COVID-19
ជាតិ
រោងចក្រ២០៦កន្លែង ផ្ទុះកូវីដ-១៩ ខណៈកម្មករជាង១៦០០នាក់ វិជ្ជមាន
28, Apr 2021 , 5:05 pm        
រូបភាព
កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ។ (រូបដោយ លោក វណ្ណា )
កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ។ (រូបដោយ លោក វណ្ណា )
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ មេសានេះ រោងចក្រ២០៦កន្លែង ផ្ទុះកូវីដ-១៩ ដោយក្នុងនោះ កម្មករនិយោជិតជាង១៦០០នាក់ ត្រូវបានរកឃើញវិជ្ជមាន។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។



ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ លោក ហេង សួរ បានលើកឡើងថា រោងចក្រ២០៦កន្លែង ដែលផ្ទុះកូវីដ-១៩នេះ មាន១៣៤រោងចក្រនៅភ្នំពេញ, ២៣រោងចក្រនៅខេត្តកណ្ដាល, ២៦រោងចក្រនៅខេត្តតាកែវ, ១៦រោងចក្រនៅព្រះសីហនុ, ៤រោងចក្រនៅស្វាយរៀង, កំពង់ឆ្នាំមួយរោងចក្រ និងកំពង់ចាម១រោងចក្រ។ ការផ្ទុះជំងឺកូវីដ-១៩ក្នុងរោងចក្រនេះ បានធ្វើឱ្យកម្មករ១៦៧៣នាក់ បានឆ្លងកូវីដ-១៩ ខណៈកម្មករជាង១,៧ម៉ឹននាក់ ត្រូវធ្វើចត្តាឡីស័ក។ 
 
បើតាមលោក ហេង សួរ រោងចក្រកាត់ដេរ និងសហគ្រាសតូច-ធំ ជិត៨ពាន់កន្លែង ដែលមានកម្មករ និងបុគ្គលិកជាង១,២លាននាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានរងផលប៉ះពាល់នៅអំឡុងពេលបិទខ្ទប់នេះ។ ប៉ុន្តែក្រោយ រដ្ឋាភិបាលបានកំណត់ពណ៌នៃតំបន់ឆ្លងរាលដាលកូវីដ-១៩នេះ គឺអាចមានរោងចក្រប្រមាណ៦០ភាគរយ នឹងដំណើរការឡើងវិញ។ 
 
បច្ចុប្បន្ននេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបជាង១ម៉ឺននាក់ហើយ ក្នុងនោះចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩មានជាង៨០នាក់ ៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com