កីឡាអន្តរជាតិ
អន្តរជាតិ
ស្មើ Leeds ធ្វើឱ្យ Man Utd ស្ទើតែអស់ឱកាសប្រជែងពាន Premier League ជាមួយ Man City
26, Apr 2021 , 9:34 am        
រូបភាព
Manchester United កាន់តែបើកផ្លូវឱ្យគូប្រជែង Manchester City លើកពាន Premier League រដូវកាលនេះហើយ បន្ទាប់ពីបានត្រឹមស្មើ Leeds United ០-០ នៅជំនួបលីគ នាយប់ថ្ងៃទី២៥ ខែមេសា។ ខណៈសល់៥ប្រកួតទៀតនឹងបញ្ចប់រដូវកាល ២០២០-២១ បិសាចក្រហមតាមពីក្រោយក្រុមកំពូលតារាងចំនួន១០ពិន្ទុ។


ឱកាសប្រជែងពានលីគកំពូលអង់គ្លេសរដូវកាល ២០២០-២១ របស់ Man Utd កាន់តែស្តួចស្តើង បន្ទាប់ពីរកបានតែមួយពិន្ទុប៉ុណ្ណោះពីក្រុម Leeds ក្នុងជំនួបសំខាន់នៅសប្តាហ៍ទី៣៣។ ក្រុមលោក Ole Gunnar Solskjaer ត្រូវការឈ្នះជាចាំបាច់នៅប៉ុន្មានប្រកួតចុងក្រោយ ប៉ុន្តែ Leeds មិនបន្ធូដៃឡើយ។
 
Leeds ដែលស្ថិតក្រោមការចាត់ការរបស់លោក Marcelo Bielsa មានការប្រកួតដ៏អស្ចារ្យ ដោយអាចរារាំងមិនឱ្យ Man Utd ដែលស្រែកឃ្លានជ័យជម្នះយ៉ាងខ្លាំង ស៊ុតបញ្ចូលទីខ្លួនសូម្បីមួយគ្រាប់។ នេះក៏ជាការបញ្ចប់ការឈ្នះរបស់បិសាចក្រហមផងដែរ ក្រោយពួកគេទទួលបានជ័យជម្នះ៥ប្រកួតជាប់ៗគ្នាចុងក្រោយ។
 
ឆ្លងកាត់ការប្រកួត៣៣លើក Man Utd រកបាន៦៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន១០ពិន្ទុ ខណៈការប្រកួតនៅសល់៥លើកទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះហើយ។ 
 
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យនៅសល់ឱកាសតិចតួចប៉ុណ្ណោះក្នុងប្រជែងយកពាន Premier League ស្របពេល៥ប្រកួតចុងក្រោយរបស់ពួកគេប៉ះក្រុមខ្លាំងដល់ទៅពីរ។ Man Utd ត្រូវប៉ះ Liverpool, Aston Villa, Leicester City, Fulham និង Wolves សម្រាប់៥ប្រកួតចុងក្រោយ។ យ៉ាងណាក៏ដោយ ក្រុមលោក Solskjaer មានភាគរយខ្ពស់សម្រាប់កៅអី Champions League រដូវកាលក្រោយ ដ្បិតនាំមុខក្រុមលេខ៣ Leicester City ៨ពិន្ទុ និងលេខ៤ Chelsea ៩ពិន្ទុ។
 
ដោយឡែក Man City ដែលទើបលើកពាន EFL Cup រដូវកាលនេះ និងជាការឈ្នះលើកទី៨របស់ពួកគេ ក៏ប៉ះក្រុមខ្លាំងពីរប្រកួតដែរចំណោម៥ប្រកួតចុងក្រោយ។ ជំនួបបន្តបន្ទាប់ក្រុមមេឃខៀវត្រូបជួប Crystal Palace, Chelsea, Newcastle United, Brighton និង Everton។
 
Everton (៥២), Spurs (៥៣ពិន្ទុ), Liverpool (៥៤ពិន្ទុ) និង West Ham (៥៥ពិន្ទុ) សុទ្ធតែមានឱកាសដើម្បីប្រជែងយកកៅអី Top 4 ជាមួយ Chelsea (៥៨ពិន្ទុ)  និង Leicester City (៥៩ពិន្ទុ) ដើម្បីបានលេងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។ ចំណែក Fulham និង West Bromwich Albion ស្ថិតនៅតំបន់ត្រូវកាត់ចោលដដែល៕
 
 
 
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com