ជាតិ
កម្មករ៣៨នាក់ និងកុមារីម្នាក់ នៅកំពង់ចាម វិជ្ជមានកូវីដ-១៩
29, Apr 2021 , 2:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
ដោយ:
រដ្ឋបាលខេត្តកំពង់ចាមរកឃើញមនុស្សចំនួន ៣៨នាក់ ដែលជាកម្មករ-កម្មការីនី ធ្វើការនៅរោងចក្រ ក្នុងខេត្តកណ្ដាល និងកុមារីអាយុ៤ឆ្នាំម្នាក់មានវិជ្ជមានកូវីដ-១៩ ។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

 
បើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មនុស្សទាំង ៣៩នាក់ខាងលើ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងខេត្តកំពង់ចាម។ មនុស្សចំនួន៣៨នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ សុទ្ធជាកម្មករ-កម្មការីនី ធ្វើការនៅរោងចក្រ ស៊ិកផ្លើស ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល និងរោងចក្រ សេវេនអិនជី ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកកុមារីខាងលើបានឆ្លងពីម្ដាយដែលមានវិជ្ជមានកូវីដ-១៩។
 
លោក អ៊ុន ចាន់ដា បាននិយាយប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«យើងបានយកពួកគាត់មកព្យាបាលនៅខេត្តកំពង់ចាមហើយ។ យើងបានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេង»។
 
បើតាមរដ្ឋបាលខេត្តកំពង់ចាម ទីតាំងដែលពាក់ព័ន្ធករណីខាងលើ ដែលត្រូវបិទខ្ទប់រួមមាន ឃុំកងតាណឹង,ឃុំស្ដៅ,ឃុំរកាអារ និងឃុំព្រែកកុយ នៃស្រុកកងមាស ។ រីឯឃុំតាំងក្រាំង,ឃុំសំបូរ,ឃុំជាលា នៃស្រុកបាធាយ និងឃុំប្រាំយ៉ាម ឃុំព្រែកពោធិ៍ និងឃុំមានជ័យ ស្រុកស្រីសន្ធរ ក៏ត្រូវបានបិទខ្ទប់ដែរ។
 
បច្ចុប្បន្នខេត្តកំពង់ចាម មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៨០នាក់។ អ្នកកំពុងសម្រាកព្យាបាលសរុបចំនួន ៥៩នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២១នាក់៕
 
 
 

Tag:
 កំពង់ចាម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com