អន្តរជាតិ
កូរ៉េខាងត្បូង នឹងផ្អាកកាតព្វកិច្ចធ្វើចត្តាឡីស័កលើប្រជាជនដែលចាក់វ៉ាក់សាំងរួចរាល់
28, Apr 2021 , 6:59 pm        
រូបភាព
កូរ៉េខាងត្បូង ប្រកាសនៅថ្ងៃទី ២៨ ខែមេសាថា ខ្លួននឹងលើកលែងវិធានការធ្វើចត្តាឡីស័កខ្លះសម្រាប់ ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ រួចរាល់។ ការធ្វើបែបនេះ គឺដើម្បីលើកទឹកចិត្ត ប្រជាជនទាំងអស់ឱ្យទទួលវ៉ាក់សាំងបន្ថែមទៀត។


ចាប់ពីថ្ងៃទី ៥ ខែឧសភាតទៅ ប្រជាជនកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពេញលេញ នឹងមិនចាំបាច់ដាក់ខ្លួននៅដោយឡែករយៈពេល២សប្តាហ៍ឡើយ បើទោះបានជាប់ទាក់ ទងនឹងអ្នកវិជ្ជមានកូវីដ-១៩ ឬក៏ត្រឡប់មកពីបរទេសក៏ដោយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក Yoon Tae-ho ។ 
 
យ៉ាងណាមិញ អ្នកដែលបានជាប់ទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវតែទៅធ្វើតេស្តរកកូវីដ-១៩ ជាមុនសិន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការលើកលែងនេះ នឹងអនុវត្តចំពោះតែអ្នកដែល មានលទ្ធផលតេស្តអវិជ្ជមាននៃកូវីដ-១៩ ក៏ដូចជាអ្នកដែលមិនមានរោគសញ្ញាអ្វីសង្ស័យតែប៉ុណ្ណោះ។
 
លើសពីនេះ វិធានការថ្មី នឹងមិនអនុវត្តចំពោះប្រជាជនដែលមកពីអាហ្វ្រិកខាងត្បូង និងប្រេស៊ីលដែល មានករណីកូវីដ-១៩ បំប្លែងខ្លួនរីករាលដាលយ៉ាងខ្លាំងនេះទេ។ កូរ៉េខាងត្បូង ក៏មិនលើកលែងការធ្វើ ចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងនៅបរទេសដែរ បើវ៉ាក់សាំងនោះ មិនមានការយល់ព្រម ឱ្យប្រើប្រាស់នៅកូរ៉េខាងត្បូងដូចជាវ៉ាក់សាំង Sputnik V និង Sinopharm ជាដើម។ 
 
បច្ចុប្បន្ន កូរ៉េខាងត្បូង មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រមាណ១៩២លានដូសនៅក្នុងដៃដែលគ្រប់ គ្រាន់សម្រាប់ប្រជាជនទាំងអស់របស់ខ្លួន។ ប្រទេសនេះ ប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer និង AstraZeneca ដែលតម្រូវឱ្យចាក់២ដង។ ទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពឱសថកូរ៉េខាងត្បូងក៏បាន យល់ព្រមឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ផងដែរ។ 
 
សូមបញ្ជាក់ថា ប្រទេសអាស៊ីខាងកើតមួយនេះ បានចាក់វ៉ាក់សាំងឱ្យប្រជាជនបានចំនួនជិត២,៦លាន នាក់ ដែលស្មើនឹង៥ភាគរយនៃប្រជាជនសរុបចំនួន៥២លាននាក់របស់ខ្លួនរួចហើយ។ កូរ៉េខាងត្បូង ក៏មានមហិច្ឆតាក្នុងការចាក់វ៉ាក់សាំងឱ្យបានចំនួន៧០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួននៅត្រឹមខែ កញ្ញា និងឱ្យបានទូទាំងប្រទេសនៅត្រឹមខែវិច្ឆិកា។ 
គិតត្រឹមថ្ងៃទី២៧ ខែមេសា កូរ៉េខាងត្បូងមានចំនួនករណីវិជ្ជមានសរុបកើនដល់ជាង១២ម៉ឺននាក់ ហើយមានអ្នកស្លាប់ជាង១ពាន់នាក់៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com