អន្តរជាតិ
ឥណ្ឌូណេស៊ី អនុម័តវ៉ាក់សាំងកូវីដ-១៩ របស់ Sinopharm សម្រាប់ប្រើប្រាស់បន្ទាន់
30, Apr 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
និយតករឱសថឥណ្ឌូណេស៊ី នៅថ្ងៃទី៣០ ខែមេសា បានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ ក្រុមហ៊ុមចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងរបស់ Sinopharm នឹងត្រូវប្រើក្នុង កម្មវិធីចាក់វ៉ាក់សាំងរបស់វិស័យឯកជន ដោយក្រុមហ៊ុននានាអាចទិញវ៉ាក់សាំងពីរដ្ឋាភិបាល ឥណ្ឌូណេស៊ីទៅចាក់ឱ្យបុគ្គលិកពួកគេ។


វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងទីបី ដែលទទួលបានការ អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅឥណ្ឌូណេស៊ី បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech និង ក្រុមហ៊ុន AstraZeneca ។ វ៉ាក់សាំងរបស់ Sinopharm ជាង៤៨២០០០ដូស នឹងត្រូវដឹកជញ្ជូនទៅ ដល់ឥណ្ឌូណេស៊ីនៅថ្ងៃទី៣០ ខែមេសា។ 
 
«ផ្អែកលើការវាយតំលៃ និងការពិចារណាអំពីផលប្រយោជន៍រួមទាំងហានិភ័យរបស់វ៉ាក់សាំង Sinopharm ទីភ្នាក់ងារស្បៀងអាហារ និងឱសថឥណ្ឌូណេស៊ី បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជា បន្ទាន់»។ ប្រធានទីភ្នាក់ងារស្បៀងអាហារ និងឱសថឥណ្ឌូណេស៊ី លោកស្រី Penny K. Lukito បាន ថ្លែងក្នុងសន្និសីទកាសែតបែបនេះ មុនបន្ថែមថា អ្នកទទួលវ៉ាក់សាំង Sinopharm ត្រូវតែមានអត្រានៃ អង្គបដិប្រាណខ្ពស់ និងកម្រមានរោគសញ្ញាដូចជាហើម ឬរាគ។
 
លោក Verdi Budidarmo នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Kimia Farma ដែលនឹងចែកចាយ វ៉ាក់សាំងបានអះអាងថា កម្មវិធីចាក់វ៉ាក់សាំងឯកជន នឹងចាប់ផ្តើមនៅខែឧសភា។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន Reuters ។ ការធ្វើបែបនេះនឹងអាចពន្លឿនដំណើរការចាក់វ៉ាក់សាំងនៅ ឥណ្ឌូណេស៊ី ព្រោះបានជួយរដ្ឋាភិបាលក្នុងផ្ដល់វ៉ាក់សាំងដល់ប្រជាជនទូទាំងប្រទេស។
ឥណ្ឌូណេស៊ី មិនមានទិន្នន័យលម្អិតអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm នោះទេ។ ប៉ុន្តែ វិទ្យាស្ថានផលិតផលជីវសាស្ត្រប៉េកាំង ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំងនេះធ្លាប់អះអាងថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាព ៧៩,៣៤ភាគរយ ក្នុងការការពារមនុស្សពីការវិវត្តនៃជំងឺកូវីដ-១៩ ។
 
តាមពិតទៅ កម្មវិធីចាក់វ៉ាក់សាំងរបស់ឥណ្ឌូណេស៊ីមានការយឺតយ៉ាវ ដោយសារឥណ្ឌាបានហាមឃាត់ ការនាំចេញវ៉ាក់សាំង និងបញ្ហាផ្គត់ផ្គង់ផ្សេងទៀត។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានសង្ឃឹមថា យុទ្ធនាការផ្ដល់វ៉ាក់សាំង អាចនឹងមានដំណើរការឡើងវិញនៅ ខែឧសភា។ 
 
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនបានប្រមាណ១២,៣ លាននាក់មកហើយក្នុងចំណោមប្រជាជន ២៧០ លាននាក់។ ឥណ្ឌូណេស៊ី គ្រោងចាក់វ៉ាក់សាំងឱ្យ ប្រជាជនចំនួន១៨១,៥ លាននាក់នៅត្រឹមខែមករាឆ្នាំ២០២២ ។ 
 
កាលពីថ្ងៃទី២៦ ខែមេសា ឥណ្ឌូណេស៊ី ទទួលវ៉ាក់សាំង AstraZeneca ចំនួន៣,៨៥លានដូស។ បើតាមលោក Budi វ៉ាក់សាំងរបស់ Sinovac ចំនួន១០ទៅ១៥លានដូសផ្សេងទៀត នឹងទៅដល់ ឥណ្ឌូណេស៊ីនៅរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ គិតត្រឹមថ្ងៃទី៣០ ខែមេសានេះ ឥណ្ឌូណេស៊ី មានករណីឆ្លងសរុបចំនួន ១,៦៦ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង៤ម៉ឺននាក់៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com