ជាតិ
អាជ្ញាធរសម្រេច បន្តសុពលភាពលិខិតធ្វើដំណើរចេញចូលតំបន់បិទខ្ទប់មួយសប្ដាហ៍ទៀត
27, Apr 2021 , 11:14 am        
រូបភាព
សមត្ថកិច្ចពិនិត្យឯកសារពលរដ្ឋធ្វើដំណើរចេញចូលតំបន់បិទខ្ទបថ្ងៃទី២៧មេសា ឆ្នាំ២០២១។ រូបដោយ កញ្ញា អ៊ូ សុខមាន
សមត្ថកិច្ចពិនិត្យឯកសារពលរដ្ឋធ្វើដំណើរចេញចូលតំបន់បិទខ្ទបថ្ងៃទី២៧មេសា ឆ្នាំ២០២១។ រូបដោយ កញ្ញា អ៊ូ សុខមាន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តសុពលភាពលិខិតធ្វើដំណើរចេញចូលតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ  និងក្រុងតាខ្មៅ រយៈពេល១សប្ដាហ៍បន្តទៀត។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបន្តរយៈពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍ទៀតនោះ។

 
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៧មេសានេះថា ការបន្តសុពលភាពនេះ គឺ ដើម្បីសម្រួលដល់ការរស់នៅ ពិសេសការធ្វើដំណើររបស់ពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ដោយពលរដ្ឋអាចប្រើប្រាស់លិខិតអនុញ្ញាតក្នុងការធ្វើដំណើរដែលមានស្រាបរហូតដល់ថ្ងៃទី៥ឧសភា។ 
 
សូមជម្រាប់ថា នៅយប់ថ្ងៃទី២៦ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រេចបន្តបិទខ្ទប់(Lockdown)ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេលមួយសប្តាហ៍បន្ថែមទៀត ដោយគិតចាប់ថ្ងៃទី២៩មេសា រហូតដល់ថ្ងៃទី៥ឧសភា ឆ្នាំ២០២១។ ការបន្ថែមថ្ងៃនៃការបិទខ្ទប់នេះ  គឺដោយសារស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ឬចំនួនអ្នកជំងឺនេះ នៅតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 
 
សូមរម្លឹកថា រដ្ឋាភិបាល បានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ចាប់តាំងពីថ្ងៃទី១៥មេសា ឆ្នាំ២០២១ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៃភូមិសាស្ត្រទាំងពីរនេះ៕
 

Tag:
 តំបន់បិទខ្ទប់
 ភ្នំពេញ
 តាខ្មៅ
 កណ្តាល
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com