COVID-19
ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យកំណត់ភូមិចំនួន២ជាតំបន់ក្រហម
02, May 2021 , 10:20 am        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយ:
 
ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យបានកំណត់ភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ ក្នុងក្រុងប៉ោយប៉ែត ជាតំបន់ក្រហម។ ភូមិទាំងពីរនេះកំពុងតែមានការរាតត្បាតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។



លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃទី១ ខែឧសភា ថា ពលរដ្ឋក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មិនត្រូវធ្វើដំណើរចេញពីផ្ទះឡើយ។

ផ្សារ ទីកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ សកម្មភាពការងារ និងអាជីវកម្មទាំងអស់ក្នុងតំបន់ក្រហម ក៏មិនអនុញ្ញាតឲ្យបើកដំណើរការផងដែរ។ នេះបើតាមលោក អភិបាលខេត្តបន្ទាយមានជ័យ។

លោកអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សកម្មភាពការងារផ្នែកសេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹក សេវាសង្រ្គោះបន្ទាន់ សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន,សេវាផ្គត់ផ្គង់ស្បៀងអាហាររបស់រដ្ឋ និងជំនួយសង្រ្គោះ,សេវាផ្គត់ផ្គត់ និងផលិតមី និងសេវាប្រមូលសំរាម ត្រូវបានអនុគ្រោះ។
 
លោក អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវអនុវត្តតាមវិធានកាច្បាប់យ៉ាងម៉ឹងម៉ាត់  និងឈានដល់តុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ រួមទាំងឃាត់ទុកយានជំនិះរបស់ខ្លួនជាបណ្តោះអាសន្ន។
 
ក្រោយផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩នៅខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានសម្រេចអនុវត្តបម្រាមគោចរ ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។  ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលនៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងផ្លូវនានា ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។
 
អភិបាលខេត្តបន្ទាយមានជ័យ ក៏បានសម្រេចផ្អាកបណ្តោះអាសន្ន រាល់អាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យផងដែរ។
 
 





Tag:
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com