ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! រឿងអ្វីខ្លះនឹងកើតឡើងចំពោះរាងកាយ នៅពេលអ្នកស្រកទម្ងន់?
01, May 2021 , 6:59 am        
រូបភាព
ការស្រកទម្ងន់មិនត្រឹមតែធ្វើឱ្យតែក្បាលពោះមានភាពប្រែប្រួលប៉ុណ្ណោះទេ ប៉ុន្តែគឺចំពោះរាងកាយទាំងមូលតែម្ដងដែលជួបប្រទះការផ្លាស់ប្ដូរជាច្រើន។ ហើយតើអ្នកធ្លាប់ឆ្ងល់ទេថានឹងមានអ្វីកើតឡើងចំពោះរាងកាយ ក៏ដូចជាខួរក្បាលទៅនៅពេលអ្នកស្រកទម្ងន់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងនូវអ្វីដែលអាចនឹងកើតឡើង ៖

 
១. ភាពប្រែប្រួលនៃកម្រិតអ័រម៉ូនស្ត្រេស cortisol
 
ភាគច្រើននៃពួកយើងតែងយកចិត្តទុកដាក់ចាប់អារម្មណ៍លើឥទ្ធិពលនៃការស្រកទម្ងន់លើរាងកាយដូចជាចង្កេះប្រែជារួមតូច ស្រកក្បាលពោះ ស្រកខ្លាញ់ដើមដៃនិងភ្លៅជាដើម ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាការស្រកទម្ងន់ក៏ជះឥទ្ធិពលលើកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងរាងកាយផងដែរ! វាអាចនាំឱ្យកើនឡើង ឬថយចុះជាងមុន។ ដូច្នេះដើ​ម្បីជាការប្រសើរអ្នកត្រូវធ្វើយ៉ាងណារក្សាឱ្យបាននូវរបបអាហារមានសុខភាពល្អដែលសម្បូរប្រូតេអ៊ីន បន្លែផ្លែឈើ និងរបបអាហារមានផ្ទុកជាតិស្ករទាប។ កុំភ្លេចធ្វើលំហាត់ប្រាណងាយៗដែលជួយបន្ថយកម្រិតនៃអ័រម៉ូនស្ត្រេសដូចជាសមាធិនិងយូហ្កាជាដើម។
 
២. ឈប់ស្រមុក
 
ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ការស្រកទម្ងន់យ៉ាងហោចណាស់ ៥ ភាគរយអាចជួយឱ្យអ្នកគេងលក់បានស្រួលស្កប់ និងយូរជាងមុននៅពេលយប់។ សូម្បីតែការស្រកទម្ងន់ត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏វាអាចជួយកាត់បន្ថយទម្ងន់ដែលលើសនៅជុំវិញករបស់អ្នកដែលជាញឹកញយរារាំងផ្លូវដង្ហើមខាងលើ ហើយធ្វើឱ្យរោគសញ្ញានៃការគេងមិនដកដង្ហើម និងស្រមុកកាន់តែធ្ងន់ធ្ងរ។
 
៣. ចំណង់អាហារកើនឡើង
 
នៅពេលអ្នកស្រកទម្ងន់ វាការកត់បន្ថយកម្រិតនៃអ័រម៉ូន leptin ដែលបញ្ចេញដោយកោសិកាខ្លាញ់បញ្ជូនសញ្ញាទៅខួរក្បាលថាអ្នកឆ្អែត។ ខណៈដែលរាងកាយព្យាយាមធ្វើឱ្យកម្រិតអ័រម៉ូន leptin ត្រឡប់មកធម្មតាវិញ គឺវាអាចនាំឱ្យចំណង់អាហាររបស់អ្នកកើនឡើង និងឃ្លានទទួលទានអាហារសម្បូរទៅដោយជាតិខ្លាញ់ និងកាឡូរីខ្ពស់។ ប៉ុន្តែកុំឆាប់ចុះចាញ់ ក៏ព្រោះការឃ្លានទាំងនេះនឹងបាត់ទៅវិញដោយឯកឯងនៅពេលរាងកាយស៊ាំនឹងរបបអាហរ ក៏ដូចជារបៀបនៃការរស់នៅថ្មីរបស់អ្នក។
 
៤. ការចងចាំប្រសើរឡើងជាងមុន
 
ខួរក្បាល គឺជាសរីរាង្គមួយទៀតដែលទទួលបានអត្ថប្រយោជន៍ពីការស្រកទម្ងន់។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា ការស្រកទម្ងន់ ឬបាត់បង់នូវជាតិខ្លាញ់ដែលលើសអាចបង្កើនសមត្ថភាពនៃការចងចាំរបស់ខួរក្បាល រួមទាំងការរៀបចំគម្រោង, បង្កើតយុទ្ធសាស្ត្រ និងរៀបចំអ្វីមួយ។ ក្រោយស្រកទម្ងន់នោះខួរក្បាលរបស់អ្នកក៏ប្រែជាសកម្មជាងមុននៅពេលរក្សាទុកនូវការចងចាំថ្មីៗ។
 
៥. មិនសូវឈឺក្បាលញឹកញាប់ដូចមុន
 
ទោះបីជាការធាត់ជ្រុលមិនបង្កឱ្យកើតមានបញ្ហាឈឺក្បាលដោយផ្ទាល់ក៏ដោយ ក៏វាបង្កើនហានិភ័យនៃអាការៈឈឺក្បាលប្រកាំងដល់ទៅ ៥០ ភាគរយ។ កោសិកាខ្លាញ់បង្កើនបរិមាណនៃការរលាកក្នុងរាងកាយដែលអាចបង្កជាអាការៈឈឺក្បាលប្រកាំង។ ដូច្នេះហើយទើបការស្រកទម្ងន់អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈឺក្បាល។
 
