ជាតិ
លោក ហេង សួរ ៖ភាគីរោងចក្រ កុំទាន់ហៅកម្មករនៅតំបន់លឿងទុំ និងក្រហមចូលធ្វើការងារ
29, Apr 2021 , 11:39 am        
រូបភាព
កម្មកររោងចក្រធ្វើដំណើរទៅបំពេញការងារ។ (រូបដោយ៖ ThmeyThmey)
កម្មកររោងចក្រធ្វើដំណើរទៅបំពេញការងារ។ (រូបដោយ៖ ThmeyThmey)
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឲ្យភាគីរោងចក្រ កុំទាន់ហៅកម្មករនៅតំបន់លឿងទុំ និងក្រហមចូលបំពេញការងារ ដើម្បីកុំឱ្យមានហានិភ័យនៃការឆ្លងកូវីដ-១៩ ។ ករណីភាគីរោងចក្រនិងកម្មករ នៅតំបន់លឿងទុំ និងក្រហមណាមួយ មិនអនុវត្តតាមការណែនាំក្រសួង និងអាជ្ញាធរ នឹងប្រឈមមុខច្បាប់។

 
លោក ហេង សួរ បានបញ្ជាក់ថា រោងចក្រនៅតំបន់លឿងនៅរាជធានីភ្នំពេញ អាចដំណើរការអាជីវកម្មខ្លួនឡើងវិញ ហើយកម្មករនៅតំបន់លឿងក៏អាចទៅបំពេញការងារបានផងដែរ លើកលែងតែអ្នកនៅតំបន់លឿងទុំ និងក្រហមប៉ុណ្ណោះ។ 
 
តាមរយៈសារសំឡេងណែនាំទៅម្ចាស់រោងចក្រ និងភាគីពាក់ព័ន្ធនានា តាមបណ្ដាញសង្គម នៅថ្ងៃទី២៩មេសា អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងមិនអនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិត រួមទាំងម្ចាស់រោងចក្រសហគ្រាសឬក៏រដ្ឋបាល ដែលកំពុងរស់នៅតំបន់ក្រហម និងលឿងទុំ ចេញពីកន្លែងខ្លួនឯងស្នាក់នៅនោះទេ។សូមឲ្យរដ្ឋបាលឬម្ចាស់រោងចក្របញ្ឈប់ការខលឬជូនដំណឹង ទៅបុគ្គលិកកម្មកររបស់ខ្លួន ដែលបញ្ជាក់ហើយថាខ្លួន(កម្មករ)កំពុងនៅតំបន់ក្រហមឬលឿងទុំ ចេញពីកន្លែងរស់នៅរបស់ខ្លួនឲ្យសោះ ព្រោះការបង្ខំឲ្យមនុស្ស ដែលរស់នៅតំបន់ក្រហមឬលឿងទុំ ចេញពីកន្លែង គឺជាការល្មើសនៃច្បាប់០៥៤(ការណែនាំរបស់ក្រសួងការងារ) និងច្បាប់ទប់ស្កាត់ការរាលដាលកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀតដែរ»។ 
 
រោងចក្រដែលនៅតំបន់លឿងគឺអាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយចំនួនកម្មករដែលស្ថិតក្នុងតំបន់លឿងដូចគ្នា។ ករណីភាគីរោងចក្រនិងកម្មករណាមួយ ដែលមិនស្ដាប់តាមការណែនាំរបស់ក្រសួងការងារនិងអាជ្ញាធរ នឹងប្រឈមការពិន័យ ឬការអនុវត្តតាមផ្លូវច្បាប់។ នេះបើតាមការលើកឡើងរបស់លោក ហេង សួរ ដោយស្នើឲ្យកម្មកររាយការណ៍ទៅក្រសួងការងារ ដើម្បីឱ្យក្រសួងដោះស្រាយបញ្ហាជូនពួកគេ ប្រសិនបើភាគីរោងចក្របញ្ឈប់ការងារ ខណៈដែលកម្មករកំពុងជាប់គាំង មិនអាចទៅបំពេញការងារបាន ដោយសារជាប់នៅតំបន់ក្រហម និងតំបន់លឿងទុំនេះ៕ 
 
 

Tag:
 កម្មករ
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com