ជាតិ
សង្គមជាតិ
រដ្ឋ បានចំណាយថវិកា៣៣ប៊ីលានរៀល ដល់ស្ត្រីសម្រាលកូន ជាង៨ម៉ឺននាក់ នៅឆ្នាំ២០២០
01, May 2021 , 6:59 pm        
រូបភាព
នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និងបានផ្ដិតរូបភាពជាមួយកម្មការិនីមានផ្ទៃពោះ កាលពីឆ្នាំ២០១៨ កន្លងមក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និងបានផ្ដិតរូបភាពជាមួយកម្មការិនីមានផ្ទៃពោះ កាលពីឆ្នាំ២០១៨ កន្លងមក
 
ភ្នំពេញ៖ រដ្ឋាភិបាល បានចំណាយថវិកា៣៣ប៊ីលានរៀល (ជាង៨លានដុល្លារអាមេរិក) ដល់ស្ត្រីសម្រាលកូន នៅឆ្នាំ២០២០កន្លងមក។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសារលិខិតនៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៥។



ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី ៨១, ៩៩០នាក់ ដែលបានសម្រាលកូនចំនួន ៨២,៥២៧ (មានកូនភ្លោះ) នូវទឹកប្រាក់៣៣ប៊ីលានរៀល។ បើតាមរដ្ឋាភិបាល តួលេខស្ត្រីសម្រាលកូន នៅឆ្នាំ២០២០ មានការកើនឡើង៧,៣ភាគរយ ខណៈទារកកើតមក ក៏កើនឡើង៧,៣ភាគរយដែរ។

រដ្ឋាភិបាល បានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ ដែលបានសម្រាលកូននេះ ចាប់តាំងពីឆ្នាំ២០១៨មក។ រយៈពេល៣ឆ្នាំមកនេះ រដ្ឋបានចំណាយទឹកប្រាកអស់៨៧,១ប៊ីលានរៀលហើយ (ជាង២១លានដុល្លារអាមេរិក)។

គោលនយោបាយឧបត្ថម្ភសាច់ប្រាក់នេះ គឺរដ្ឋ នឹងផ្ដល់ដល់កម្មការិនី​រោងចក្រ និងមន្ត្រីសាធារណៈ ដែល​សម្រាលកូន១នាក់ នឹងទទួល​ប្រាក់​៤០​ម៉ឺន​រៀល, កូនភ្លោះ​ទទួល​ប្រាក់​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​៣ ទទួលបាន​ទឹកប្រាក់​១​លាន ២​សែន​រៀល ។ សម្រាប់​អ្នក​សម្រាល​កូនភ្លោះ​៣​នេះ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​លាន​រៀល​បន្ថែម ពីស​ម្ដេច ហ៊ុន សែន ផងដែរ​។ ប៉ុន្តែ​ក្នុងករណី​កម្មការិនី និងមន្ត្រីសាធារណៈ ដែល​សម្រាលកូន​ហើយ មិន​ទទួលបាន​ប្រាក់​​ឧបត្ថម្ភពី​រដ្ឋាភិបាល​នោះ ត្រូវ​ប្រាប់​សម្ដេច ហ៊ុន សែន តាមរយៈ​ការផ្ញើ​សារ​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​សម្ដេច​។

ចំពោះគោលនយោបាយនេះ រដ្ឋាភិបាល បានរៀបចំ​ថវិកា​១០​លាន​ដុល្លារក្នុងមួយឆ្នាំ សម្រាប់​លើកទឹកចិត្ត​ដល់​ស្ត្រីមាន​ផ្ទៃពោះ​នេះ​។ នេះបើតាមលោកនាយករដ្ឋមន្ត្រី កន្លងមក៕


Tag:
 ហ៊ុន សែន
  កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com