ជាតិ
ពីនេះ ពីនោះ
សាសនា / ធម៌
ពុទ្ធសករាជថ្មី២៥៦៥ ចាប់ផ្តើមរាប់ពីថ្ងៃនេះហើយ តែថៃស្ថិតនៅព.ស ២៥៦៤នៅឡើយ
27, Apr 2021 , 1:44 pm        
រូបភាព
ដោយ: រួបរួម
ពលរដ្ឋខ្មែរមួយចំនួននៅតែមិនទាន់យល់ច្បាស់នោះឡើយទាក់ទងនឹងការរាប់ពុទ្ធសករាជ (ព.ស)។ ពួកគាត់គិតថា ពុទ្ធសករាជថ្មី ត្រូវរាប់ក្រោយឆ្លងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនដូច្នោះឡើយ! បើផ្អែកតាមការពន្យល់ក្នុងរចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពុទ្ធសករាជ មានន័យថា ជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់ រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។



មួយថ្ងៃក្រោយព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។ បើពន្យល់ឲ្យស្រួលស្តាប់ គឺមួយថ្ងៃក្រោយពិធីបុណ្យវិសាខបូជា ពីព្រោះបុណ្យដ៏មានសារសំខាន់មួយនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃនៃការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។
 
ថ្ងៃអង្គារ ទី២៧ ខែមេសា នេះ គឺត្រូវជាថ្ងៃ១រោច ខែពិសាខ និងជាថ្ងៃកំណត់នៃពុទ្ធសករាជថ្មី២៥៦៥តែម្តង។
 
ទាក់ទងនឹងពុទ្ធសករាជនេះ សារព័ត៌មាន ThmeyThmey ដកស្រង់ការពន្យល់បន្ថែមទាំងស្រុងនៅក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលរៀបរាប់ថា៖ «ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព. សករាជ ទៀតផង) »។
 
ដោយឡែកថៃ ការរាប់ពុទ្ធសករាជ ខុសពីប្រទេសផ្សេងទៀត។ តាមប្រតិទិន ដែលអនុម័តដោយស្តេច ជូឡាឡុងកន (រ៉ាម៉ាទី៥) កាលពីឆ្នាំ១៨៨៩ ពុទ្ធសករាជថ្មី ត្រូវរាប់ចាប់ពីថ្ងៃទី១ ខែមេសា តែចាប់ពីឆ្នាំ១៩៤១មក លោកនាយករដ្ឋមន្ត្រី Plaek Phibunsongkhram បានតម្រូវឲ្យរាប់ចាប់ពីថ្ងៃទី១ ខែមករា វិញ ដើម្បីឲ្យស៊ីគ្នានឹងការចាប់ផ្តើមនៃគ្រឹស្តសករាជ។
 
ពុទ្ធសករាជមានអាយុកាលលើសគ្រឹស្តសករាជ៥៤៣ឆ្នាំ ដូច្នេះ សម្រាប់ឆ្នាំ២០២១នេះ ថៃប្រើប្រាស់ប្រតិទិនដែលមានពុទ្ធសករាជ២៥៦៤នៅឡើយ [២០២១+៥៤៣]៕



© រក្សាសិទ្ធិដោយ thmeythmey.com