអាស៊ាន ឬប្រទេសដទៃ ក្រៅពីអាស៊ាន។

ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់ សម្តេច ហ៊ុន សែន បានរៀបចំត្រឡប់មកកម្ពុជាវិញភ្លាម ខណៈកម្ពុជា ក៏កំពុងជួបការលំបាក់ខ្លាំងដែរ ដោយសារការរាលដាលជំងឺកូវីដ-១៩។ សម្តេច ផ្តល់ព័ត៌មានលើទំព័រហ្វេសប៊ុក នៅម៉ោងជិត៧យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា សម្តេច និងគណៈប្រតិភូ កំពុងធ្វើដំណើរមកកម្ពុជាវិញ។ សម្តេច និងគណៈប្រតិភូមិ ធ្វើដំណើរទៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែមេសាម្សិលមិញ ដើម្បីចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ាន។ បច្ចុប្បន្ន ប្រុយណេ កំពុងកាន់តំណែងជាប្រធានអាស៊ាន។ ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និង នាយករដ្ឋមន្រ្តីថៃ ពុំបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះឡើយ។

បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន បណ្តាមេដឹកនាំអាស៊ាន បាននាំគ្នាពិភាក្សាយ៉ាផុសផុលពីបញ្ហាតំបន់និងបញ្ហាអន្តរជាតិ ជាពិសេសការវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា។ ហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីសារ:សំខាន់នៃការស្តារឡើងវិញឲ្យបានឆាប់នូវបរិយាកាសស្ថិរភាពនៅមីយ៉ាន់ម៉ា ដើម្បីសុខដុមរមនារបស់ប្រជាជនមីយ៉ាន់ម៉ា។ 

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រើពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ក្នុងការធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាម និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការ ជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក  Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។

វា មានរយៈពេលជិត៣ខែហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋមីយ៉ាន់ម៉ាជាង៧០០នាក់ហើយ ដែលត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកម្ម។

មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ ថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ ក្នុងពេលឆាប់ៗ។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោតសាកល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។

មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ គេ អាចនិយាយបានថា មីយ៉ាន់ម៉ា បានវិលទៅរករបបយោធាសាជាថ្មី៕

Tag:
 ហ៊ុន សែន
  កម្ពុជា
  ដំណោះស្រាយនៅមីយ៉ាន់ម៉ា
  កិច្ចប្រជុំកំពូលអាសាន
© រក្សាសិទ្ធិដោយ thmeythmey.com