ជាតិ
សង្គមជាតិ
ការបិទខ្ទប់៖ ទោះមានបញ្ហាជីវភាព ឪពុកម្តាយខ្លះ នៅតែជំរុញកូនឲ្យខំសិក្សាក្នុងផ្ទះ
27, Apr 2021 , 7:59 am        
រូបភាព
រូបភាពនេះពីUSAID Cambodia
រូបភាពនេះពីUSAID Cambodia
ដោយ:
ភ្នំពេញ៖ ការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវរដ្ឋាភិបាល ចាត់ទុកជាវិធានការចាំបាច់មួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែមានពលរដ្ឋមួយចំនួន កំពុងខ្វល់ខ្វាយពីការខ្វះខាត និងការបាត់បង់ចំណូល។ ស្ថានភាពនេះក៏បានជះឥទ្ធិពលដល់ការសិក្សារបស់កុមារផងដែរ។ តែយ៉ាងណាឪពុកម្តាយនៅតែប្រឹងប្រែងបង្រៀន និងណែនាំកូនរៀនដើម្បីឲ្យកូនទទួលបានចំណេះដឹង។

 
កូនប្រុសស្រីពីរនាក់របស់អ្នកស្រី លីហ្សា អាលីន ដែលស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (តំបន់ក្រហម) រៀនតាមអនឡាញមិនសូវបានជាប់លាប់ឡើយក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩នេះ។  អ្នកស្រី អាលីនបានអះអាងថា កូនប្រុសស្រីរបស់អ្នកស្រី គឺចេះតែមានអារម្មណ៍មិនចង់រៀន និងធុញថប់។ 
 
អ្នកស្រី ប្រសាសន៍ថា៖«កូនខ្ញុំរៀនបានតែម្នាក់ទេ ដោយសារគ្រូគាត់សុំច្បាប់ឈឺ។  កូនពីរនាក់របស់ខ្ញុំប្រហែលជាមានបញ្ហាស្មុគស្មាញ។ ពេលខ្លះគាត់អត់ចង់រៀន ពេលខ្លះគាត់ធុញថប់ គាត់ទៅណាអត់រួច គាត់លេងតែនៅលើផ្ទះតែមួយមុខគត់ ហើយគាត់អត់សូវញុំាអីបានទៀត។ 
 
ការបិទខ្ទប់រាជធានីភ្នំពេញ បានធ្វើឲ្យស្ត្រីដែលជាបុគ្គលិកនៅភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញរូបនេះបាត់បង់ចំណូលទាំងស្រុង ប៉ុន្តែអ្នកស្រីនៅតែតាំងចិត្តបង្រៀនកូន ពន្យល់មេរៀនកូន នាំកូនលេង និងគូររូបជាដើម។ អ្នកស្រី និយាយថា៖«ខ្ញុំចង់ឲ្យកូនចេះ ខ្លាចពេលដែលសាលាចូលរៀនវិញទៅ កូនអត់បានឡើងថ្នាក់ ខ្ញុំព្យាយាមបង្រៀនកូនទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន»។
 
 
សម្រាប់អ្នកស្រី មាស សោភា ដែលរស់នៅក្នុងបន្ទប់ជួលក្នុងខណ្ឌឬស្សីកែវវិញ ទោះបីកំពុងតែខ្សត់ខ្សោយដោយសារបាត់បង់ចំណូលប្រចំាថ្ងៃក្តី អ្នកស្រីនៅតែដាស់តឿន និងណែនាំកូនឲ្យប្រឹងប្រែងរៀនតាមអនឡាញជាមួយគ្រូ។ ទូរសព្ទដៃតែមួយគត់ដែលជារបស់អ្នកស្រី សោភា ក៏ប្រគល់ឲ្យកូនរបស់ស្រីសម្រាប់សិក្សាតាមអនឡាញដែរ។ 
 
អ្នកស្រី សោភា ដែលជាបុគ្គលិកផាត់រូបនៅរាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំមានទូរសព្ទមួយគ្រឿងហ្នឹងសម្រាប់ឲ្យកូនខ្ញុំរៀនតាមអនឡាញជាមួយគ្រូ។ ពេលទ័លម្តងៗគឺខ្ញុំចង់យកតែទៅលក់ទេ។ ប៉ុន្តែខ្ញុំគិតថា បើខ្ញុំយកទៅលក់ កូនខ្ញុំនឹងអត់បានរៀនទេ»។ 
 
