ជាតិ
លោក ស៊ុយ លីនប៉ាវ អនាគតស្ថាបត្យករដែលចូលចិត្តដងប៉ាកកា
25, Apr 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ លោក ស៊ុយ លីនប៉ាវ ជាកវីនិពន្ធវ័យក្មេងម្នាក់ និងជានិស្សិត ផ្នែកស្ថាបត្យកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក លីនប៉ាវ បានចាប់ផ្ដើមពីការនិពន្ធរឿងខ្លីៗ បង្ហោះតាមគណនីហ្វេកប៊ុករបស់ខ្លួន បានធ្វើឱ្យនិស្សិតឆ្នាំទី៥រូបនេះ វិវត្តន៍ខ្លួនក្លាយជាអ្នកនិពន្ធ មុនជាស្ថាបត្យករ។ ដ្បិតមានបទពិសោធន៍ក្មេងខ្ចី ប៉ុន្តែយុវជនវ័យ២២ ឆ្នាំរូបនេះ យល់ថា ស្នាដៃរឿងប្រលោមលោក និងរឿងអប់រំកុមាររបស់ខ្លួន ជាផ្នែកមួយ ក្នុងការរួមចំណែកបង្កើនការអាននៅកម្ពុជា។



លោក ស៊ុយ លីនប៉ាវ ជាអ្នកនិពន្ធរឿងបែបប្រលោមលោក និងរឿងអប់រំកុមារ។ តាមពិតទៅពីដំបូង លីនប៉ាវ មិនដែលប៉ង ចង់ក្លាយជាអ្នកនិពន្ធឡើយ។ គឺលោកចង់ធ្វើជាស្ថាបត្យករ ដែលត្រូវនឹងជំនាញកំពុងសិក្សានៅសកលវិទ្យាល័យ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយុវជនរូបនេះ ក្លាយជាអ្នកនិពន្ធ គឺផ្តើមចេញពីការអានសៀវភៅមួយក្បាលរបស់អ្នកនិពន្ធ សុខ ចាន់ផល ក្រោមចំណងជើងថា«ខែរងា»។ ជាសិស្សពូកែខាងផ្នែកវិទ្យាសាស្រ្ត ក្រោយអានរឿងប្រលោមលោកជាលើកដំបូង លីនប៉ាវ បានស្ញប់ស្ញែងនឹងស្នាដៃកវីនិពន្ធដ៏ល្បីរូបនេះ ក៏សាកល្បងរៀននិពន្ធប្រលោមលោកដោយខ្លួនឯងដែលមានចំណងជើងថា «ដំបូលផ្ទះស្រី»។ កាលណោះស្នាដៃនេះ លីនប៉ាវ បានយកបង្ហោះតាមគណនីហ្វេសប៊ុកខ្លួន ដើម្បីឱ្យមិត្តភក្តិក្នុងបណ្ដាញសង្គមអានកម្សាន្ត។


 
នៅចុងឆ្នាំ២០១៧ ដោយមានការជំរុញពីមិត្តភក្តិ លីនប៉ាវ បានយករឿងប្រលោមលោកដំបូងដែលខ្លួនបាននិពន្ធលេង ដាក់ពាក្យចូលរួម ដើម្បីបានចូលរៀនវគ្គបណ្ដុះបណ្ដាលតែងនិពន្ធមួយ។ ជាឱកាស គណៈកម្មការ បានជ្រើសរើសលីនប៉ាវ ជាសិក្ខាកាមរៀនវគ្គតែងនិពន្ធរយៈពេល៩ខែ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល លីនប៉ាវ និងសិក្ខាកាមរួមជំនាន់ ចំនួន៩នាក់ទៀត បានបង្កើត ក្រុមតែងនិពន្ធវ័យក្មេងមួយឈ្មោះ «ទសប៉ាកកា» ដោយមានការជួយជ្រោមជ្រែងពីគ្រូបង្រៀនតែងនិពន្ធក្នុងវគ្គបណ្ដុះបណ្ដាលនោះផងដែរ។ «ខ្ញុំគិតថា នេះជាការបើកផ្លូវមួយ ដើម្បីឱ្យខ្ញុំឈានជើងទៅវិស័យតែងនិពន្ធ»។ នេះជាការបញ្ជាក់របស់លោក លីនប៉ាវ។
 
