ជាតិ
តើសំណង់បុរាណ ឬសំណង់បេតិកភណ្ឌ ខូចខាតដល់កម្រិតណា ទើបមិនអាចរក្សាទុកបន្តបាន?
26, Apr 2021 , 8:29 am        
រូបភាព
ភ្នំពេញ៖ សំណង់ស្ថាបត្យកម្ម ដែលមានអាយុកាលលើស១០០ឆ្នាំ អាចហៅបានជាសំណង់បុរាណ ហើយសំណង់ស្ថាបត្យកម្មដែលមានអាយុកាល ចាប់ពី៥០ឆ្នាំឡើងទៅ អាចហៅបានថាជាសំណង់បេតិកភណ្ឌ។  សំណង់ទាំងនោះអាចរងការខូចខាតនៅផ្នែកណាមួយ ឬខូចខាតទាំងស្រុក ដោយសារអាយុកាល ដោយសារគុណភាពសំណង់ ដោយសារអាកាសធាតុ ឬដោយសារធម្មជាតិជាដើម។ តើសំណង់បុរាណ ឬសំណង់បេតិកភណ្ឌ រងការខូចខាតដល់កម្រិតណា ទើបមិនអាចរក្សាឱ្យនៅបន្តបាន?









លោក គូ វិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សំណង់ដែលមានអាយុកាលយូរ ហើយចាស់ទ្រុឌទ្រោម ដោយមិនអាចបន្តរក្សាបាន ត្រូវ ផ្អែកលើ៥ចំណុចសំខាន់ៗ។ ចំណុចទី១ ពាក់ព័ន្ធនឹងគុណភាពសំណង់ ដោយមានកត្តាច្រើន ដែលនាំឱ្យសម្ភារសំណង់មានការខូចខាត គឺអាកាសធាតុ បរិស្ថាននៅជុំវិញ និងភ្លៀងខ្យល់ជាដើម។ ទី២ការថែទាំ ទី៣អាយុកាលសំណង់ ទី៤បច្ចេកទេសនៃការប្រើប្រាស់សំណង់ និងទី៥ហានិភ័យរបស់សំណង់។
 
មុនឈានដល់ការវាយសំណង់បុរាណ ឬសំណង់បេតិកភណ្ឌណាមួយចោល លុះត្រាណាមានទិន្នន័យច្បាស់លាស់ ពីមន្ត្រីជំនាញជាមុនសិន ដោយមានការធ្វើផែនទីហានិភ័យ។ ទិន្នន័យនោះ គឺបានមកពីការសិក្សាវិភាគ និងវាយតម្លៃជាក់ស្ដែងរបស់សំណង់។ ទោះជាយ៉ាងណា គេនៅតែអាចថែរក្សាសំណង់ដែលមានអាយុកាលវែង ឱ្យនៅឈរដូចដើរបាន ប្រសិនបើសំណង់ទាំងនោះគ្រាន់តែខូចខាតនៅផ្នែកណាមួយ ដោយអាចជួសជុលនៅផ្នែកនោះ។
 
លោក គូ វិត បញ្ជាក់បន្ថែមដូច្នេះ៖«យើងមិនអាចរក្សាទុកសំណង់បាន ព្រោះអ្នកជំនាញវាយតម្លៃថាសំណង់នោះអស់គុណភាព មិនអាចរក្សាទុកបាន ប្រឈមនឹងការដួលរលំ មកពីរចនាសម្ព័នរបស់សំណង់ខូចខាត ស្ទើរតែទាំងស្រុងដែលមិនអាចជួសជុលបាន និងមានហានិភ័យខ្ពស់សម្រាប់អ្នកនៅជុំវិញ។ ប៉ុន្តែមុននឹងវាយចោល ក៏យើងមានការចងក្រងជាឯកសារទុក និងថតរូបសំណង់និងទីតាំងនោះទុកដែរ។ ទោះជាយ៉ាងណា ប្រសិនបើស្ដាយ យើងអាចសាងសង់សំណង់ថ្មី នៅលើទីតាំងចាស់ ដោយរក្សារចនាបទដើម»។
 
ប្រធាននាយកដ្ឋានរូបនេះ ពន្យល់បន្ថែមថា គេពុំអាចមើលគុណភាពសំណង់មួយដោយភ្នែកទទេ ដោយមិនមានឧបករណ៍សម្រាប់វិភាគវាយតម្លៃជាក់លាក់ឡើយ។ លោក គូ វិត ក៏បានស្នើឱ្យសាធារណៈជន  ទៅមើលសំណង់ជាក់ស្ដែង ឱ្យឃើញថាសំណង់នោះ មានសភាពបែបណា ដោយកុំជឿតាមតែពាក្យគេថាតែម្យ៉ាង ដើម្បីបណ្ដុះក្ដីស្រឡាញ់ផង និងចូលរួមចំណែកថែរក្សាសំណង់ស្ថាបត្រកម្មខ្មែរផង៕
 

Tag:
 ជាតិ
  បេតិកភណ្ឌ
  វប្បធម៌
 សំណង់
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com