COVID-19
ជាតិ
បន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ជិត១០០នាក់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីរបស់ក្រសួងសុខាភិបាលកំពុងយកសំណាកពីស្ត្រីម្នាក់ នៅក្រុងប៉ោយប៉ែត
× នារយៈពេល៤ថ្ងៃចុងនេះ ខេត្តបន្ទាយមានជ័យ មានមនុស្សសរុប៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩(COVID-19)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចំនួនអ្នកដែលឆ្លងកូវីដ-១៩នៅក្នុងខេត្តបន្ទាយមានជ័យប្រចាំថ្ងៃទី២៦មេសា ឆ្នាំ២០២១ គឺមានចំនួន៩១នាក់។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំនួនមនុស្ស៩១នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦មេសា មាន ជនជាតិឥណ្ឌនេស៊ី ៦៩នាក់, ខ្មែរ២០នាក់ និងជនជាតិ២នាក់។ ចំនួននៃអ្នកឆ្លងថ្មីនេះ បានធ្វើឱ្យខេត្តបន្ទាយមានជ័យ មានអ្នកជំងឺកូវីដ-១៩ កើនដល់៩៨នាក់ហើយ ដោយក្នុងនោះមាន ស្រី ៣៦នាក់។
កាលពីថ្ងៃទី២៣មេសា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលនៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងផ្លូវនានាដែលមានព្រំដែនជាមួយព្រំដែនប្រទេសថៃ។ លោកអភិបាលខេត្តរូបនេះ ក៏បានសម្រេចអនុវត្តបម្រាមគោចរ ក្នុងរយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ឧសភា ឆ្នាំ២០២១ គោលបំណងនៃការអនុវត្តវិធានការនេះ គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១០ ៥៥៥ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍មានចំនួន ១០០០៥នាក់។ អ្នកសះស្បើយមានចំនួន ៣ ៥៧៧នាក់ ខណៈអ្នកស្លាប់បានកើនដល់ ៧៩នាក់។ អ្នកជំងឺសរុបនៅសល់ ៦៨៩២នាក់ ក្នុងនោះ១៤នាក់សម្រាកព្យាបាលនៅផ្ទះ , ៣១៦៤នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល។ ក្រៅពីនេះ គឺអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលព្យាបាលនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com