ជាតិ
បិទខ្ទប់ភូមិរកាធំ ក្នុងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់
28, Apr 2021 , 11:07 am        
រូបភាព
ក្រុមគ្រូពេទ្យលើកសពស្ត្រីម្នាក់ដែលបានស្លាប់ក្នុងអំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង កាលពីយប់ថ្ងៃទី២៧ មេសា។  រូបភាព៖ ហ្វេសប៊ុក Rithy Varith
ក្រុមគ្រូពេទ្យលើកសពស្ត្រីម្នាក់ដែលបានស្លាប់ក្នុងអំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង កាលពីយប់ថ្ងៃទី២៧ មេសា។ រូបភាព៖ ហ្វេសប៊ុក Rithy Varith
ភ្នំពេញ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំសម្រេចបិទខ្ទប់ទីតាំងភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថាការបិទខ្ទប់នេះ ធ្វើឡើងពីថ្ងៃទី២៧មេសានេះ រហូតដល់មានសេចក្ដីសម្រេចថ្មី។


តាមសេចក្ដីសម្រេចរបស់អភិបាលខេត្តត្បូងឃ្មុំអំឡុងពេលបិទខ្ទប់នេះ គឺមានករណីលើកលែងចំពោះការធ្វើដំណើរទៅទិញម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ។ លើសពីនេះ គឺករណីអ្នកមានបញ្ហាសុខភាព ការពិនិត្យសំណាកក្រុមគ្រូពេទ្យធ្វើដំណើរទៅបំពេញការងារទាំងបុគ្គលិករដ្ឋនិងឯកជនរួមទាំងការធ្វើដំណើរចំបាច់ផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ។ 
 
ទន្ទឹមនឹងនេះ លោក ជាម ច័ន្ទសោភ័ណសង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលណា មិនចូលរួមតាមការអនុវត្តនេះទេនឹងត្រូវអនុវត្តតាមនីតិវិធីនាំច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ។ 
 
សូមជម្រាបថា ច្បាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅមាត្រា១០ ចែងថាអ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀលប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។ 
 
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ (មាត្រា១១)ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀលប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ។
 
កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១,០៦៣នាក់ ដោយក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១,០៥១៣ នាក់។ អ្នកសះស្បើយសរុប ៣,៧០៤នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់៨២នាក់៕
 
 
 

Tag:
 ត្បូងឃ្មុំ
  បិទខ្ទប់
© រក្សាសិទ្ធិដោយ thmeythmey.com