COVID-19
ជាតិ
លោក នួន ផា​រ័ត្ន​៖ ភ្នំពេញ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​កូ​វីដ​-១៩ ប៉ុន្តែ​មិន​បាត់បង់​ម្ចាស់ការ​ទេ​
28, Apr 2021 , 10:32 am        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នាសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី២៨ ខែមេសា
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នាសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី២៨ ខែមេសា
ភ្នំពេញ​៖ រាជធានី​ភ្នំពេញ ជា​តំបន់​ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​-១៩ ប៉ុន្តែ​មិនបាត់បង់​ម្ចាស់ការ​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៨ មេសា​។​



​លោក នួន ផា​រ័ត្ន បាន​អះអាងថា ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ​មកនេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងការ​គ្រប់គ្រង​ស្ថានភាព​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដ្បិត​គ្រប់គ្រង​ស្ថានការណ៍​បាន ប៉ុន្តែ​មិន​មានន័យថា ស្ថានការណ៍​នៅ​ភ្នំពេញ អាច​វិលត្រឡប់​ទៅ​សភាព​ធម្មតា​វិញ​ភ្លាមៗ​នោះទេ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​មិន​បាត់បង់​ម្ចាស់ការ​ឡើយ​។ ដោយសារ​មើលឃើញ​ស្ថានភាព​បែបនេះហើយ ទើប​អាជ្ញាធរ​ភ្នំពេញ សម្រេច​ឱ្យមាន​ការបែងចែក​ជា​តំបន់​៣ គឺ​តំបន់​លឿង លឿងទុំ និង​ក្រហម ដើម្បី​ងាយស្រួល​ទប់ស្កាត់​ស្ថានការណ៍​។​
 
​បើតាម​លោក នួន ផា​រ័ត្ន តំបន់​ដែល​ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម គឺ​សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​រាលដាល​កូ​វីដ​-១៩ ធ្ងន់ធ្ងរ តំបន់​លឿងទុំ​ក្នុង​កម្រិត​មធ្យម និង​លឿង​សម្រាប់​កម្រិត​ស្រាល​។ អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បាន​ពន្យល់ថា ការបែងចែក​តំបន់​ជា​៣​នេះ គឺ​យោងតាម​ការសិក្សា​លើ​ភូមិសាស្ត្រ កត្តា​រស់នៅ​របស់​ប្រជាជន និង​ស្ថានភាព​ជាក់ស្ដែង​។​
 
​ត្រង់ចំណុច​នេះ​លោក នួន ផា​រ័ត្ន បាន​ពន្យល់​បន្ថែមថា តំបន់​ខ្លះ មាន​អ្នកជំងឺ​កូ​វីដ​-១៩ តិច តែ​ត្រូវ​កំណត់​ជា​តំបន់​ក្រហម ប៉ុន្តែ​តំបន់​ខ្លះ មាន​អ្នកជំងឺ​ច្រើន តែ​ក៏​អាច​កំណត់​ជា​តំបន់​លឿង​ផងដែរ ពោលគឺ​វា​អាស្រ័យទៅលើ​សមត្ថភាព​ជា​ក់​ស្ដែង​នៃ​ការគ្រប់គ្រង​ស្ថានភាព​។ ក្នុងន័យនេះ លោក​ផា​រ័ត្ន បាន​បន្ថែមថា សង្កាត់​កន្ថោ​ក ខណ្ឌ​កំបូល មាន​មនុស្ស​ឆ្លង​២០​នាក់ តែ​អាជ្ញាធរ​មិន​កំណត់​ជា​តំបន់​ក្រហម​ឡើយ ពោលគឺ​កំណត់​ជា​តំបន់​លឿង ដោយសារតែ​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។​
 
​តែ​យ៉ាងណា​អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តំបន់​លឿង កុំ​មើលស្រាល​ស្ថានការណ៍​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យសោះ ព្រោះ​ពេលខ្លះ​តំបន់​លឿន ក៏​អាច​ក្លាយ​តំបន់​ក្រហម​វិញ​តែមួយ​ប៉​ប្រ៉ិ​ច​ភ្នែក​ប៉ុណ្ណោះ ។ លោក ផា​រ័ត្ន ស្នើឱ្យ​ពលរដ្ឋ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន តាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ៣​កុំ និង​៣​ការពារ​។​
 
​តាមរយៈ​ការគ្រប់គ្រង​ស្ថានការណ៍​ក្នុងអំឡុងពេល​បិទ​ខ្ទប់​១៤​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បែងចែក​និង​កំណត់​សង្កាត់​ចំនួន ៩ ជា​តំបន់​ក្រហម​, ៤១​សង្កាត់​ជា​តំបន់​លឿងទុំ និង ៦៥​សង្កាត់​តំបន់​លឿង​។​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com