COVID-19
ជាតិ
COVID-19៖ មេភូមិ យា ធារិន ប្រឹងប្រែងទាញភូមិ១៦ ចេញពី«តំបន់ក្រហម»
30, Apr 2021 , 6:59 pm        
រូបភាព
ប្រជាពលរដ្ឋ​ភូមិ១៦ ក្នុង​តំបន់ក្រហម ទទួល​អំណោយ​របស់​រដ្ឋាភិបាល
ប្រជាពលរដ្ឋ​ភូមិ១៦ ក្នុង​តំបន់ក្រហម ទទួល​អំណោយ​របស់​រដ្ឋាភិបាល
ភ្នំពេញ៖ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានអាជ្ញាធរប្រកាសជាតំបន់ក្រហម ដែលជាទីតាំងរីករាលដាលធ្ងន់ធ្ងរ។ ក្នុងវិបត្តិនេះ តើមេភូមិត្រូវធ្វើការមមាញឹក និងមើលការខុសត្រូវប្រជាពលរដ្ឋមូលដ្ឋានយ៉ាងណាខ្លះ?



ពលរដ្ឋក្នុងភូមិ១៦ ជិត៤០នាក់ បានឆ្លងជំងឺកូវីដ-១៩ ដែលភាគច្រើន ជាអាជីវករលក់ដូរនៅផ្សារដើមគ។ កាលពីថ្ងៃទី១៩ មេសា ភូមិ១៦ នៃសង្កាត់បឹងសាឡាង មានទីតាំងចាប់ពីស្ដុបផ្សារដើមគរ ដល់គល់ស្ពានស្ទឹងមានជ័យ ជាតំបន់ក្រហម ដែលអាជ្ញាធរបិទខ្ទប់ ដោយសារមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ 
 
អ្នកស្រី យា ធារិន ដែលជាមេភូមិ១៦ បានខិតខំសម្ភីជួយសម្របសម្រួលជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីយកសំណាកប្រជាពលរដ្ឋ។ ថ្ងៃទី១ នៃការយកសំណាក ស្រ្តីជាមេភូមិរូបនេះ បានចំណាយពេលតាំងពីព្រឹកព្រលឹមដល់ម៉ោង ៩យប់ ទើបយកសំណាកប្រជាពលរដ្ឋចប់។ អំឡុងពេលកូវីដលុកលុយភូមិ១៦ ស្រ្តីវ័យ ៥៨ឆ្នាំរូបនេះ ក៏រវល់រៀបចំស្បៀងអាហារ និងអង្ករ ដើម្បីឧបត្ថម្ភដល់ពលរដ្ឋដែលខ្វះខាត។ 


ប្រជាពលរដ្ឋ​ភូមិ១៦ ក្នុង​តំបន់ក្រហម ទទួល​អំណោយ​របស់​រដ្ឋាភិបាល១ 

សកម្មភាពដើរស្រែកតាមឧគ្ឃោសនសព្ទ ដើម្បីអញ្ជើញប្រជាពលរដ្ឋទៅធ្វើសំណាកមិនមែនជាការងាយស្រួលឡើយ។ អ្នកស្រី និយាយថា៖ «អ្នកខ្លះគាត់មិនយល់ទេ គាត់មិនចូលរួម ព្រោះគាត់ខ្លាចឈឺ។ ខ្ញុំប្រាប់គាត់ថា មិនឈឺទេ ព្រោះវាអាចដឹងពីសុខភាពរបស់យើង»។
 
ទិដ្ឋភាពភូមិ១៦ ក្នុងអំឡុងពេលចាត់ជា «តំបន់ក្រហម»
ពេលព្រឹកអ្នកស្រី ធារិន ត្រូវដើរមើលតាមភូមិ និងពេលរសៀលចាំទទួលទូរស័ព្ទប្រជាពលរដ្ឋដែលមានបញ្ហា។ ចំណែកការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ១៦វិញ បានប្រែជាស្ងាត់ច្រងំ មិនមានការលក់ដូរ ឬចរាចរណ៍មមាញឹកដូចសព្វដងឡើយ។ ប្រជាពលរដ្ឋក្នុងភូមិ១៦ តម្រូវឱ្យនៅក្នុងផ្ទះ ដោយមិនអាចធ្វើដំណើរចេញពីតំបន់ក្រហមឡើយ។
 
