ជាតិ
សេដ្ឋកិច្ច
អ្នកស្រី អ៊ិន ឡៃហួត នឹងនាំគ្រាប់ស្វាយចន្ទីកែច្នៃទៅប្រទេសជប៉ុន នៅចុងខែមេសានេះ
25, Apr 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកែច្នៃពាក់កណ្តាលសម្រេច ចំនួន ៨តោន របស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ នៅក្នុងខេត្តកំពង់ធំ នឹងត្រូវនាំចេញទៅកាន់ប្រទេសជប៉ុនជាលើកដំបូង នៅក្នុងចុងខែមេសានេះ។ នៅខែបន្ទាប់ សិប្បកម្មដដែលនេះ គ្រោងនាំចេញទៅក្នុងបរិមាណ ១០តោនបន្ថែមទៀត។ នេះបើតាម អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ដោយអ្នកស្រី បន្តបញ្ជាក់ប្រាប់ Thmeythmey25 ថាក្នុងឆ្នាំនេះ សិប្បកម្មរបស់ខ្លួន គ្រោងនាំចេញគ្រាប់ស្វាយចន្ទីរពី ៤០០តោន ទៅ១០០តោន ទៅជប៉ុន ដោយមានកិច្ចព្រមព្រៀងទិញ-លក់ជាមួយក្រុមហ៊ុនជប៉ុន Top Planning។



សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ គ្រោងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពាក់កណ្តាលសម្រេចចំនួន ៨តោន ក្នុងដំណាកកាលដំបូង ទៅកាន់ប្រទេសជប៉ុន នៅចុងខែមេសានេះ។ អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថានៅដំណាក់កាលទី២ សិប្បកម្មគ្រោងនាំចេញទៅជប៉ុន ក្នុងបរិមាណ១០តោនទៀត។ «ដំណាក់កាលដំបូងនេះ យើងនឹងនាំគ្រាប់ស្វាយចន្ទីចេញ ៨តោន។ ហើយនៅខែបន្ទាប់ ជាដំណាក់កាលទី២ យើងគ្រោងនាំចេញគ្រាប់ស្វាយចន្ទី ១០តោន និងនាំចេញជាបន្តបន្ទាប់ទៅប្រទេសជប៉ុន»។ នេះបើតាមការអះអាងរបស់អ្នកស្រី អ៊ិន ឡៃហួត។


រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន 

តាមពិតទៅ គម្រោងនាំចេញគ្រាប់ស្វាយចន្ទីដែលកែច្នៃពាក់កណ្តាលសម្រេច ទៅកាន់ប្រទេសជប៉ុនរបស់សិប្បកម្មនេះ បានពន្យារពេល ២លើករួចមកហើយ ដោយសារភាពស្ថានភាពការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អ្នកស្រីសង្ឃឹមថា ការនាំចេញគ្រាប់ស្វាយចន្ទីដំណាក់កាលទី១នេះ នឹងជោគជ័យ បន្ទាប់ពីនោះការនាំចេញផលិតផលនេះ ទៅប្រទេសជប៉ុននឹងមានជាបន្តបន្ទាប់។
 
សហគ្រិនស្រ្តីរូបនេះ បានឱ្យដឹងទៀតថា ការនាំគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុនរបស់សិប្បកម្មខ្លួន គឺទទួលបានការសហការ ពីក្រុមហ៊ុនជប៉ុន Top Planning និងការគាំទ្រពីក្រសួងកសិកម្មផង ។ កន្លងមកក្រុមហ៊ុន Top planning Japanនេះ ក៏បានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដើម្បីសាងសង់ និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទីដែរ។  តាមគម្រោងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ជាមួយក្រុមហ៊ុន Top planning Japan នឹងរួមគ្នាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទី កែច្នៃទៅប្រទេសជប៉ុន ឱ្យបានពី៤០០ ទៅ១០០០តោន នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមអ្នកស្រី អ៊ិន ឡៃហួត។
 



ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានជួយឲ្យប្រមាណ ៧០នាក់ មានការងារធ្វើ ដោយមិនចាំបាច់ត្រូវចំណាកស្រុកទៅធ្វើការងារឆ្ងាយពីផ្ទះ។ អ្នកស្រី ឡៃហួត បានបញ្ជាក់ថា បុគ្គលិក រួមនឹងកម្មករ ក្នុងសិប្បកម្មលោកស្រី ៨០ភាគរយជាស្រ្តីមេផ្ទះ។
 
សម្រាប់តម្លៃដែលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ នាំចេញទៅប្រទេសជប៉ុន មានទៅតាមប្រភេទរបស់ស្វាយចន្ទី ក្នុងនោះមានតម្លៃ១២,៥ដុល្លារ ក្នុងមួយគីឡូក្រាម តម្លៃ១០,៥ដុល្លារ ក្នុងមួយគីឡូក្រាម តម្លៃ៨,៥ដុល្លារ ក្នុងមួយគីឡូក្រាម និង ៦,៥ដុល្លារ ក្នុងមួយគីឡូក្រាម។
 
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៨ ០៦២តោន ទៅកាន់ទីផ្សារអន្តរជាតិ៕
 
 
 
 
 
 
 

Tag:
 ស្វាយចន្ទី
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com