COVID-19
អន្តរជាតិ
អ្នកជំនាញជំងឺឆ្លងអាមេរិក៖ ឥណ្ឌាគួរតែបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ករណីឆ្លងកូវីដ-១៩
02, May 2021 , 11:28 am        
រូបភាព
លោក Anthony Fauci អ្នកជំនាញជំងឺឆ្លងអាមេរិក។ រូបភាព៖ AFP
លោក Anthony Fauci អ្នកជំនាញជំងឺឆ្លងអាមេរិក។ រូបភាព៖ AFP
 
ឥណ្ឌា គួរតែបិទខ្ទប់ប្រទេសរយៈពេល ៣ ឬ ៤សប្តាហ៍សិន ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ-១៩ និងបង្ការករណីឆ្លង កុំឱ្យកើនឡើងបន្ថែមទៀត។ លោក  Anthony Fauci ទីប្រឹក្សាជំងឺឆ្លងអាមេរិក បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយ ​ដែលចុះផ្សាយនៅថ្ងៃទី១ ខែឧសភា។



ករណីឆ្លងនៅឥណ្ឌា បានហក់ឡើងដល់ជាង ៤០ម៉ឺនករណី​ នៅថ្ងៃទី១ ខែឧសភា ស្របពេលរដ្ឋាភិបាលក្រុងញូវដែលី នៅតែបន្តបដិសេធក្នុងការបិទខ្ទប់ប្រទេស ដោយសារបារម្ភពីការប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាជន និងកង្វះស្បៀងអាហាររបស់ប្រជាជន។

ទាក់ទិននឹងបញ្ហានេះ លោក Anthony Fauci ទីប្រឹក្សាជំងឺឆ្លងអាមេរិក បានជំរុញឥណ្ឌាបិទប្រទេស។ «ខ្ញុំគិតថា បញ្ហាដែលសំខាន់បំផុត    គឺទទួលបានអុកស៊ីសែន គ្រឿងផ្គត់ផ្គង់, ថ្នាំពេទ្យ, សម្ភារការពារខ្លួន និងសម្ភារផ្សេងទៀត»។ លោក Fauci បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានឥណ្ឌា the Indian Express ដោយបន្ថែមថា ស្របគ្នានេះ រឿងដែលត្រូវធ្វើ គឺបិទខ្ទប់ប្រទេសភ្លាមៗ។

ក្នុងន័យនេះ អ្នកជំនាញជំងឺឆ្លងអាមេរិក បានផ្តល់អនុសាសន៍ថា បើសិនបើឥណ្ឌាបិទប្រទេស ឥណ្ឌាកុំបិទរយៈពេល ៦ខែ ប៉ុន្តែគ្រាន់តែបិទបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៅក្នុងប្រទេស។ គ្មាននរណា ចង់បានការបិទក្រុងទេ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើវា អ្នកនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ដ្បិតឥណ្ឌា មិនបានបិទប្រទេសទាំងស្រុងក៏ដោយ ប៉ុន្តែតំបន់មួយចំនួន ក៏ស្ថិតនៅក្រោមការរឹតត្បិតផងដែរ។ រដ្ឋMaharashtra និងរដ្ឋធានីញូវដែលីជាដើម បានដាក់ការរឹតត្បិតយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ជំងឺឆ្លង៕


Tag:
 ឥណ្ឌា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com