៦. ងងុយគេងជាងមុន
 
សម្រេចអ្នកដែលធ្លាប់មានបទពិសោធន៍តមអាហារនិងហាត់ប្រាណសម្រកទម្ងន់ គឺអាចនឹងមានអារម្មណ៍ងងុយគេងជាងធម្មតា។ នេះក៏ព្រោះតែរាងកាយអស់កម្លាំងនិងស្ថិតក្នុងស្ថានភាពនឿយហត់ដែលជាការឆ្លើយតបទៅនឹងការថយចុះនៃកម្រិតកាឡូរីផងដែរ។ ទោះជាក្រោយពេលស្រកទម្ងន់បានដូចប្រាថ្នាហើយក៏ដោយ ក៏អ្នកចាំបាច់ត្រូវរក្សាឱ្យបាននូវរបបអាហារសុខភាពល្អគួបផ្សំនឹងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយកុំភ្លេចគេងឱ្យបានគ្រប់គ្រាន់ ៨ម៉ោងក្នុងមួយយប់។
 
៧. វដ្តរដូវប្រែប្រួល
 
កម្រិតនៃអ័រម៉ូន គឺមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងទម្ងន់នៃរាងកាយ។ ដូច្នេះនៅពេលស្រក ឬកើនទម្ងន់ នោះប្រព័ន្ធអង់ដូគ្រីនរបស់អ្នកនឹងជួបប្រទះនូវភាពប្រែប្រួលជាមិនខាន។ ការឡើង ឬធ្លាក់ចុះនូវកម្រិតនៃអ័រម៉ូន estrogen និង testosterone អាចបណ្ដាលឱ្យមានភាពមិនប្រក្រតីនៃការមកឈាមរដូវដូចជា ឈាមរដូវតិច ឬច្រើន និងរយៈពេលនៃការមករដូវខ្លី ឬវែង។
 
៨. លែងឈឺសន្លាក់ជង្គង់
 
ការស្រកទម្ងន់ត្រឹមតែ ១​ ផោន បានកាត់បន្ថយសម្ពាធនៅលើសន្លាក់ជង្គង់ដល់ទៅ ៤ ផោន។ លើសពីនេះទៅទៀត ការស្រកទម្ងន់ ឬខ្លាញ់នៅជុំវិញក្បាលពោះច្រើនអាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ និងជំងឺសន្លាក់ដទៃទៀត។
 
៩. ស្បែកប្រែជាស្រស់ថ្លាជាងមុន
 
ការស្រកទម្ងន់ដែលលើសមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនសម្រស់របស់អ្នកផងដែរ ដោយជួយឱ្យស្បែកប្រែជាស្រស់ថ្លាជាងមុន និងឈប់របក, សក់ក៏ប្រែជាកាន់តែក្រាស់ ហើយក្រចកប្រែជារឹងមាំ។
 
១០. ថាមពលកើនឡើង
 
រឿងដំបូងបំផុតដែលអ្នកនឹងជួបប្រទះក្រោយពេលស្រកទម្ងន់ដែលលើសនោះ គឺការកើនឡើងនូវថាមពលរាងកាយ។ មូលហេតុដ៏សាមញ្ញនោះ គឺទម្ងន់កាន់តែតិចធ្វើឱ្យអ្នកអាចសន្សំកម្លាំងបានច្រើនសម្រាប់ធ្វើសកម្មភាពសំខាន់ផ្សេងៗ។ ក្រៅពីនេះ ការស្រកទម្ងន់បង្កើនប្រសិទ្ធិភាពនៃការស្រូបយកអុកស៊ីសែន ដូច្នេះអ្នកនឹងមិនជួបប្រទះបញ្ហាពិបាកដកដង្ហើមទៀតទេនៅពេលឡើងជណ្ដើរ ឬក្រោយពីរត់បន្តិច។
 
១១. មានអារម្មណ៍ត្រជាក់ជាងមុន
 
ក្រោយពេលស្រកទម្ងន់ មនុស្សភាគច្រើននឹងសម្គាល់ឃើញថាសមត្ថភាពឆ្លើយតបជាមួយសីតុណ្ហភាពត្រជាក់របស់ពួកគេមានភាពប្រែប្រួល។ នេះ គឺជារឿងធម្មតាមួយនៅពេលអ្នកចាប់ផ្ដើមស្រកទម្ងន់ដោយសារភាពប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ជាទូទៅក្រពេញទីរ៉ូអ៊ីតបានបង្កើតអ័រម៉ូនដែលជួយគ្រប់គ្រងសមត្ថភាពរាងកាយដើម្បីបង្កើនសីតុណ្ហភាព ឬកម្ដៅនៅពេលត្រជាក់។ នៅពេលស្រកទម្ងន់អ័រម៉ូនដែលបង្កើតឡើងដោយក្រពេញទីរ៉ូអ៊ីតនេះត្រូវបានថយចុះបណ្ដាលឱ្យអ្នកមានអារម្មណ៍ចាញ់ត្រជាក់ ឬឆាប់ត្រជាក់ខុសប្លែកមុន។ ទោះជាយ៉ាងណាកុំបារម្ភ! ការគួបផ្សំគ្នារវាងរបបអាហារនិងការធ្វើលំហាត់ប្រាណ កម្រិតនៃអ័រម៉ូននេះនឹងអាចត្រឡប់មកប្រក្រតីវិញយ៉ាងឆាប់រហ័ស៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com