COVID-19
ជាតិ
បន្តបិទខ្ទប់ភ្នំពេញ និងតាខ្មៅដល់ថ្ងៃទី៥ឧសភា ហើយមានកំណត់តំបន់ក្រហម លឿងទុំ និងលឿង
26, Apr 2021 , 7:15 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រេចបន្តបិទខ្ទប់(Lockdown)ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេលមួយសប្តាហ៍បន្ថែមទៀត ដោយគិតចាប់ម៉ោងសូន្យៗនាថ្ងៃទី២៩មេសា រហូតដល់ថ្ងៃទី៥ឧសភា ឆ្នាំ២០២១។ ការបន្ថែមថ្ងៃនៃការបិទខ្ទប់នេះ  គឺដោយសារស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ឬចំនួនអ្នកជំងឺនេះ នៅតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 



សេចក្តីសម្រេចបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន បើគ្មានការចាំបាច់។ ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចជា ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ដែលមិនមានការហាមឃាត់។ ត្រូវភ្ជាប់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលមានទីតាំងនៅជិតបំផុត។

ចំពោះភូមិសាស្ត្ររាធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់នោះ រដ្ឋាភិបាលបានបែងចែកជា៣តំបន់ ដោយក្នុងនោះ មានតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង។  តំបន់ក្រហម គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩  ក្នុងសហគមន៍ និងស្ថិតនៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបាន។ សម្រាប់តំបន់លឿនទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ រីឯតំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

សូមរម្លឹកថា រដ្ឋាភិបាល បានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ចាប់តាំងពីថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៃភូមិសាស្ត្រទាំងពីរនេះ៕

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត...

Posted by ក្រសួងព័ត៌មាន - Ministry of Information on Monday, 26 April 2021




© រក្សាសិទ្ធិដោយ thmeythmey.com