អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាថា នឹងមិនចូលតុចរចាឡើយ បើគ្មានការដោះលែងអ្នកជាប់ឃុំ
28, Apr 2021 , 7:59 pm        
រូបភាព
លោកMahn Winn Khaing Thann នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកMahn Winn Khaing Thann នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ រូបភាព៖ AFP
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានប្រាប់ទៅអាស៊ានថា ខ្លួននឹងមិនចូលអង្គុយតុចរចាជាមួយរបបសឹកឡើយ ប្រសិនបើគ្មានការដោះលែងអ្នកនយោបាយទាំងអស់ ក្នុងនោះរួមទាំងលោកស្រី អ៊ុងសាន ស៊ូជីផងដែរ។ ការអះអាងបែបនេះ ធ្វើឱ្យបន្ទាប់ពីមេដឹកនាំអាស៊ានស្នើឱ្យមានកិច្ចចរចាប្រកបដោយស្ថាបនានៅក្នុងប្រទេស។

 
រយៈពេលជិត៣ ខែហើយ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ ខណៈពេលដោះស្រាយនៅតែមិនទាន់មានច្រកចេញ។ មេដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា បានឯកភាពលើចំណុចមួយចំនួន រួមទាំងការស្នើឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាស្វែងរកកិច្ចចរចាប្រកបដោយការស្ថាបនា សំដៅដោះស្រាយវិបត្តិនេះ។
 
ទាក់ទិននឹងការចរចាប្រកបដោយការស្ថាបនា រដ្ឋាភិបាលរួមរួបជាតិមីយ៉ាន់ម៉ា បានប្រកាសច្បាស់ៗថា ខ្លួននឹងចូលរួមក្នុងតុចរចា ប្រសិនបើក្រុមយោធាធ្វើតាមលក្ខខណ្ឌ ដោះលែងអ្នកជាប់ឃុំ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ។ 
 
«មុនពេលកិច្ចចរចាអាចកើតឡើង  វាត្រូវតែមានការដោះលែងដោយគ្មានលក្ខខណ្ឌលើអ្នកជាប់ឃុំនយោបាយ»។ លោក Mahn Winn Khaing Thann នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើបណ្តាញសង្គមTwitter នៅថ្ងៃទី២៧ ខែមេសា។ 
 
ជាមួយគ្នានេះ លោក Mahn Winn Khaing Thann ក៏សង្ឃឹមផងដែរថា អាស៊ាន នឹងភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួន ដែលជាអ្នកតំណាងដ៏ពិតប្រាកដសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ 
 
ចំណែកក្រុមយោធាកំពុងដឹកនាំប្រទេសវិញ ក៏មិនទាន់ប្រញាប់ចង់ចរចាអ្វីដែរ។ ក្រុមយោធាបានអះអាងថា ខ្លួននឹងពិចារណាលើសេចក្តីស្នើរបស់អាស៊ាន ដែលប្រកបដោយការស្ថាបនា នៅពេលស្ថានភាពត្រលប់ទៅរកស្ថិរភាពឡើងវិញ ក្នុងនោះរួមទាំងទស្សនកិច្ចរបស់តំណាងអាស៊ានមកមីយ៉ាន់ម៉ាផងដែរ។ 
 
គួររំលឹកថា រដ្ឋាភិបាលស្រមោលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែមេសាកន្លងទៅ។ សមាជិករដ្ឋាភិបាលមួយនេះ ភាគច្រើនជាសមាជិកសភា ដែលជាប់ឆ្នោតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារ កាលពីដើមខែកុម្ភៈ។ ការបង្កើតរដ្ឋាភិបាលស្រមោលនេះឡើង ធ្វើឡើងក្នុងគោលបំណង បង្រួបង្រួមក្រុមប្រឆាំងរបបសឹក តំណាងឱ្យប្រជាជន និងស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ៕
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com