Manchester United មានភាគរយខ្ពស់ក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ AS Roma ក្នុងលទ្ធផល ៦-២ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នារាត្រីថ្ងៃទី២៩ ខែមេសា។ Arsenal ចាញ់ Villarreal ២-១។
Bruno Fernandes និង Edinson Cavani បានស៊ុតបញ្ចូលទីម្នាក់ពីរគ្រាប់ ខណៈ Paul Pogba និង Mason Greenwood រកបានម្នាក់១គ្រាប់។ ២គ្រាប់របស់ក្រុមភ្ញៀវ Roma សម្រេចបានដោយ Lorenzo Pellegrini និង Edin Dzeko។
តាមរយៈជ័យជម្នះ ៦-២ នៅជើងទី១ដែលធ្វើឡើងនៅ Old Trafford នេះ នឹងជួយក្រុមបិសាចក្រហមមានភាគរយខ្ពស់ក្នុងការបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌលំដាប់ទីពីអឺរ៉ុបរដូវកាល ២០២០-២១នេះ។
ដោយឡែកក្រុមអង់គ្លេសមួយទៀត Arsenal ដែលធ្វើដំណើរទៅកាន់អេស្ប៉ាញសម្រាប់ជំនួបជើងទី១ បានចាញ់ម្ចាស់ផ្ទះ Villarreal ២-១។ Manuel Trigueros និង Raul Albiol ស៊ុតម្នាក់១គ្រាប់សម្រាប់ Villarreal មុនពេល Nicolas Pepe តាមបានមួយគ្រាប់ឱ្យកាំភ្លើងធំវិញដោយទាត់ប៉េណាល់ទី។
យ៉ាងណាក៏ដោយ លទ្ធផល ២-១ នេះនឹងមិនធ្វើឱ្យ Arsenal ពិបាកប្រជែងយកកីអីផ្តាច់ព្រ័ត្រនោះទេ ដ្បិតពួកគេមានទុនគ្រាប់ចំណេញក្រៅដី១គ្រាប់ សម្រាប់ត្រឡប់ទៅទឹកដីខ្លួននៅជើងទី២។