ដោយឡែកអ្នកស្រី រស្មី ខេម៉ា ដែលកំពុងមមាញឹកនឹងការមើលថែទាំកូនអាយុ១០ខែ ក៏មិនបោះបង់ការបង្រៀនកូន និងក្មួយ២ទៀតអាយុ៥ឆ្នាំដូចគ្នាដែរ។ អ្នកស្រី ខេម៉ា ប្រាប់ថា៖«កូនខ្ញុំ និងក្មួយខ្ញុំ គាត់រៀនតាមអនឡាញ៣ដងក្នុងមួយសប្តាហ៍ ប៉ុន្តែខ្ញុំអត់សូវមានពេលនៅរៀនជាមួយពួកគាត់ទេ ដោយសារខ្ញុំជាប់នៅជាមួយកូនតូចផង និងធ្វើការងារផ្ទះផង»។  
 
ជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែងក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល អ្នកស្រី ខេម៉ា សង្កេតឃើញថា ក្រោយពីបិទខ្ទប់រាជធានីភ្នំពេញមក កូន និងក្មួយរបស់អ្នកស្រី ចាប់ផ្តើមឆាប់ខឹង មួម៉ៅ និងរឹងរូស។ អ្នកស្រី ថ្លែងថា៖«ពេលនេះយើងពិបាកនិយាយជាមួយគាត់ជាងមុន កាលពីមុនគាត់បានដើរលេង និងនាំគាត់ទៅក្រៅ ឥឡូវគាត់នៅផ្ទះ គាត់មានអារម្មណ៍ថាមួម៉ៅ»។  


រូបភាពនេះពីUSAID Cambodia
 
ចំពោះកូនស្រីអាយុ៥ឆ្នាំរបស់លោក អេង ចាន់ដារ៉ា ឯណោះវិញ គឺមិនទទួលបានការបង្រៀនតាមអនឡាញតាមរយៈគ្រូណាម្នាក់ឡើយ។ ទោះបីកូនគ្មានគ្រូបង្រៀនតាមអនឡាញក្តី ក៏លោកមិនបណ្តែតបណ្តោយឲ្យកូនរបស់លោកអាក់ខានរៀនដែរ។
 
បុរសជាអ្នកបើកបររថយន្តឈ្នួលអាយុ៣៨ឆ្នាំរូបនេះបានរៀបរាប់ដូច្នេះថា៖«ពេលនេះអត់មានអ្នកណាបង្រៀនកូនក្រៅពីឪពុកម្តាយឡើយ។ ខ្ញុំមើលកូនខ្ញុំគាត់មានដុងរៀន គាត់ចេះគូររូប គឺគាត់ឆ្លាតណាស់»។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងអប់រំបានអំពាវនាវដល់ឪពុកម្តាយចំណាយពេលនៅក្បែរកូនឲ្យបានច្រើន និងបង្រៀនកូនតាមលទ្ធភាពដែលអាចធ្វើបាន។ 
 
«មាតាបិតាបន្តជួយដំណើរការរៀនសូត្រតាមអនឡាញ ការស្តាប់វិទ្យុ ការអាន និងគ្រប់ទម្រង់តាមគន្លងថ្មីនៃវិស័យអប់រំ។ ជាក់ស្តែងមាតាបិតាគួរតែនៅផ្ទះ ដើម្បីអានឲ្យកូនស្តាប់ និងឲ្យកូនអានឲ្យស្តាប់វិញ និងជ្រើសរើសសៀវភៅអាន ឬខ្លឹមសារឌីជីថលដែលកូនចូលចិត្តអានបន្ថែមពីសៀវភៅមេរៀនជាដើម»។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាម។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងសទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់រាជធានីភ្នំពេញ។ ក្នុងអំឡុងបិទខ្ទប់នេះ ប្រជាពលរដ្ឋក្រខ្សត់ខ្លះ នៅរាជធានីភ្នំពេញ ជួបការលំបាកផ្នែកជីវភាព ដោយសារតែពួកគាត់ ពិបាកចេញទៅប្រកបមុខរបររកប្រាក់ចំណូល។ ប្រជាពលរដ្ឋក្រខ្សត់មួយចំនួនទៀត ក្នុងតំបន់ក្រហម គឺកាន់តែលំបាក ដ្បត់តំបន់ក្រហមនេះ ត្រូវហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋ ចេញពីលំនៅឋាន៕  
 
  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com