ជាតិ
រដ្ឋបាលខេត្តព្រៃវែង ផ្អាកការធ្វើដំណើរចេញចូលភូមិចំនួន២ ក្នុងស្រុកស្វាយអន្ទរ ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩
28, Apr 2021 , 10:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានផ្អាកការធ្វើដំណើរចេញ-ចូលបណ្ដោះអាសន្ន របស់ពលរដ្ឋភូមិ ត្រពាំងធំ និងភូមិឆ្អឹងពស់ ក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ព្រោះរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់នៅទីតាំងភូមិសាស្រ្តនោះ។



នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកធ្វើដំណើរចេញចូលបណ្ដោះអាសន្ន របស់ពលរដ្ឋក្នុងភូមិចំនួន២ គឺភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ក្នុងឃុំពានរោង ចាប់ពីម៉ោងសូន្យៗ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៦នាក់នោះ មានម្នាក់រស់នៅក្នុងភូមិត្រពាំងធំ ២នាក់រស់នៅភូមិព្រៃជ្រាំង ២នាក់ទៀតរស់នៅភូមិឆ្អឹងពស់ និងម្នាក់ទៀតរស់នៅភូមិត្រពាំងស្មៅ។ អ្នកជំងឺទាំង៦នាក់នេះ បានធ្វើដំណើរពីរាជធានីភ្នំពេញ មកស្រុកកំណើតខ្លួន ខេត្តព្រៃវែង។
 
មូលហេតុដែលអាជ្ញាធរ សម្រេចផ្អាកការធ្វើដំណើរចេញចូលតែភូមិ២នោះគឺ អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ ក្នុងភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ បានធ្វើដំណើរក្នុងភូមិរបស់ខ្លួនច្រើនជាងគេ ដែលករណីនេះអាចប្រឈមនឹងការរាលដាលជំងឺចូលក្នុងសហគមន៍។
 
ចំពោះការផ្អាកដំណើរចេញចូលនេះ   អាជ្ញាធរបានចែកចេញជា២គោលដៅ ទី១គឺភូមិត្រពាំងធំ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក ប៉ូ ពេញ និងចំណុចក្លោងទ្វារវត្តរការ។ គោលដៅទី២គឺ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក តឹក គុល និងចំណុចផ្ទះលោក ប៉ាន់ សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ និងភូមិព្រៃនគរ ឃុំពានរោង៕
 
 

Tag:
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com