ភូមិ១៦ មានពលរដ្ឋរស់នៅប្រមាណ ៧០០គ្រួសារ ខ្លះជាមន្រ្តីរាជការ អ្នកជំនួញ និងមួយចំនួនធំ ជាអាជីវករផ្សារដើមគ។ ក្នុងអំឡុងពេលនៃការបិទខ្ទប់ និងចាត់ជាតំបន់ក្រហម  ពលរដ្ឋភូមិ១៦ ត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរមូលដ្ឋាន និងបានចែកអំណោយដល់ពលរដ្ឋ ដែលខ្វះខាត។ កាលពីថ្ងៃទី២៨ មេសា កន្លងទៅ ពលរដ្ឋក្នុងភូមិ១៦ ចំនួន ៥៣គ្រួសារ បានទទួលអំណោយពីសប្បុរជន។ 
 
ការចាប់ផ្ដើមនៃការឆ្លងកូវីដ-១៩ ក្នុងមូលដ្ឋានភូមិ១៦ បានធ្វើឱ្យអ្នកស្រី ធារិន មានអារម្មណ៍ភ័យព្រួយ៖ «ពេលមានកូវីដនៅភូមិខ្ញុំដំបូង ខ្ញុំភ័យណាស់ ខ្លាចតែឆ្លងច្រើន។ ណាមួយ មានអ្នករស់នៅផ្ទះជួលច្រើន»។  អ្នកស្រី បន្តថា មានតែការចូលរួមរបស់ប្រជាពលរដ្ឋទេ ទើបអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
ការដាក់អាសយដ្ឋានមិនច្បាស់លាស់របស់អ្នកជំងឺកូវីដ-១៩ បង្កផលលំបាកដល់មេភូមិ
នេះជាការងារថ្មី សម្រាប់មេភូមិ១៦ ដែលខុសពីការងារជាមេភូមិ ដែលធ្វើតាំងពីឆ្នាំ២០០៦។ អ្នកស្រី ធារិន មានភារកិច្ចជាច្រើនត្រូវធ្វើ ទាំងការងារជាមួយពលរដ្ឋក្នុងភូមិ និងធ្វើរបាយការណ៍ជូនថ្នាក់លើ។ ទន្ទឹមនឹងនោះ អ្នកស្រី ធារិន ក៏បានត្អូញត្អែរពីការលំបាក ដែលពលរដ្ឋមានជំងឺកូវីដ-១៩មួយចំនួន លាក់បាំងទីលំនៅរបស់ខ្លួន។ 
 
មេភូមិ១៦ រៀបរាប់ថា៖ «ផលលំបាកដែលអាជ្ញាធរមូលដ្ឋាន  មិនអាចក្ដោបព័ត៌មានបាន ដោយសារអ្នកជំងឺកូវីដ-១៩ខ្លះ លាក់បាំងអាសយដ្ឋាន។ ខ្លះមិនបានដាក់ភូមិដែលខ្លួនរស់នៅទេ ដោយដាក់តែសង្កាត់ប៉ុណ្ណោះ។ បើគាត់ដាក់ឈ្មោះភូមិយើងស្រួលទៅរក»។
 
កន្លងមក មានអ្នកជំងឺកូវីដ-១៩ ក្នុងភូមិ១៦ ដែលទៅពិនិត្យសំណាក និងមានលទ្ធផលវិជ្ជមាន មិនបានដាក់អាសយដ្ឋានភូមិដែលខ្លួនរស់នៅឡើយ។ ការដាក់ទីលំនៅច្បាស់លាស់របស់អ្នកជំងឺ អាចធ្វើឱ្យអាជ្ញាធរមូលដ្ឋានងាយស្រួលធ្វើការ និងចុះទៅទប់ស្កាត់បានទាន់ពេលវេលា។


