អន្តរជាតិ
សហភាពអឺរ៉ុប ប្ដឹង AstraZeneca ដែលដឹកវ៉ាក់សាំងមិនទាន់ពេលកំណត់
27, Apr 2021 , 10:20 am        
រូបភាព
សហភាពអឺរ៉ុប នៅថ្ងៃទី២៦ ខែមេសា អះអាងថា ខ្លួនបានប្ដឹងក្រុមហ៊ុន AstraZeneca ជុំវិញការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យឺតយ៉ាវ។ ព្រោះតែរឿងនេះ គណៈកម្មការអឺរ៉ុប និយាយថា កម្មវិធីចាក់វ៉ាក់សាំងក្នុងតំបន់ មិនដំណើរការតាមគម្រោងឡើយ។ ក្រុមហ៊ុន AstraZeneca ទាត់ចោលការប្ដឹងនេះ ហើយប្ដេជ្ញាចិត្តដោះស្រាយបញ្ហាឱ្យបានឆាប់។

 
អាចថាជាលើកដំបូង ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានប្ដឹងដោយអ្នកទិញព្រោះតែការប្រគល់វ៉ាក់សាំងយឺតយ៉ាវ ខណៈដែលជំងឺនេះកំពុងអុកឡុកខ្លាំង។ លោក Stefan De Keersmaecker អ្នកនាំពាក្យសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃទី២៦ ខែមេសា ថា គណៈកម្មការអឺរ៉ុប បានចាប់ផ្ដើមនីតិវិធីផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ចំពោះការបំពានកិច្ចព្រមព្រៀងទិញលក់វ៉ាក់សាំង។
 
«លក្ខខណ្ឌខ្លះនៃកិច្ចព្រមព្រៀង មិនត្រូវបានគោរព ហើយក្រុមហ៊ុនក៏មិនអាចផ្ដល់យុទ្ធសាស្រ្តទុកចិត្តដើម្បីធានាការដឹកជញ្ជូនវ៉ាក់សាំងទាន់ពេល។» លោក De Keersmaecker លើកឡើងបែបនេះ មុនបន្តថា គណៈកម្មការអឺរ៉ុប ធ្វើសកម្មភាពតំណាងឱ្យរដ្ឋសមាជិកទាំង២៧ ដែលគាំទ្របណ្ដឹងនេះ។ អឺរ៉ុបចង់ឱ្យក្រុមហ៊ុន AstraZeneca ដឹកជញ្ជូនវ៉ាក់សាំងឱ្យប្រជាជនអឺរ៉ុបឱ្យបានគ្រប់តាមអ្វីដែលបានសន្យាកន្លងមក។
 
នីតិវិធីប្ដឹងប្ដល់ នឹងធ្វើនៅតុលាការទីក្រុងព្រុចសែល ព្រោះបែលហ្ស៊ិកជាទីតាំងដែលភាគីទាំងពីរឯកភាពគ្នាដោះស្រាយបញ្ហា។ 
 
AstraZeneca ដែលជាក្រុមហ៊ុនចម្រុះអង់គ្លេស-ស៊ុយអែត បានបដិសេធសកម្មភាពផ្លូវច្បាប់របស់សហភាពអឺរ៉ុប តែស្វាគមន៍ដំណើរការនេះដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនផលិតឱសថអះអាងថា ខ្លួនគោរពកិច្ចព្រមព្រៀងជាមួយគណៈកម្មការអឺរ៉ុប ហើយនឹងការពារខ្លួននៅតុលាការ។
 
បើតាមក្រុមហ៊ុន វ៉ាក់សាំងចំនួន៥០លានដូស ត្រូវដឹកឱ្យអឺរ៉ុបនៅត្រឹមដំណាច់ខែមេសា ប៉ុន្តែសហភាពអឺរ៉ុបអះអាងថា ចំនួននេះតិចជាងអ្វីដែលខ្លួនត្រូវបាន។ មកទល់ពេលនេះ អឺរ៉ុបបញ្ជាក់ថា ខ្លួនទើបទទួលបានវ៉ាក់សាំងចំនួន៣១លានដូសនៃចំនួនសរុប១២០លានដូសដែលរំពឹងទទួលបាននៅបីខែដំបូងនៃឆ្នាំ២០២១ ។ ក្រុមហ៊ុនក៏ព្រមានដែរថា ខ្លួនអាចផ្ដល់វ៉ាក់សាំង៧០លានដូសប៉ុណ្ណោះក្នុងចំណោមវ៉ាក់សាំង១៨០លានដូសដែលត្រូវដឹកឱ្យអឺរ៉ុបនៅខែមិថុនា៕
 
 
 
 

Tag:
 អឺរ៉ុប
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com