COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​កម្ពុជា ទទូច​ទៅ​ប្រទេស​ធំៗ កុំ​ប្រមូល​ទិញ​វ៉ាក់សាំង និង​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​
26, Apr 2021 , 4:06 pm        
រូបភាព
ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ប្រទេស​ធំៗ ដែលមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នោះ កុំ​ប្រមូល​ទិញ​ស្តុក​ទុក ដែលនាំឱ្យ​ប៉ះពាល់​ដល់​ប្រទេស​អភិវឌ្ឍ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​នេះ​។ សម្ដេច ថ្លែង​បែបនេះ តាម​ប្រព័ន្ធ​វីដេអូ ទៅកាន់​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) នៅ​ថ្ងៃ​ទី​២៦ ខែមេសា​នេះ​។​


​ផ្ដើមនិយាយ​ពី​រឿង​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០២១​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​លើកឡើងថា ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​បន្ត​រំខាន​ដល់​ជីវភាព និង​ជីវិត​ពលរដ្ឋ​។​
 
​ទន្ទឹមនេះ​គម្លាត​នៃ​ការទទួលបាន​វ៉ាក់សាំង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍន៍ ក៏​អាច​បង្ក​ជា​ហានិភ័យ និង​រាំងស្ទះ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់ និង​សកល​ផងដែរ ពោល​គឺមាន​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ងើប​ឡើងវិញ​បាន​ប្រសើរ ខណៈដែល​ប្រទេស​ភាគច្រើន​ផ្សេងទៀត​បន្ត​រង​ផលប៉ះពាល់​ទាំង​ក្នុង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេដ្ឋកិច្ច​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​ដោយសារ​មើលឃើញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ប្រទេស​ធំៗ ដែលមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នោះ កុំ​ប្រមូល​ទិញ​ស្តុក​ទុក ដែលនាំឱ្យ​ប៉ះពាល់​ដល់​ប្រទេសកំពុង​អភិវឌ្ឍ ដែល​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ ក្នុងទិសដៅ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ជាពិសេស​មិនត្រូវ​ប្រើប្រាស់​វ៉ាក់សាំង ជា​ឧបករណ៍​នយោបាយ​ឡើយ​។​
 
​តាមរយៈ​សុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូ​ជាង​៦​នាទី ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថ្លែង​នៅ​ចំពោះមុខ​លោកស្រី អារ​មី​ដា សាល់​ស៊ី​យ៉ា អា​លី​សចា​បា​ណា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន ESCAP និង​មេដឹកនាំ​ដទៃទៀត ដូច្នេះ​៖«​កម្ពុជា​សូម​គូសបញ្ជាក់​ពី​សារៈសំខាន់ និង​ភាព​បន្ទាន់​នៃ​ការបែងចែក និង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌ និង​ថ្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​។ ជាមួយគ្នានេះ កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​មួយចំនួន កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវការ​របស់ខ្លួន (hoarding) និង​សូមកុំ​ឱ្យមាន​ការប្រើប្រាស់​វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ »​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ក្នុង​បរិបទ​នេះ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ង្រឹ​ង​គុណភាព និង​ប្រសិទ្ធភាពនៃ​ប្រព័ន្ធ​សុខាភិបាល គឺជា​ការងារ​អាទិភាព​បំផុត​សម្រាប់​ប្រទេស​ទាំងអស់​​។ សម្រាប់​នាយករដ្ឋមន្ត្រី​កម្ពុជា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិនេះ វា​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់ ​​ឆ្លើយតប​ជាបន្ទាន់ និង​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកល ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព កិច្ចសហការ និង​គោរព​គ្នា​ទៅវិញទៅមក​។​
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ផ្តល់​ទស្សនទាន ឱ្យ​មេដឹកនាំ​ទាំងអស់​បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម​ឱ្យ​កាន់តែ​ខ្លាំងក្លា ព្រមទាំង​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ធានាថា​ផលប្រយោជន៍ ។​
 
​សម្ដេច ក៏​ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ដោយ​ផ្តល់​អាទិភាព​ដល់​ការកសាង​រដ្ឋាភិបាល​ឌីជីថល និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ទូលំទូលាយ សម្រាប់​កំណើនសេដ្ឋកិច្ច​ថ្មី និង​ការប្រកួតប្រជែង ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​
 
​ការកសាង​ភាព​ធន់​ផ្នែក​សង្គម ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​, លើកកម្ពស់​សេវា​សុខភាព​សាធារណៈ និង​ប្រព័ន្ធ​គាំពារ​សង្គម ទាំង​គុណភាព និង​វិសាលភាព ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​វិបត្តិ ឬ​ហានិភ័យ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​នាពេល​អនាគត និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។ ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​លើកកម្ពស់​កិច្ចដំណើរការ​អាជីវក​ម្ម ក្នុង​សេដ្ឋកិច្ច​ផ្លូវការ និង​ធានា​ការទទួលបាន​ការគាំទ្រ ទាំង​ផ្នែក​គោលនយោបាយ និង​ហិរញ្ញប្បទាន ក៏ដូចជា​បច្ចេកទេស​គ្រប់គ្រង ដើម្បី​ជំរុញ​ការតភ្ជាប់​ទៅនឹង​ច្រវាក់​ផលិតកម្ម និង ការបម្រើ​ដល់​ឧស្សាហកម្ម​ធំៗ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧ របស់ UN-ESCAP ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​» ។ សន្និបាត​នេះ នឹង​វិភាគ​ពី​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ COVID-19 ដើម្បី​ចាត់វិធានការ​សកម្មភាព និង​ដាក់ចេញ​គោលនយោបាយ​ស្ដារឡើងវិញ ដូចជា​៖ ពង្រីក​កិច្ច​គាំពារ​សង្គម​, ការវិនិយោគ​សម្រាប់​ការ​ងើប​ឡើងវិញ​ប្រកបដោយ​ចីរភាព​, ពង្រឹង​ការផ្សាភ្ជាប់ និង​ចង្វាក់​ផ្គត់ផ្គង់ រួមទាំង​ជួសជុល​ទំនាក់ទំនង​បែកបាក់​ជាមួយ​ធម្មជាតិ​៕

Tag:
 COVID-19
  វ៉ាក់សាំង​
© រក្សាសិទ្ធិដោយ thmeythmey.com