COVID-19
ជាតិ
កម្ពុជា​ផ្អាក​ទទួល​រាល់អ្នកដំណើរ​ដែលទើបធ្លាប់ឆ្លងកាត់ ឬធ្វើដំណើរទៅឥណ្ឌា​
27, Apr 2021 , 6:16 pm        
រូបភាព
ដោយ: រួបរួម
លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការអន្តរក្រសួងដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាល្ងាចថ្ងៃទី​២៧ ខែមេសា នេះ បាន​ចេញសេចក្តីប្រកាសព័ត៌មាន​ពីការសម្រេចហាមឃាត់​ការធ្វើដំណើរចូលមកកម្ពុជា​មួយរយៈរហូតដល់មាន​សេចក្តីជូនដំណឹង​ជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិ​បរទេសទាំងអស់​ដែល​ធ្វើដំណើរមកពីឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិ​ធ្វើដំណើរ​ទៅឥណ្ឌា​រយៈពេល​៣សប្តាហ៍​មុន​ចូលមកកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។



ការសម្រេច​នេះ ត្រូវបាន​លោក ម៉ម ប៊ុនហេង អះអាងថា មានការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​វីរុសបម្លែងថ្មីប្រភេទ B1617 ដែលមានប្រភពពីឥណ្ឌា កាន់តែរាតត្បាតខ្លាំង និងធ្ងន់ធ្ងរជាងវីរុសបំប្លែងថ្មី B117 នៅអង់គ្លេសទៅទៀត។

រយៈពេល​ចុងក្រោយនេះ ឥណ្ឌាមាន​ករណីឆ្លងកូវីដ-១៩ ប្រមាណ​៣០ម៉ឺននាក់​ និងមានអ្នកស្លាប់រាប់រយ​នាក់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នប្រទេសដ៏ធំជាងគេនៅអាស៊ីខាងត្បូងមួយ មាន​ជាង​១៧លានករណី និងស្លាប់ជិត​២០ម៉ឺននាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com