ជាតិ
សង្គមជាតិ
ភោជនីយដ្ឋានតាមបណ្តាខេត្ត នៅតែរងផលប៉ះពាល់ដោយសារការបិទខ្ទប់រាជធានី
01, May 2021 , 8:30 am        
រូបភាព
 
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលប្រកាសឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឡើងវិញ ម្ចាស់ភោជនីយដ្ឋាននៅតាមបណ្ដាខេត្តនានា ក៏បានបើកដំណើរការអាជីវកម្មខ្លួន ឡើងវិញផងដែរ។ ទោះបីអាជ្ញាធរអនុញ្ញាតឲ្យបន្តអាជីវកម្ម តែម្ចាស់ភោជនីយដា្ឋនមួយចំនួន ហាក់គ្មានសង្ឃឹមថាមានភ្ញៀវឡើយ ព្រោះអតិថិជនគោលដៅរបស់ពួកគេភាគច្រើនជា អ្នកភ្នំពេញ ខណៈភ្នំពេញនៅតែបន្តបិទខ្ទប់ដដែល។



ពលរដ្ឋនៅរាជធានីភ្នំពេញ គឺជាអតិថិជនគោលដៅសម្រាប់ភោជនីយដ្ឋាន នានានៅតាម បណ្ដាខេត្ត។ ម្ចាស់ភោជនីយដ្ឋានភាគច្រើន ដំណើរការអាជីវកម្ម ដោយពឹងផ្អែកភ្ញៀវទេសចរ ពិសេសអ្នកភ្នំពេញនេះតែម្ដង។ បន្ទាប់ពីរដ្ឋាភិបាលបន្តបិទខ្ទប់ការរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ម្ចាស់អាជីវកម្មទាំងនោះ មិនសង្ឃឹមឡើយថា អាចរកចំណូលបានពីរបរខ្លួន។

លោក ឌុក ដេត ជាម្ចាស់ភោជនីយដ្ឋានសួនមេអំបៅក្នុងខេត្តសៀមរាប។ ក្រោយសេចក្ដី ប្រកាសរបស់រដ្ឋាភិបាល លោក បានបើកភោជនីយដ្ឋានឡើងវិញ។ ក្រោយបិទជាង១សប្ដាហ៍ ហើយបើកឡើងវិញ ហាងរបស់លោក នៅតែគ្មានអតិថិជន។

«ហាងសួនមេអំបៅ» ធ្លាប់តែមានភ្ញៀវច្រើន ទាំងភ្ញៀវជាតិ និងបរទេស ពេលខ្លះត្រូវកក់កន្លែង មុននោះ ប្រែមកជាស្ងាត់ បន្ទាប់ពីផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍២០កុម្ភៈ ហើយ រឹតស្ងាត់ជ្រងំថែមទៀតនោះបន្ទាប់ពីមានការបិទខ្ទប់តំបន់ និងឆ្លងកាត់ខេត្ត។ បច្ចុប្បន្ន មួយថ្ងៃលោក ដេត ទទួលបានភ្ញៀវត្រឹម៣នាក់ប៉ុណ្ណោះ។
 
«ពេលបើកឡើងវិញនេះ ខ្ញុំគ្មានសង្ឃឹមទេថាមានភ្ញៀវច្រើន ព្រោះអតិថិជនគោលដៅ របស់ ហាងមេអំបៅភាគច្រើនជាអ្នកភ្នំពេញ។ តែបើភ្នំពេញបិទអ៊ីចឹង ឥឡូវមានតែសង្ឃឹមភ្ញៀវ ក្នុងតំបន់ អ្នកខេត្តសៀមរាបនេះ។ ពីមុនហាងខ្ញុំមានភ្ញៀវបរទេសច្រើន តែឥឡូវសូម្បីតែ ភ្ញៀវគោលដៅក្នុងស្រុកហ្នឹងក៏ពិបាកដែរ»។ នេះជាការរៀបរាប់របស់លោក ឌុក ដេត ដោយបន្តថា លោក បានពង្រឹងការគ្រប់គ្រងហាងឡើងវិញ ដោយរៀបចំតុ សម្រាប់ ភ្ញៀវពិសារអាហារពីមួយទៅមួយគម្លាត១,៥ម៉ែត្រតម្រូវឲ្យភ្ញៀវត្រូវស្កេន QR Code វាស់កម្ដៅ និងបាញ់អាល់កុលសម្រាប់ភ្ញៀវមុនចូលហាងផងដែរ។

ម្ចាស់ហាងរូបនេះ លើកឡើងថាកន្លងមកមុនពេលហាងបិទ ដែលកូវីដ-១៩ បានផ្ទុះខ្លាំងក្នុង ខេត្តសៀមរាប លោកបានផ្អាកទទួលភ្ញៀវពិសាក្នុងហាង ដោយទទួលតែការវេចខ្ទប់ប៉ុណ្ណោះ ហើយមកដល់បច្ចុប្បន្ន ការបញ្ជាទិញដោយវេចខ្ចប់ក៏នៅតែមាន។

