COVID-19៖ តើកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ អាចឡើងដល់៤ភាគរយ ដូចការព្យាករដែរទេ?
COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ តើកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ អាចឡើងដល់៤ភាគរយ ដូចការព្យាករដែរទេ?
29, Apr 2021 , 8:59 pm        
រូបភាព
ទិដ្ឋភាពទីក្រុងភ្នំពេញ​នាអំពេលបិទខ្ទប់ ត្រងចំណុចក្បាលថ្នល់ កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២១
ទិដ្ឋភាពទីក្រុងភ្នំពេញ​នាអំពេលបិទខ្ទប់ ត្រងចំណុចក្បាលថ្នល់ កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២១
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានកំណើន៤ភាគរយ។ ទំហំនៃកំណើនសេដ្ឋកិច្ចនេះ ក៏មិនខុសពីការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នាពេលកន្លងមកដែរ ខណៈអ្នកជំនាញសេដ្ឋកិច្ច មើលឃើញថាសេដ្ឋកិច្ចកម្ពុជា អាចមានកំណើនត្រឹមក្នុងរង្វង់៣ភាគរយប៉ុណ្ណោះ។ នោះក៏ព្រោះតែការឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍២០កុម្ភៈ អូសបន្លាយពេលយូរ។


អត្ថបទទាក់ទង
 
ADB  បានព្យាករកាលពីថ្ងៃទី២៨មេសា ឆ្នាំ២០២១ ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើង៤ភាគរយ នៅក្នុងឆ្នាំ២០២១ ហើយនឹងកើនទៅដល់៥,៥ភាគរយ សម្រាប់ឆ្នាំ២០២២។ ADB បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទាំងនេះ  គឺដោយសារតែមានការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់កម្ពុជា។ 
 
ប៉ុន្តែសម្រាប់អ្នកជំនាញសេដ្ឋកិច្ចវិញ កំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើង៤ភាគរយនេះ ស្ថិតនៅក្នុងភាពស្រពិចស្រពិល។ លោក ឆេង គីមឡុង មើលឃើញថា ភាពអូសបន្លាយនៃព្រឹត្តិការណ៍២០កុម្ភៈ នារយៈពេលជាង២ខែមកនេះ  បានធ្វើឱ្យកម្ពុជា បាត់បង់លទ្ធភាពមួយផ្នែកធំ ក្នុងការស្តារសេដ្ឋកិច្ចជាតិ ដែលបានរងគ្រោះពីការរាតត្បាតជំងឺកូវីដ-១៩ជាសកល កាលពីឆ្នាំ២០២០។ 


លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។​ 

ឥទ្ធិពលរលកទីបី នៃការឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចជាតិជាខ្លាំង ជាពិសេសនាពេលអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey នាល្ងាចថ្ងៃទី២៨មេសានាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ បាននិយាយដូច្នេះ៖«ផលប៉ះពាល់ពីព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ស្ទើរពាសពេញកម្ពុជា ពិសេសនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ នាពេលសព្វថ្ងៃនេះ សម្រាប់ឆ្នាំ២០២១នេះ សេដ្ឋកិច្ចជាតិយើង គឺអាចមានកំណើនត្រឹមរង្វង់៣ភាគរយ ឬក្រោមពីនេះ»។ 
 
បើតាមលោក គីមឡុង ផលប៉ះពាល់នៃការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិនេះ គឺបណ្តាលមកពីការអាក់ខានខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចនានា ដែលនាំឱ្យបាត់បង់ប្រភពចំណូល ដោយសារតែការភ័យខ្លាចរបស់ប្រជាជន ក្នុងការឆ្លងជំងឺកូវីដ-១៩ ។ជាពិសេសការអនុវត្តគោលការណ៍នៃការរឹតបន្តឹងរបស់រដ្ឋាភិបាល តាមរយៈការបិទសាលារៀន បិទក្លឹបរង្គសាល បិទសារមន្ទីរ រោងភាពយន្ត និងមណ្ឌលកំសាន្តផ្សេងៗទៀត ហើយឈានដល់ការបិទខ្ទប់រាធានីភ្នំពេញ និងទីក្រុងតាខ្មៅ និងខេត្តមួយចំនួនទៀត។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១២,៦៤១ករណី ក្នុងនោះ ១២,០៩០ ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ៤,៩៨៦នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់៩១នាក់៕ 
 
 
 
 

Tag:
 លោក ឆេង គីមឡុង
  ADB
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com