កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ផ្អាកសកម្មភាពលើបណ្តាញសង្គម ដើម្បីប្រឆាំងការរើសអើងតាមអ៊ីនធឺណិត
30, Apr 2021 , 10:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) កាលពីថ្ងៃព្រហស្បតិ៍ (២៩ មេសា) ចួលរួមធ្វើពហិការកីឡាលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចុងសប្តាហ៍នេះដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត។


កីឡាករបាល់ទាត់ល្បីៗ និងលេចធ្លោមួយចំនួនបានទទួលរងការរើសអើងជាតិសាសន៍យ៉ាងខ្លាំងក្លានៅប៉ុន្មានខែចុងក្រោយនេះនៅលើបណ្តាញសង្គម។ ដោយសារទង្វើមិនសមរម្យកើនឡើង បានជំរុញឱ្យមានការអំពាវនាវឱ្យក្រុមហ៊ុនអ៊ីនធឺណិត បង្កើតសកម្មភាពតឹងរឹងជាងមុន។
 
សម្ព័ន្ធសហព័ន្ធកីឡាបាល់ទាត់ជាច្រើន រួមមានអង់គ្លេស និង Premier League នឹងមិនចុះផ្សាយ ឬបង្ហោះអ្វីលើបណ្តាញសង្គមរបស់ពួកគេទេនៅចុងសប្តាហ៍នេះ។ របៀបធ្វើពហិការដើម្បីប្រឆាំងការរសើអើងដូច្នេះ ទទួលបានការគាំទ្រពីស្ថាប័នកីឡា អ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយរហូតពួកគេចូលរួមអនុវត្តតាម។
 
UEFA បានប្រកាសលើវេបសារបស់ខ្លួនថា នឹងចូលរួមប្រឆាំងសកម្មភាពរើសអើង ដោយមិនផ្សាយអ្វីទេនៅចុងសប្តាហ៍នេះ ពោលគឺចាប់ពីថ្ងៃសុក្រទី៣០ ខែមេសា រហូតដល់ថ្ងៃច័ន្ទទី២ ខែឧសភា។
 
លោក Aleksander Ceferin ប្រធាន UEFA អះអាងជុំវិញការសម្រេចចូលរួមយុទ្ធនាការនេះថា៖ «មានការរំលោភបំពានទាំងនៅលើទីលាន និងនៅលើបណ្តាញសង្គម។ នេះមិនអាចទទួលយកបានទេហើយចាំបាច់ត្រូវបញ្ឈប់ដោយមានជំនួយពីអាជ្ញាធរសាធារណៈ និងស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស។ ការអនុញ្ញាតិឱ្យវប្បធម៌ស្អប់ខ្ពើមរីកដុះដាលជាមួយនិទណ្ឌភាព នឹងបង្កឱ្យមានគ្រោះថ្នាក់ មិនត្រឹមតែសម្រាប់បាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូលផងដែរ»។
 
កន្លងមក Thierry Henry អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជម្រើសជាតិបារាំង ធ្លាប់បានអនុវត្តរួចមកហើយ ដោយប្រកាន់ជំហរដាច់ខាតក្នុងការប្រឆាំងនឹងការរើសអើងពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Henry ដែលមើលឃើញពីការរំលោភបំពានលើអ៊ីនធឺណិតកើនឡើងកាន់តែខ្លាំងនាពេលបច្ចុប្បន្ន រហូតលុបគណនីបណ្តាញសង្គមរបស់ខ្លួនទៀតផង៕
 

Tag:
 UEFA
  រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com