លោក បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថាទោះបីបច្ចុប្បន្ន ហាងយើងជួបការលំបាក រកចំណូលលែងបាន ប៉ុន្តែលោកមិនបានបញ្ឈប់បុគ្គលិកណាម្នាក់ឡើយ។ ផ្ទុយទៅវិញ លោក បានឲ្យពួកគេប្ដូរពេលធ្វើគ្នា រាល់កន្លះខែម្ដងដើម្បីជួយសម្រួលដល់ជីវភាពពួកគេ និងហាងផង។

មិនខុសអ្វីពីហាងសួនមេអំបៅឡើយ សូម្បីភោជនីយដ្ឋានច័ន្ទមណ្ណីមណ្ណីច័ន្ទ ដែលស្ថិតនៅ ក្រុងពោធិ៍សាត់ក៏ស្ងាត់ភ្ញៀវក្រោយដំណើរការឡើងវិញនេះដែរ។ លោក តេង សួរ ជាម្ចាស់ភោជនីយដ្ឋានច័ន្ទមណ្ណីមណ្ណីច័ន្ទ បានរៀបរាប់ប្រាប់ សារព័ត៌មាន ថ្មីៗ២៥ដូច្នេះថា៖«ពេលបើកឡើងវិញនេះសង្ឃឹមចេះតែសង្ឃឹមហើយ តែមានភ្ញៀវ ឬគ្មានភ្ញៀវ អាស្រ័យអ្នកក្រុង(ភ្នំពេញ) ដែរ។ បើឥឡូវក្រុង(ភ្នំពេញ) គេមិនទាន់បើកផង មានភ្ញៀវមកពីណា»។

ភោជនីយដ្ឋានច័ន្ទមណ្ណីមណ្ណីច័ន្ទបើកអាជីវកម្មរំពឹងលើភ្ញៀវទេសចរពីរាជធានីភ្នំពេញ ហើយនៅពេលរាជធានីបន្តបិទខ្ទប់បែបនេះម្ចាស់ភោជនីយដ្ឋានរូបនេះ គ្មានក្ដី រំពឹងទៀតឡើយ។

លោក បានរៀបរាប់បន្តដូច្នេះថាភ្ញៀវហាងខ្ញុំមិនសូវមានឡើយអ្នកក្នុងខេត្ត ភាគច្រើន ជាអ្នកដំណើរឆ្លងកាត់ខេត្តមកពីភ្នំពេញ ឬអ្នកទេសចរពីភ្នំពេញតែម្ដង។ ធ្លាប់តែមានភ្ញៀវកុះករ ទាំងពេលព្រឹកថ្ងៃត្រង់ និងពេលល្ងាច ត្រូវប្រែជាស្ងាត់ដោយសារជំងឺកូវីដ-១៩ផ្ទុះឡើង ក្នុងព្រឹត្តការណ៍ សហគមន៍២០កុម្ភៈ។

ម្ចាស់ភោជនីយដ្ឋានរូបនេះ បានលើកឡើងដូច្នេះថា បច្ចុប្បន្នហាងលោក ដំណើរការឡើងវិញ ដោយការពារខ្ពស់បំផុត មុនពេលអនុញ្ញាតឲ្យភ្ញៀវចូលត្រូវស្កេន QR Code បាញ់អាល់កុល វាស់កម្ដៅ និងរក្សាគម្លាតផងដែរ។

លើសពីនេះទៅទៀត ភោជនីយដ្ឋាន ច័ន្ទមណ្ណីមណ្ណីច័ន្ទ ទទួលភ្ញៀវឲ្យចូល ពិសារអាហារ ក្នុងហាងចំពោះតែអ្នកក្នុងខេត្តប៉ុណ្ណោះ ចំពោះអ្នកដំណើរ និងភ្ញៀវពីខេត្តដទៃ អាចបញ្ជារទិញដោយវេចខ្ចប់ប៉ុណ្ណោះ។

លោក បន្ថែមថាទោះស្ថិតក្នុងស្ថានភាពលំបាក ភោជនីយដ្ឋានធ្លាក់ចុះចំណូលច្រើន ប៉ុន្តែលោកមិនបានបញ្ឈប់បុគ្គលិកឡើយ។

រដ្ឋាភិបាល បានដកចេញនូវបម្រាមធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ព្រមទាំងអនុញ្ញាតឱ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បើកដំណើរការអាជីវកម្មវិញផងដែរ បន្ទាប់ពីបានបិទជិត ២០ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែបន្តបិទខ្ទប់(Lockdown) រហូតដល់ថ្ងៃទី៥ឧសភា ឆ្នាំ២០២១ ដោយសារ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ឬចំនួនអ្នកជំងឺនេះ នៅតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

 

 

Tag:
 ហាងមេអំបៅ
  ពោធិ៍សាត់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com