ប្រឡូកក្នុងវិស័យនេះកាន់តែជ្រៅ ធ្វើឱ្យនិស្សិតវ័យ២២ឆ្នាំរូបនេះ កាន់តែដក់ចិត្តស្រលាញ់ការតែងនិពន្ធ។ លោកជឿថាការងារនេះបានជួយអភិវឌ្ឍន៍ដល់សង្គមកម្ពុជា តាមរយៈការជួយបង្កើនការអាន។ «បើសង្គមមួយសម្បូរអ្នកអាន សង្គមមួយនោះសម្បូរដោយបញ្ញវន្ត»។ 
 


លីនប៉ាវ បានចាប់យកអាជីពតែងនិពន្ធអស់រយៈពេល៣ឆ្នាំមកហើយ។ ស្នាដៃនិពន្ធរឿងសម្រាប់កុមារ និងរឿងប្រលោមលោក របស់លោករួមមាន កូនអ្នករើសសំរាម, សារិកាតូច, បណ្ដឹងគីង្គក់, មានលុយបាត់ម៉ែ, ចរិយាយក្សកំណាច, កូនស្វាតូចនិងហ្មដំរី និងបឹងអតីតជាដើម។ ក្រៅពីរឿងបោះពម្ភផ្សាយ លីនប៉ាវ ក៏មានស្នាដៃរឿងប្រលោកលោកខ្លីៗ ជាច្រើនបង្ហោះតាមហ្វេកប៊ុក។  ភាគច្រើនជារឿងបែបកំប្លែង ដែលឲ្យអ្នកអានហើយសប្បាយចិត្តកាត់បន្ថយអារម្មណ៍ស្មុគស្មាញពីការសិក្សានិងការងារ។
 
ទោះបីចាប់ផ្ដើម អាជីពនេះដោយចៃដន្យក៏ពិតមែន ប៉ុន្តែលីនប៉ាវ មិនបានធ្វើដោយចុងដៃចុងជើងឡើយ។  អ្នកនិពន្ធរូបនេះ បានអះអាងថា ខ្លួនបានប្រឹងរៀនសូត្រ ស្រាវជ្រាវចំណេះដឹងបន្ថែម និងសម្ភីដុសខាត់សមត្ថភាពតាមរយៈការចូលរួមប្រកួតតែងនិពន្ធក្នុងកម្មវិធីជាច្រើន ដើម្បីទទួលបានបទពិសោធន៍ អភិវឌ្ឍន៍ចំណេះតែងនិពន្ធរបស់ខ្លួន។
 
ជាមួយគ្នានេះ ក្នុងនាមជា អ្នកនិពន្ធ និងជាយុវជនជំនាន់ក្រោយ លោក លីនប៉ាវ ចង់ឱ្យយុវជន ងាកមកស្រលាញ់ការអាន ព្រោះមានតែការអានទេ ទើបធ្វើឲ្យមនុស្សអាចអភិវឌ្ឍន៍គំនិតនិងសមត្ថភាព។ យុវជនមកពីខេត្តកំពង់ធំរូបនេះបានអះអាងដូច្នេះ៖ «ការអានទាំងអស់សុទ្ធតែល្អ មិនថាជាការអានកាសែត ប្រលោមលោក បែបទស្សនៈវិទ្យា។ ខ្ញុំរាប់ថា ពិតជាមានសារសំខាន់ និងចាំបាច់បំផុត ដោយលើសពីការជួយឱ្យចេះសរសេរខ្មែរត្រឹមត្រូវ រាល់ការអានទាំងអស់ យើងតែងតែទទួលបានអ្វីមួយមកវិញ ដែលជាតម្លៃអប់រំ បទពិសោធន៍ជីវិត ការកម្សាន្ត ឬក៏ជាផ្លូវមួយធ្វើឱ្យយើងឆ្ពោះទៅភាពល្អប្រសើរ»។ 
 
ងាកមកការសិក្សារបស់និស្សិតផ្នែកស្ថាបត្យកម្មនេះវិញ សល់ពេលមិនយូរប៉ុន្មានលោកនឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលត្រូវរៀនរយៈពេល៥ឆ្នាំ។ ក្រោយរៀនចប់ លីនប៉ាវ នឹងចាប់ផ្តើមការងារជាស្ថាបត្យករ ដែលត្រូវនឹងជំនាញដែលខ្លួនកំពុងសិក្សា ប៉ុន្តែលោកសន្យាថា នៅតែបន្តអាជីពតែងនិពន្ធ ដើម្បីជួយលើកកម្ពស់ការអាននៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕


 

Tag:
 និពន្ធ
  ស៊ុយ លីនប៉ាវ
© រក្សាសិទ្ធិដោយ thmeythmey.com