COVID-19
ជាតិ
សង្គមជាតិ
រមណីយដ្ឋានអង្គរ បើកឲ្យចូលទស្សនាវិញហើយ
25, Apr 2021 , 6:00 pm        
រូបភាព
រូបថតផ្តល់សិទ្ធិដោយ ប៊ុនហុង @NAGAEYESPHOTOGRAPHY
រូបថតផ្តល់សិទ្ធិដោយ ប៊ុនហុង @NAGAEYESPHOTOGRAPHY
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ អាចចូលទស្សនាក្នុងរមនីយដ្ឋានអង្គរបានឡើងវិញ ហើយការលក់សំបុត្រជូនភ្ញៀងបរទេស សម្រាប់ចូលទស្សនាក្នុងតំបន់អង្គរ ក៏ចាប់ផ្តើមឡើងវិញដែរ គឺពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះទៅតែម្តង។ នេះបើតាមសេចក្តីជូនដំណឹងរួមគ្នារបស់អាជ្ញាធរជាតិអប្សារានិងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៥ ខែមេសា។



ការបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងចាប់ផ្តើមលក់សំបុត្រជូនភ្ញៀងបរទេស សម្រាប់ចូលទស្សនាក្នុងរមណីយដ្ឋានអង្គរឡើងវិញនេះ ធ្វើឡើងក្រោយពីមានសេចក្តីសម្រេចយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី២៥ ខែមេសានេះ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចលុបបម្រាមធ្វើដំណើរនិងបម្រាមបើកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស។

ផ្អែកលើសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល ប្រជាពលរដ្ឋ អាចធ្វើដំណើរនៅទូទាំងប្រទេសឡើងវិញ ហើយរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏អាចបើកដំណើរឡើងវិញដែរ។ លើកលែងតែប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និង ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមិនទាន់អាចធ្វើដំណើរចេញចូលបាន ព្រោះភូមិសាស្រ្តរាជធានីភ្នំពេញ និងភូមិសាស្រ្តក្រុងតាខ្មៅនៃខេត្តកណ្តាល បន្តស្ថិតក្នុងការបិទខ្ទប់នៅឡើយ។ ប្រជាពលរដ្ឋក្នុងខេត្តឬតំបន់ផ្សេងទៀត ក៏មិនអាចធ្វើដំណើរចេញចូលបានដែរ បើខេត្តឬតំបន់នោះ ស្ថិតក្នុងការបិទខ្ទប់ ហើយរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តឬតំបន់បិទខ្ទប់ ក៏មិនទាន់អាចបើកដំណើរការបានដូចគ្នា។

រមណីយដ្ឋានអង្គរ ក៏ដូចជារមណីដ្ឋានទេសចរណ៍ផ្សេងទៀតនៅទូទាំងប្រទេសដែរ គឺត្រូវបានបិទដំណើរការអស់មួយរយៈពេលខ្លី តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ការសម្រេចផ្អាកការធ្វើដំណើរនិងផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេលមកនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

Tag:
 COVID-19
  បើកដំណើរការរមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com