ជាតិ
សុខភាព
មន្ទីរពេទ្យឯកជនជាង១០ បានស្នើក្រសួងសុខាភិបាលធ្វើតេស្តរកកូវីដ-១៩ និងព្យាបាលអ្នកជំងឺ
28, Apr 2021 , 9:29 pm        
រូបភាព
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២១។ credit
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២១។ credit
ភ្នំពេញ៖  មន្ទីរពេទ្យឯកជននិងសម្ភពចំនួន១២កន្លែង បានដាក់សំណើទៅក្រសួងសុខាភិបាល ដើម្បីទទួលបានការអនុញ្ញាតធ្វើតេស្តរកមេរោគកូវីដ-១៩(COVID-19) និងព្យាបាលអ្នកដែលកើតជំងឺនេះ។ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២១ ថា ក្នុងចំណោមមន្ទីរពេទ្យឯកជនជាង១០កន្លែងនេះ មានមន្ទីរពេទ្យចំនួន២ បានដាក់ពាក្យស្នើសុំទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

 
លោក ហុក គឹមចេង បានបញ្ជាក់ថា មន្ទីរឯកជននានា ដែលអាចទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ គឺត្រូវមានទីតាំងមន្ទីរពេទ្យ ផ្លូវ និងចំណតរថយន្តត្រឹមត្រូវ។ ជាពិសេសត្រូវមានរថយន្តគិលាន និងបរិក្ខាពេទ្យសង្រ្គោះអ្នកជំងឺគ្រប់គ្រាន់, មានបន្ទប់សង្គ្រោះបន្ទាន់ដោយបំពាក់បរិក្ខាពេទ្យឱ្យសមស្រប សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩, គ្រូពេទ្យនិងបុគ្គលិកពេទ្យគ្រប់គ្រាន់ ដោយឆ្លងកាត់នូវវគ្គបណ្តុះបណ្តាលត្រឹមត្រូវ...។
 
ក្រៅពីមន្ទីរពេទ្យឯកជន២កន្លែង ដែលបានស្នើសុំទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាលនោះ ក៏មានមន្ទីរពេទ្យចំនួន១០កន្លែងទៀត បានស្នើសុំប្រើប្រាស់នូវឧបករណ៍ Rapid Antigen test Covid-19 ផងដែរ ដើម្បីចូលរួមវិស័យសុខាភិបាលសាធារណៈ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បើតាមលោក ហុក គឹមចេង មន្ទីរពេទ្យ១០កន្លែង ដែលបានស្នើសុំធ្វើតេស្តរកមេរោគកូវីដ-១៩នោះ គឺមានមន្ទីរពេទ្យ៣កន្លែងហើយ ដែលទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល។ 
 
កាលពីថ្ងៃទី២២មេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បានអនុញ្ញាតឱ្យសេវាសុខាបាលឯកជនស្របច្បាប់(មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ពព) ប្រើប្រាស់ Rapid Antigen test Covid-19  ក្នុងក្របខណ្ឌទូទាំងប្រទេស។ 
 
កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១០៦៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១០៥១៣ នាក់។ អ្នកសះស្បើយសរុបមាន៣ ៧០៤នាក់ ក្នុងនោះអ្នកស្លាប់សរុបឡើងដល់៨២នាក់៕
 
 
 

Tag:
 មន្ទីរពេទ្យ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com