COVID-19
ជាតិ
មន្ទីរពេទ្យឯកជននៅភ្នំពេញ អាចទទួលព្យាបាលអ្នកជំងឺកូវីដ-១៩
25, Apr 2021 , 1:12 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ ថតដោយ ប៉ាន់ បូនី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ ថតដោយ ប៉ាន់ បូនី
មិនត្រឹមតែត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តរកវីរុសកូវីដ-១៩ទេ មន្ទីរពេទ្យឯកជននៅរាជធានីភ្នំពេញ អាចទទួលអ្នកជំងឺកូវីដ-១៩យកទៅព្យបាលថែមទៀត ខណៈកាលពីមុនមិនត្រូវបានអនុញ្ញាត។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អះអាងថា ការអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជននៅរាជធានីភ្នំពេញ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ គឺដើម្បីជួយសម្រួលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។

កាលពីថ្ងៃទី២២ ខែមេសា លោករដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជននៅទូទាំងប្រទេស អាចធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈការប្រើឧបករណ៍ធ្វើតេស្ត Rapid Agent Test COVID-19។ ប៉ុន្តែ សេចក្តីសម្រេចរបស់លោក នៅថ្ងៃ២៥ ខែមេសានេះ គឺអនុញ្ញាតឲ្យតែមន្ទីរពេទ្យឯជននៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

ឧបករណ៍វេជ្ជសាស្រ្ត Rapid Agent Test COVID-19 គឺអាចប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ ក្នុងការដឹងលទ្ធផលថា បុគ្គលណាម្នាក់ ផ្ទុកជំងឺកូវីដ-១៩ ឬក៏អត់។ កន្លងមក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពិសោធន៍ផ្សេងទៀតនៅកម្ពុជា ប្រើពេលដល់ទៅ១ថ្ងៃ ឬ២ថ្ងៃ ឬអាចឈានដល់៣ថ្ងៃ ក្នុងការដឹងលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩។

ចំពោះការអនុញ្ញាតឲ្យមន្ទីរពេទ្យឯជននៅរាជធានីភ្នំពេញ ទទួលសិទ្ធិព្យាបាលអ្នកជំងឺកូវីដ-១៩ គឺស្ថិតក្នុងស្ថានការណ៍ដែលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា កើនឡើងកាន់តែច្រើន ហើយអ្នកជំងឺកូវីដ-១៩ ដែលមានចំនួនច្រើនបំផុតនោះ គឺនៅរាជធានីភ្នំពេញនេះឯង។ ដោយសារតែចំនួនអ្នកជំងឺកូវីដ-១៩ កើនឡើងជាគំហុកបែបនេះហើយ ទើបធ្វើឲ្យមន្ទីរពេទ្យរដ្ឋនិងកន្លែងព្យាបាលផ្សេងទៀត ដែលរដ្ឋាភិបាលរៀបចំកន្លងមក មិនអាចផ្ទុកអ្នកជំងឺកូវីដ-១៩អស់ ជាហេតុធ្វើឲ្យរដ្ឋាភិបាលស្វះស្វែងរកទីតាំងបន្ថែម ដើម្បីរៀបចំធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

ជាក់ស្តែងទីតាំង២របស់រដ្ឋ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានយកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន។ ក្រៅពីនេះ ទីតាំងឯកជនមួយចំនួន ក៏ក្លាយជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែរ ដូចជា មជ្ឈមណ្ឌលកោះពេជ្រ និង មជ្ឈមណ្ឌល ដឹព្រីមៀរ សម្រាប់ជួលឲ្យគេរៀបចំពិធីអាពាហ៍ពិពាហ៍និងពិពីផ្សេងៗ បានឲ្យរដ្ឋាភិបាលខ្ចីជាបណ្តោះអាសន្ន ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ទំនងជាខ្វះដែរ។ ដូច្នេះហើយ ទើបក្រសួងសុខាភិបាល យកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៤០នាក់ពីខេត្តកំពង់ចាម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៤០នាក់ពីខេត្តកំពង់ស្ពី មកកាន់រាជធានីភ្នំពេញ ដើម្បីជួយព្យាបាលអ្នកជំងឺកូវីដ-១៩៕

Tag:
 COVID-19
  មន្ទីរពេទ្យឯកជន
  ព្យាបាលអ្នកជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com