ជាតិ
សង្គមជាតិ
ស្ត្រីខ្មែរ វ័យ៤៦ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ
28, Apr 2021 , 1:59 pm        
រូបភាព
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
ដោយ:
ភ្នំពេញ៖ ស្ត្រីខ្មែរ វ័យ៤៦ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ នេះបើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ។

 
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មុនស្ត្រីរូបនោះបានស្លាប់ គឺស្ត្រីរូបនោះមានអាការក្តៅខ្លួន ក្អក និងហត់តិចៗ។ ស្ត្រីរូបនោះ បានសម្រាកព្យាបាលនៅផ្ទះ រយៈពេល៨ថ្ងៃ ដោយមានស្វាមីជាគ្រូពេទ្យនៅមណ្ឌលសុខាភាពជីរោទិ៍ទី១។ 
 
ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅ នៅថ្ងៃទី២៧ ខែមេសា ទើបគេបញ្ជូនស្ត្រីរូបនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុត្បូងឃ្មុំ ហើយក៏បានតេស្តរកជំងឺកូវីដ-១៩ ដោយលទ្ធផលវិជ្ជមាន។ ប៉ុន្តែស្ថានភាពជំងឺរបស់ស្ត្រីរូបនោះ កាន់តែធ្ងន់ធ្ងរ ទើបបណ្ដាឲ្យស្លាប់នៅថ្ងៃដដែលនោះតែម្ដង។ 
 
ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ស្ត្រីរូបនោះបានស្លាប់ដោយសារមានវិបត្តិផ្លូវដង្ហើម និងរលាកសួតធ្ងន់ធ្ងរ។ 
 
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សាកសពរបស់ស្ត្រីរូបនោះត្រូវបានពេទ្យវេចខ្ចប់តាមបច្ចេកទេសវេជ្ជសាស្ត្រ និងបញ្ជូនទៅបូជានៅវត្តភូមិចាន់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំហើយ។ 
 
បច្ចុប្បន្នអាជា្ញធរក៏បានបិទខ្ទប់ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
គិតមកពេលនេះកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កើនដល់៨២នាក់ហើយ ដោយស្ត្រីចំនួន៣៧នាក់ និងអ្នកឆ្លងជាង១,១ម៉ឺននាក់ហើយ៕ 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com