COVID-19
ជាតិ
ផ្សារ២ និងសង្កាត់៣ក្នុងក្រុងសៀមរាប ត្រូវអាជ្ញាធរសម្រេចឱ្យបើកការចេញ-ចូលឡើងវិញ
30, Apr 2021 , 3:45 pm        
រូបភាព
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចឱ្យមានការបើកការចេញ-ចូលឡើងវិញ នូវផ្សារ២ និងសង្កាត់៣ ក្នុងក្រុងសៀមរាប ក្រោយស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ មានភាពធូរស្រាល។

 
ផ្សារក្រោម ផ្សារវត្តអធ្វា ដែលរដ្ឋបាលខេត្តសម្រេចបិទកាលពីថ្ងៃទី១៥ ខែមេសា និងសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប ដែលបិទខ្ទប់ពីថ្ងៃទី១៧ ខែមេសា នោះ ត្រូវបានអាជ្ញាធរបើកឱ្យមានការចេញ-ចូល ឬលក់ដូរឡើងវិញហើយ។ ការបើកផ្សារនៅពេលនេះដែរ គឺក្រោយពេលដែលសំណាកតេស្ដរបស់ក្រុមអាជីវករ ត្រូវបានបញ្ជាក់ថាអវិជ្ជមានចំនួន២លើកផងដែរ។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ផ្សារនិងសង្កាត់ខាងលើ នឹងបើកវិញជាធម្មតាចាប់ពីថ្ងៃទី៣០ ខែមេសាតទៅ។ យ៉ាងណា រដ្ឋបាលខេត្តបង្គាប់ឱ្យអាជ្ញាធរ ក៏ដូចជាម្ចាស់ផ្សារ ត្រូវបន្តការយកចិត្តទុកដាចំពោះវិធានការសុខាភិបាល ដោយមានដាក់ម៉ាស៊ីនវាស់កម្ដៅ ទឹកអាល់កុល ឬតម្រូវឱ្យអាជីវករ ប្រជាពលរដ្ឋ ពាក់ម៉ាស់ ព្រមទាំងរក្សាគម្លាតសង្គម ឱ្យបានត្រឹមត្រូវផងដែរ ដើម្បីបង្ការជំងឺកូវីដ១៩ កុំឱ្យឆ្លងជាថ្មីទៀត។
 
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ផ្សារចំនួន៤ ដែលត្រូវអាជ្ញាធរបិទខ្ទប់បណ្ដោះអាសន្ន មានផ្សារភូមិភាគ៤ ផ្សារក្រោម ផ្សារវត្តអធ្វា និងផ្សារកន្រ្តក។ ផ្សារ៣បើកដំណើរការវិញ រីឯផ្សារកន្រ្តក ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់នៅថ្ងៃទី៣០នេះ ខណៈពាក់ព័ន្ធនឹងអ្នកជំងឺដែលទើបរកឃើញថ្មី៕


 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com