សង្គមអន្តរជាតិ​
អន្តរជាតិ
ដើម្បីបានសិទ្ធិឈប់សម្រាកយូរ គូស្នេហ៍មួយនៅតៃវ៉ាន់ រៀបការ៤ដង និងលែងលះ៣ដង
25, Apr 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
គូស្នេហ៍វ័យក្មេងមួយគូនៅតៃវ៉ាន់ បានរកនឹកឃើញវិធីសាស្ត្រដ៏ប្លែកមួយ ដើម្បីពន្យាពេលសម្រាកពីការងារឲ្យបានយូរ ជាពិសេសសម្រាប់រាត្រីទឹកឃ្មុំរបស់ខ្លួន។ ក្នុងអំឡុងពេលតែជាង១មួយខែប៉ុណ្ណោះ ពួកគេរៀបការជាមួយគ្នា៤លើក និងលែងលះគ្នា៣លើក។



ជារឿងមួយដែលមិនធ្លាប់មានទាល់តែសោះ។ នេះជាការអះអាងរបស់នាយកដ្ឋានការងារតៃវ៉ាន់ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។ នាអំឡុងពេលត្រឹម៣៧ថ្ងៃ បុរសតៃវ៉ាន់ម្នាក់ បានរៀបការជាមួយនារីម្នាក់ដល់ទៅ៤លើក និងលែងលះគ្នា៣លើក។ រាល់ពិធីរៀបអាពាហ៍ពិពាហ៍ម្តងៗ បុរសនោះទាមទារសិទ្ធសម្រាកពេញរយៈពេល៨ថ្ងៃក្នុង១លើក។

នៅតៃវ៉ាន់ ក្រុមហ៊ុនទាំងអស់ត្រូវផ្តល់សិទ្ធិស្របច្បាប់ដល់បុគ្គលិកខ្លួន ឲ្យសម្រាករយៈពេល៨ថ្ងៃដោយមិនកាត់ប្រាក់បៀវរត្ស សម្រាប់ការរៀបអាពាហ៍ពិពាហ៍។ បុគ្គលិកនោះបានឆ្លៀតកេងចំណេញលើភាពខ្វះចន្លោះនៃច្បាប់ ដោយសារតែក្នុងច្បាប់មិនបានចែងពីចំនួននៃការរៀបអាពាហ៍ពិពាហ៍នោះឡើយ។

រឿងរ៉ាវបានកើតឡើងកាលពីឆ្នាំមុន ហើយបានបែកធ្លាយ បន្ទាប់ពីបុគ្គលិកធនាគារដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនោះ ទៅប្តឹងនាយកដ្ឋានការងារតៃវ៉ាន់ ដើម្បីទាមទារប្រាក់ខែពេញរយៈពេល៣២ឆ្នាំ ខណៈខាងធនាគារបើកឲ្យគេបានតែ៨ថ្ងៃប៉ុណ្ណោះ។

ក្រោយទទួលបានបណ្តឹង នាយកដ្ឋានការងារតៃវ៉ាន់ បានពិន័យខាងធនាគារចំនួន២ម៉ឺនដុល្លាតៃវ៉ាន់ (៦៧០ដុល្លារអាមេរិក) ពីបទរំលោភសិទ្ធិឈប់សម្រាករបស់បុគ្គលិក។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីធនាគារបង់ឲ្យតែរយៈពេលសម្រាកតែ៨ថ្ងៃប៉ុណ្ណោះ ដោយចោទបុគ្គលិកខ្លួនថា រំលោភច្បាប់ការងារ។

អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាសម្តែងការហួសចិត្តយ៉ាងខ្លាំងទាក់ទងនឹងការសម្រេចរបស់នាយកដ្ឋានការងារតៃវ៉ាន់ ដោយអ្នកខ្លះបានចំអកថា បុគ្គលិកនោះគួរតែរៀបការ ហើយលែងលះរាល់ថ្ងៃ ដើម្បីបានសិទ្ធិឈប់សម្រាករហូត។ អ្នកខ្លះថា គេគួរតែសុំច្បាប់ឈឺ ប្រសើរជាងច្បាប់រៀបអាពាហ៍ពិពាហ៍។

ក្រោយរងការរិះគន់ខ្លាំង នាយកដ្ឋានការងារតៃវ៉ាន់ បានសម្រេចលុបចោលការពិន័យរបស់ខ្លួនទៅលើធនាគារ ដោយទទួលស្គាល់ថា ខុសបច្ចេកទេស។ មន្ត្រីម្នាក់បានប្រាប់ AFP ថា បុគ្គលិកដែលបានលាឈប់ពីការងារនៅធនាគារហើយនោះ នៅតែមិនអស់ចិត្ត ហើយនៅតែចង់ទាមទារប្រាក់បៀវរត្សសម្រាប់រយៈពេល២៤ថ្ងៃបន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com