៤ខែនេះ ខេត្តព្រៃវែងនាំចេញស្រូវជាង ៩៣ម៉ឺនតោន ទៅវៀតណាម
ជាតិ
សេដ្ឋកិច្ច
៤ខែនេះ ខេត្តព្រៃវែងនាំចេញស្រូវជាង ៩៣ម៉ឺនតោន ទៅវៀតណាម
30, Apr 2021 , 8:59 pm        
រូបភាព
រយៈពេល ៤ខែនេះ ខេត្តព្រៃវែង បាននាំចេញស្រូវសរុប ៩៣២ ៤៥៨តោន ទៅប្រទេសវៀតណាម។ ក្រៅពីស្រូវ ខេត្តព្រៃវែង ក៏បាននាំចេញផ្លែស្វាយ ៩៦,១៦៤តោន ទៅកាន់វៀតណាមផងដែរ។ នេះបើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបង្ហោះលើគណនីហ្វេសប៊ុកខ្លួន។

 
លោក អ៊ុក សំណាង បានបញ្ជាក់ថា ស្រូវដែលនាំចេញទៅវៀតណាម មាន២ប្រភេទ។ ក្នុងនោះស្រូវប្រភេទ IR504 អាចលក់បានតម្លៃ ៩៥០រៀល ក្នុងមួយគីឡូក្រាម។ រីឯស្រូវប្រភេទ OM5451 លក់បានតម្លៃ ៩១០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកផ្លែស្វាយ ដែលនាំទៅវៀតណាម ទទួលបានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 

បន្លែក្នុងខេត្តព្រៃវែង (រូបភាពពីហ្វេសប៊ុកលោក អ៊ុក សំណាង)

បើតាមលោក អ៊ុក សំណាង ការងារបង្កបង្កើនផលស្រូវវដូវប្រាំងនៅខេត្តព្រៃវែងក្នុងឆ្នាំនេះ បានបញ្ចប់ ១០០ភាគរយ។ ចំពោះការងារប្រមូលផលស្រូវវដូវប្រាំងវិញ ត្រៀមនឹងបញ្ចប់ ដែលសម្រេចបាន ៩៥ភាគរយ។ ដំណាំដែលកសិករខេត្តព្រៃវែងនិយមដាំដុះក្រៅពីការធ្វើស្រែ មានបន្លែគ្រប់ប្រភេទ ដំណាំពោត ដំឡូងជ្វា ម្ទេស ឪឡឹក ពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ឈូក ជាដើម។
 
វិបត្តិកូវីដ-១៩ នៅកម្ពុជាមិនទាន់ថមថយឡើយ ដែលធ្វើឲ្យរាជរដ្ឋាភិបាល បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល រហូតដល់ថ្ងៃទី៥ ខែឧសភា។ ក្នុងអំឡុងពេលនេះ តម្លៃកសិផលភាគច្រើនធ្លាក់ចុះ និងគ្មានទីផ្សារ ព្រោះឈ្មួញមិនអាចនាំបន្លែទាំងនោះ ទៅដល់ទីផ្សារក្នុងរាជធានីភ្នំពេញបាន។ សម្រាប់ខេត្តព្រៃវែង អាចនាំចេញកសិផលទៅវៀតណាម អំឡុងវិបត្តិកូវីដ-១៩នេះ៕ 
 
 

Tag:
 ព្រៃវែង
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com