អន្តរជាតិ
ប៉ាគីស្ថាន នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន១៥លានដូសនៅពីរខែទៀត
30, Apr 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្រ្តីសុខាភិបាលប៉ាគីស្ថាន នៅថ្ងៃទី២៩ ខែមេសា បញ្ជាក់ថា ប៉ាគីស្ថាននឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួនជាង១៥លានដូសក្នុងរយៈពេល២ខែខាងមុខ។ វ៉ាក់សាំងចំនួន១៣លានដូស នឹងទទួលបានមកពីក្រុមហ៊ុនចិន ហើយជាង២លានដូសទៀត នឹងបានតាមរយៈយន្តការ COVAX ។


ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនចំនួន៣ ជាអ្នកផ្គត់ផ្គង់វ៉ាក់សាំង១៣លានដូស ឱ្យប៉ាគីស្ថានរួមមាន Sinopharm, Sinovac និង CanSinoBio។ នេះបើតាមការបញ្ជាក់ របស់រដ្នមន្ត្រីសុខាភិបាល ប៉ាគីស្ថាន Faisal Sultan។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រហែល២,៤លានដូសទៀត នឹងទទួល បានពីយន្តការចែកចាយវ៉ាក់សាំង COVAX ដែលត្រូវរំពឹងថា នឹងទៅដល់ក្នុងអំឡុងពេល២ខែខាង មុខ។ 
 
«យើងនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីប្រភពផ្សេងៗនៅទូទាំងពិភពលោក»។ ។ លោក Sultan បានលើកឡើងដូចនេះ មុនបន្ថែមថា ចិននៅតែជាប្រភពវ៉ាក់សាំងចម្បង ដើម្បីបំពេញតម្រូវការក្នុង បច្ចុប្បន្ន និងអនាគត។ ប៉ុន្តែគ្រប់ជម្រើស ទាំងអស់របស់ប៉ាគីស្ថាន បើកចំហសំរាប់តែវ៉ាក់សាំងដែល មានប្រសិទ្ធភាព និងសុវត្ថិភាពប៉ុណ្ណោះ។ 
 
វ៉ាក់សាំងដែលជាជំនួយក្រោមយន្តការ COVAX សម្រាប់ប៉ាគីស្ថាន ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលទំនងជាមកពីកូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ ប៉ាគីស្ថាន ត្រូវទទួលបានវ៉ាក់សាំងពីយន្តការ COVAX ជាង ១៤លានដូសនៅត្រឹមចុង ខែឧសភា។ តែដោយសារឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដ៏ធំបានជួបវិបត្តិធ្ងន់ធ្ងរ បានបញ្ឈប់ ការនាំចេញវ៉ាក់សាំងជាបន្ទាន់ ដែលធ្វើឱ្យមានការយឺតយ៉ាវក្នុងការចែកចាយវ៉ាក់សាំងបន្តរបស់ COVAX ។ 
 
ប៉ាគីស្ថាន ចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យប្រជាជនតាំងពីខែកុម្ភៈ ជាមួយនឹងវ៉ាក់សាំងប្រមាណ១,២លាន ដូសដែលបានផ្តល់ដោយចិន។ ប្រទេសអាស៊ីខាងត្បូងមួយនេះ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំដល់៤៩ឆ្នាំចាប់ពីថ្ងៃទី៣ ខែឧសភាតទៅផងដែរ។ បច្ចុប្បន្ននេះ ប៉ាគីស្ថាន មានប្រជាជនជាង២លាននាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងក្នុងចំណោមប្រជាជន សរុបជាង២២០លាននាក់។ នេះជាអត្រាទាបបំផុតនៅតំបន់អាស៊ីខាងត្បូង។ 
 
សូមបញ្ជាក់ថា ប៉ាគីស្ថានបានប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន Sinopharm, Sinovac ដែលចាក់ពីរដង និង CanSinoBio ដែលចាក់តែមួយដងរបស់ចិនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន។ គិតត្រឹមថ្ងៃទី៣០ ខែមេសា ប៉ាគីស្ថានមានករណីវិជ្ជមានកូវីដ-១៩ ជាង៨២ម៉ឹននាក់ និងមានអ្នកស្លាប់ ជាង១ម៉ឺននាក់ផងដែរ៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com