អន្តរជាតិ
មេដឹកនាំយោធាមីយ៉ាន់ម៉ា បានជួបប្រេសិតពិសេស UN នៅហ្សាការតា តែគ្មានលទ្ធផល
26, Apr 2021 , 5:59 pm        
រូបភាព
លោកមីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា (ខាងឆ្វេង) និងលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា។ រូបភាព៖ Reuters និងAP
លោកមីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា (ខាងឆ្វេង) និងលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា។ រូបភាព៖ Reuters និងAP
មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង  បានជួបជាមួយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener នៅថ្ងៃទី២៤ ខែមេសា នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះ ប្រេសិតពិសេស UN បានស្នើទៅមេដឹកនាំយោធា ដើម្បីធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ប៉ុន្តែលោកមីន អ៊ុងឡាំង មិនបានឆ្លើយតបនឹងសំណើទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៦ ខែមេសា។


 
ក្រោយចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានជួបជាមួយលោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ 
 
ក្នុងកិច្ចសន្ទនាជាមួយប្រេសិតរបស់UN លោកអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បាននិយាយការពាររដ្ឋប្រហារយោធាក្រោមហេតុផលដដែលៗថា ដោយសារមានការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ 
 
បើតាម Nikkei Asia ដែលស្រង់ប្រភពអ្នកការទូតអាស៊ាន ក្នុងជំនួបនេះ លោកស្រីប្រេសិត UN ក៏បានស្នើទៅមេដឹកនាំយោធា ដើម្បីធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាផងដែរ។ ប៉ុន្តែសំណើមួយនេះ មិនត្រូវបានលោកឧត្តមសេនីយ មីន អ៊ុងឡាំង ឆ្លើយតបភ្លាមៗឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ដោយស្រង់សម្តីរបស់មន្រ្តីទូតអាស៊ាន។ 
 
បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំយោធារួច លោកស្រី Schraner Burgener បានបដិសេធ មិននិយាយអ្វីទាំងអស់ទាក់ទិននឹងកិច្ចប្រជុំ ប្រាប់អ្នកសារព័ត៌មាន។ 
 
អំឡុងពេលស្នាក់នៅទីក្រុងហ្សាការតា ប្រេសិតពិសេស UN ក៏មានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីផងដែរ មុនពេលចាកចេញទៅប្រទេសថៃ។ 
 
ក្នុងអំឡុងពេលទស្សនកិច្ចនៅថៃក្នុងថ្ងៃទី៩ ខែមេសាកន្លងទៅ លោកស្រី Schraner Burgener ក៏បានស្នើទៅមេដឹកនាំយោធាមីយ៉ាន់ម៉ាដែរ ដើម្បីសុំការអនុញ្ញាតទៅទស្សនកិច្ចប្រទេសមួយនេះ បន្ទាប់ពីរដ្ឋប្រហារយោធា។ ប៉ុន្តែសំណើកាលនោះ ក៏ត្រូវបានរបបសឹកបដិសេធដែរ។ 
 
ចំណែកស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាឯណោះវិញ ក្រុមសកម្មជនប្រឆាំងរបបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី២៥ ខែមេសា បានអំពាវនាវឱ្យប្រជាជនឈប់បង់ថ្លៃភ្លើង ប្រាក់កម្ចីកសិកម្ម និងបញ្ឈប់បញ្ជូនកូនទៅសាលារៀនថែមទៀត។ បើតាមក្រុមសកម្មជននៅក្នុងក្រុង Monywa នៃតំបន់ Sagaing កូដកម្មមួយនេះ ជាការបង្ហាញពីការមិនគាំទ្ររបស់ប្រជាជនក្នុង ប្រព័ន្ធដែលគ្រប់គ្រងដោយយោធា និងមិនសហការជាមួយយោធា។ សកម្មជនក្រុង Monywa បានអំពាវនាវឱ្យប្រជាជននៅទូទាំងប្រទេសចូលរួមទាំងអស់គ្នា។ 
 
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៧៥០នាក់ ត្រូវបានសម្លាប់ដោយក្រុមប៉ូលិសមីយ៉ាន់ម៉ា និងមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត នៅតែស្ថិតក្រោមការឃុំខ្លួន៕
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com