COVID-19
ជាតិ
ក្រសួង​ព័ត៌មាន បន្ត​អនុញ្ញាតឱ្យ​អ្នកកាសែត ធ្វើដំណើរ​នៅ​តំបន់​បិទ​ខ្ទប់ លើកលែង​តំបន់​ក្រហម ដល់​ថ្ងៃទី​៥ ឧសភា​
01, May 2021 , 10:20 pm        
រូបភាព
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់របស់រដ្ឋាភិបាល ខណៈអ្នកសារព័ត៌មាន ចុះផ្ដិតយករូបភាពបិទខ្ទប់ព្រំប្រទល់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ មេសា ២០២១
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់របស់រដ្ឋាភិបាល ខណៈអ្នកសារព័ត៌មាន ចុះផ្ដិតយករូបភាពបិទខ្ទប់ព្រំប្រទល់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ មេសា ២០២១
ភ្នំពេញ​៖ អ្នកកាសែត អាចធ្វើ​ដំណើរ​នៅ​តំបន់​បិទ​ខ្ទប់ លើកលែងតែ​តំបន់ក្រហម រហូតដល់​ថ្ងៃទី​៥ ឧសភា​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២៨ មេសា​។​


 
​អ្នកកាសែត​នៅតាម​ស្ថាប័ន​ផ្សព្វផ្សាយ ភាគច្រើន​ទទួលបាន​លិខិតអនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន ក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​បិទ​ខ្ទប់ នៅក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល​ហើយ​។ ប៉ុន្តែ​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន​នោះ បានកំណត់​កាលបរិច្ឆេទ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​៣០ មេសា​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បន្ត​ពន្យា​បិទ​ខ្ទប់​មួយ​សប្ដាហ៍​ទៀត រហូតដល់​ថ្ងៃទី​៥ ឧសភា នោះ ទើប​ក្រសួង​ព័ត៌មាន​សម្រេច​បន្ត​សុពលភាព​ឱ្យ​អ្នកសារព័ត៌មាន ប្រើប្រាស់​លិខិត​ដែល​ទទួល​អនុញ្ញាត​ពី​ក្រសួង រហូតដល់​ថ្ងៃ​កំណត់​បិទ​ខ្ទប់​របស់​រដ្ឋ​ដែរ​។​
 
​លិខិត​របស់​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល សម្រាប់​រយៈពេល​៧​ថ្ងៃ​បន្តទៀត រហូតដល់​ថ្ងៃទី​៥ ឧសភា ២០២១ ដូច្នេះ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​ព័ត៌មាន​ទាំងអស់ ដែល​បានទទួល​លិខិតអនុញ្ញាត​ធ្វើដំណើរ​ពី​ក្រសួង​ព័ត៌មាន អាច​បន្ត​សុពលភាព និង​ប្រើប្រាស់​លិខិតអនុញ្ញាត​ធ្វើដំណើរ រហូតដល់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល​បាន​បិទ​បញ្ចប់​»​។​
 
​ដ្បិត​ក្រសួង​ព័ត៌មាន បន្ត​សុពលភាព​ដល់​ការធ្វើដំណើរ​របស់​កាសែត​ពិតមែន ប៉ុន្តែ​អ្នកកាសែត​ដែលមាន​លិខិតអនុញ្ញាត​របស់​ក្រសួង​នេះ អាច​ឆ្លងកាត់​ត្រឹមតែ​តំបន់​លឿង និង​លឿងទុំ​ប៉ុណ្ណោះ ដោយ​មិនអាច​ឆ្លងកាត់​តំបន់​ក្រហម​បានឡើយ​។ នេះ​បើតាម​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។
​អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖«​ក្រសួង​ព័ត៌មាន​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ដែល​បានចេញ​រួចហើយ​ជូន​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​រហូតដល់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដក បម្រាម​រាំងខ្ទប់​។ ប៉ុន្តែ​លិខិត​នេះ​មិនអាច​ប្រើប្រាស់​បានទេ​សម្រាប់​ការធ្វើដំណើរ​ក្នុង​តំបន់​ក្រហម​»​។​
 
​រដ្ឋាភិបាល សម្រេច​ចេញ​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល​នេះ ក្នុង​គោលបំណង ហាម​ពលរដ្ឋ​ដែល​គ្មាន​ភារកិច្ច​ចាំបាច់​នោះ ចេញ​ក្រៅ​ពាសវាល​ពាសកាល ដែលនាំឱ្យ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​។ វិធានការ​របស់​រដ្ឋ​បែបនេះ ក្នុងទិសដៅ​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការចម្លង​រប​ស់មេ​រោគ​ដ៏​កាច​សាហាវ​មួយ​នេះ​។​
 
​ក្រៅពី​ចេញ​វិធាន​ការបិទ​ខ្ទប់ រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ភ្នំពេញ និង​ខេត្តកណ្ដាល ក៏​ចេញ​កំណត់​តំបន់​លឿង លឿងទុំ និង​ក្រហម ដើម្បី​ងាយស្រួល​គ្រប់គ្រង​ស្ថាន​ការ​ណ័​ទៀតផង​។ តំបន់​ដែល​ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម គឺ​សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​រាលដាល​កូ​វីដ​-១៩ ធ្ងន់ធ្ងរ តំបន់​លឿងទុំ​ក្នុង​កម្រិត​មធ្យម និង​លឿង​សម្រាប់​កម្រិត​ស្រាល​។ 
 
អត្ថបទទាក់ទង
 
គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៣,៧៩០​ករណី ក្នុងនោះ​១៣,២៣៧​នាក់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​។ ចំណែក​អ្នកជា​សះស្បើយ​៥,២០០​នាក់ និង​ស្លាប់​៩៦​នាក់​៕
 
 
 
 

Tag:
 ​អ្នក​សា​ព័ត៌មាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com