កីឡាអន្តរជាតិ
អន្តរជាតិ
Smalling មិននឹកស្មាន Roma ត្រូវប្រជែងនឹងក្រុមចាស់ Man Utd នៅ Europa
29, Apr 2021 , 4:47 pm        
រូបភាព
Chris Smalling ខ្សែការពារ AS Roma មិននឹកស្មានថា អាចវិលទៅ Old Trafford ដើម្បីប្រកួតជាមួយ Manchester United ក្នុងពានរង្វាន់ដ៏ធំរបស់អឺរ៉ុប នៅរាត្រីថ្ងៃទី២៩ ខែមេសានេះទេ។ Smalling បង្ហាញការខកចិត្តបន្តិចដែរ ដ្បិតគ្រួសារខ្លួនត្រូវទស្សនាប្រកួតរវាងក្លិបពីរដែលជាផ្នែកដ៏សំខាន់ក្នុងអាជីពបាល់ទាត់របស់គេ។


Man Utd នឹងបើកទ្វារផ្ទះស្វាគមន៍ Roma សម្រាប់ជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League។ Smalling ដែលទើបជាពីរបួសជង្គង់ ពេលប៉ះ Cagliari សប្តាហ៍មុន នឹងចូលជួយ Roma ទល់នឹងក្រុមចាស់របស់ខ្លួននេះផងដែរ។
 
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនជាង ៣០០ ប្រកួតឱ្យ Man Utd ក្នុងរយៈពេលជិតមួយទសវត្សរ៍ មុនផ្ទេរទៅ Roma ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ ២០១៩ និងទិញផ្តាច់តែម្តងនៅឆ្នាំបន្ទាប់។
 
មុនជួបក្រុមចាស់ ដែលខ្លួនធ្លាប់ជួយឱ្យឈ្នះជើងឯក Premier League ពីរសម័យកាល Smalling បានអះអាងប្រាប់អ្នកសារព័ត៌មានថានេះជាការប្រកួតដ៏ពិសេសរបស់ខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Old Trafford។
 
«ជិត២ឆ្នាំមកហើយដែលខ្ញុំបានចាកចេញពី Man Utd។ ខ្ញុំសារភាពថានេះជាការខកចិត្តមួយដែរ ខណៈក្រុមគ្រួសាររបស់ខ្ញុំមើលក្រុមពីរដែលជាផ្នែកមួយដ៏ធំនៃអាជីពរបស់ខ្ញុំ។ យ៉ាងណាវាមិនប៉ះពាល់អារម្មណ៍ខ្ញុំឡើង ដ្បិតខ្ញុំស្គាល់ពួកគេ ហើយពួកគេសុទ្ធតែជាមិត្តរបស់ខ្ញុំ»។ នេះជាការរៀបរាប់របស់ Smalling មុនបន្ថែមថារូបគេនៅតែមានភាពជឿជាក់សម្រាប់ការប្រកួតនេះ។
 
ដោយឡែកជំនួបមួយគូទៀត Villarreal បើកទ្វារកីឡដ្ឋាន Estadio de la Ceramica ទទូលភ្ញៀវ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១នេះផងដែរ៕
 

Tag:
 Europa League
  Chris Smalling
© រក្សាសិទ្ធិដោយ thmeythmey.com