អន្តរជាតិ
ម៉ាឡេស៊ី ដកវ៉ាក់សាំង AstraZeneca ពីកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិ ព្រោះបារម្ភពីសុវត្ថិភាព
29, Apr 2021 , 3:45 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នឹងមិនយកទៅប្រើក្នុងកម្មវិធីចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ម៉ាឡេស៊ីនោះទេ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ Khairy Jamaluddin ។ ការធ្វើបែបនេះគឺដើម្បីបញ្ចៀសការព្រួយបារម្ភរបស់ប្រជាជន ម៉ាឡេស៊ីចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង ក្រោយមានបញ្ហាកំណកឈាម។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីសុខាភិបាល Adham Baba នៅថ្ងៃទី២៨ ខែមេសា លោក Khairy  Jamaluddin បានលើកឡើងថា ទោះបីជាអ្នកជំនាញបានរកឃើញវ៉ាក់សាំង AstraZeneca មានអត្ថប្រយោជន៍លើសពីហានិភ័យក៏ដោយ ម៉ាឡេស៊ីបានកត់សម្គាល់ពីការព្រួយ បារម្ភ និងការសង្ស័យលើសុវត្ថិភាពវ៉ាក់សាំងពីសំណាក់ប្រជាជនខ្លួន។ អាស្រ័យហេតុនេះ ម៉ាឡេស៊ី ក៏ បានសម្រេចដកវ៉ាក់សាំងរបស់ AstraZenca ចេញពីកម្មវិធីចាក់វ៉ាក់សាំងតែម្តង។ 
 
«ក្នុងបញ្ហានេះ វេជ្ជបណ្ឌិត Adam និងខ្ញុំបានពិភាក្សាយ៉ាងជិតស្និទ្ធអំពីការប្រើប្រាស់វ៉ាក់សាំង AstraZeneca ។ យើងមិនចង់ខ្ជះខ្ជាយវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពនោះទេ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ យើងយល់ថា ប្រហែលជាវិទ្យាសាស្ត្រ និងការពិត មិនអាចយកឈ្នះភាពភ័យ ខ្លាច និងព័ត៌មានក្លែងក្លាយក្នុងចំណោមប្រជាជនបានទេ»។ លោក Khairy បានពន្យល់បែបនេះ។ 
 
ទោះមិនប្រើក្នុងយុទ្ធនាការថ្នាក់ជាតិមែន វ៉ាក់សាំងនេះ ក៏នឹងចាក់ឱ្យប្រជាជនដែលស្ម័គ្រចិត្តទទួលដែរ ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងពិសេសមួយ នឹងត្រូវបើកសម្រាប់ប្រជាជនដែលទុកចិត្តលើប្រសិទ្ធភាព វ៉ាក់សាំង AstraZeneca ហើយចង់ចាក់ដោយស្ម័គ្រចិត្ត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
 
លោក Khairy បានប្រកាសដែរថា រដ្ឋ Selangor និងទីក្រុងកូឡាឡាំពួ នឹងក្លាយជាកន្លែងពីរដំបូងគេ ដែលវ៉ាក់សាំងរបស់ AstraZeneca ចំនួន២៦៨,៦០០ដូស ត្រូវបានប្រើលើអ្នកស្ម័គ្រចិត្ត។ 
 
សូមបញ្ជាក់ថា ម៉ាឡេស៊ីទើបតែទទួលបានវ៉ាក់សាំង AstraZeneca ជំហានទីមួយពីយន្តការ COVAX ចំនួនជិត២៧ម៉ឺនដូស នៅទី២៣ ខែមេសា។ ក្រៅវ៉ាក់សាំងរបស់ AstraZeneca ម៉ាឡេស៊ី ក៏ប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Sinovac Biotech របស់ចិនផងដែរ។ គិតត្រឹមថ្ងៃទី២៧ ខែមេសា វ៉ាក់សាំងប្រមាណ១,៣៧លានដូស ត្រូវបានចាក់ជូនប្រជាជនម៉ាឡេស៊ី៕
 

Tag:
 ម៉ាឡេស៊ី
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com