ជាតិ
សង្គមជាតិ
វិជ្ជមាន​កូ​វីដ​ម្នាក់ទៀត​នៅ​សៀមរាប ជា​អ្នកបើករថយន្ត​បញ្ញើ​ទំនិញ​ពីភ្នំពេញ
01, May 2021 , 9:38 pm        
រូបភាព
អគារព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបភាព៖ អ៉ីសា រ៉ហានី
អគារព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបភាព៖ អ៉ីសា រ៉ហានី
​សៀមរាប​៖ បុរស​អ្នកបើករថយន្ត​ប​ញ្ជើ​ទំនិញ​ម្នាក់ តេស្ដ​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​១ ឧសភា នេះ ក្រោយ​បុរស​រូបនេះ ដឹកទំនិញ​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្តកំពង់ធំ គោលដៅ​មក​ខេត្តសៀមរាប​។

 
​យោងតាម​សេចក្ដី​ជូន​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប បុរស​ខាងលើ​មានឈ្មោះ ម៉​ង់ ប៊ុន​ថែ​ន អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ខ្នារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកបើករថយន្ត​បញ្ញើ​ទំនិញ​ឱ្យ​ក្រុមហ៊ុន​ឯកជន ក្នុង​គោលដៅ​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្តសៀមរាប​។​
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់​ពី​ករណីនេះ​ថា នៅ​ថ្ងៃទី​១ ឧសភា បុរស​ខាងលើ​បាន​បើករថយន្ត​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ព្រំប្រទល់​សៀមរាប​-​កំពង់ធំ និង​ត្រូវបាន​មន្ត្រី​នៅ​ទីនោះ​បញ្ជូន​ឱ្យមក​ពិនិត្យ​សំណាក​នៅ​សាលា​គុរុ​កោសល្យ​ខេត្ត ហើយ​ចុងក្រោយ​បាន​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃ​ដដែល​។​ លោក ក្រុស សារ៉ាត់ បន្ថែមថា ករណីនេះមិនទាន់មានការប៉ះពាល់ដល់អ្នកឯទៀត ដែលរស់នៅក្នុងខេត្តសៀមរាបនោះទេ។
 
​រដ្ឋបាល​ខេត្តសៀមរាប បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ត្រូវ​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ហើយ​ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព ត្រូវ​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរ​សព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១ ឧសភា ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៣៨​នាក់​ហើយ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្នុង​នោះបាន​ជាសះស្បើយ​១៤​នាក់ និង​២៤​នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com