ប្រជាពលរដ្ឋ​ភូមិ១៦ ក្នុង​តំបន់ក្រហម ទទួល​អំណោយ​របស់​រដ្ឋាភិបាល១ 

ការពារមូលដ្ឋាន តែមេភូមិ១៦ ក៏មិនភ្លេចការពារខ្លួន និងគ្រួសារ
ក្រោយពីបញ្ចប់ការងារ ដើរមើលក្នុងភូមិទាំងថ្ងៃ និងយប់ជ្រៅ អ្នកស្រី ធារិន ដែលមានវ័យ៥៨ឆ្នាំ ត្រូវត្រឡប់ទៅផ្ទះវិញ។ ទោះមមាញឹកនឹងការងារ តែអ្នកស្រី ធារិន មិនភ្លេចការពារខ្លួន និងគ្រួសារឡើយ។ ពេលទៅដល់ផ្ទះ អ្នកស្រី តែងពិសាទឹកក្ដៅ បាញ់អាកុលលើខ្លួនប្រាណ និងប្រញាប់ទៅងូតទឹកសម្អាតខ្លួន។ ចំណែកគ្រួសាររបស់ អ្នកស្រី ធារិន ក៏បារម្ភពីសុវត្ថិភាពរបស់អ្នកស្រីផងដែរ។ ទោះរស់នៅជុំគ្នាជាមួយគ្រួសារប្រមាណ ១០នាក់ តែអ្នកស្រី ធារិន មិនបានទៅប្រាស្រ័យទាក់ទងនឹងគ្រួសារឡើយ។ អ្នកស្រី ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពអ្នកផ្ទះ។ 
 
ដើម្បីសម្រួលការងារ និងទប់ស្កាត់ការប្រឈមខ្លាំង ក្នុងនាមជាអាជ្ញាធរដែលចុះទៅទីតាំងកើតកូវីដ-19 អ្នកស្រីមេភូមិ១៦ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ២លើករួចហើយ។ លើសពីនេះ អ្នកស្រី ក៏បានយកសំណាក ដើម្បីប្រាកដថាមិនមានកូវីដ-១៩។  
 
ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បង្រៀនពីរបៀបធ្វើការថ្មីដល់មេភូមិវ័យ ៥៨ឆ្នាំរូបនេះ 
ផ្ដើមកាន់តួនាទីជាមេភូមិចាប់ពីឆ្នាំ ២០០៦មក អ្នកស្រី យា ធារិន មិនសូវជួបបញ្ហាលំបាកដូចពេលនេះឡើយ។ ចំពោះអ្នកស្រី យា ធារិន ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង២០ កុម្ភៈនេះ ពិតជាមានផលលំបាក និងបានបង្រៀនមេរៀនថ្មីៗជាច្រើន។ 
 
«ការងារនេះ ប្លែកជាងការងារពីមុន។ ប្លែងត្រង់ថា ជំងឺនេះវាឆ្លងលឿន។ បើយើងទប់ស្កាត់មិនទាន់ពេលវេលា វានឹងរីកកាន់តែច្រើន»។ នេះជាការលើកឡើងរបស់មេភូមិ១៦ ដោយបន្ថែមថា ការងារនេះ ទាមទារឱ្យអ្នកស្រី នៅជាប់ជាមួយពលរដ្ឋ និងណែនាំពលរដ្ឋឱ្យឧស្សាហ៍លាងដៃ រក្សាគម្លាតជាប្រចាំ។ 
 
ទោះខ្លួនជាមេភូមិស្រ្តី និងមានវ័យចំណាស់ក៏ដោយ តែការងារក្នុងមូលដ្ឋាន អ្នកស្រី ធារិន ធ្វើការមិនចាញ់មេភូមិជាបុរសទេ។ អ្នកស្រី ធារិន លើកទឹកចិត្តដល់យុវជន ដែលចង់ក្លាយជាប្រធានភូមិ ឱ្យចេះយល់ដឹងពីការងារក្នុងមូលដ្ឋាន និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ មេភូមិ១៦ យល់ថាយុវជនបច្ចុប្បន្ន មានចំណេះដឹង និងមានសក្ដានុពល ពិសេសយុវជនចេះប្រើប្រាស់បច្ចេកវិទ្យា ដែលងាយស្រួលក្នុងការធ្វើការ៕ 
 

Tag:
 មេភូមិ
  សង្កាត់បឹងសាឡាង
  ខណ្ឌទួលគោក
© រក្សាសិទ្ធិដោយ thmeythmey.com