កីឡាអន្តរជាតិ
អន្តរជាតិ
Man City នឹងលើកពាន EPL តែម្តង បើ Man Utd ចាញ់ Liverpool យប់នេះ
02, May 2021 , 1:30 pm        
រូបភាព

Manchester City នឹងក្លាយជាងជើងឯក Premier League ដោយស្វ័យប្រវត្តិតែម្តងប្រសិនបើ Manchester United ចាញ់ Liverpool នៅយប់ថ្ងៃទី២ ខែឧសភានេះ ។ ក្រុមលោក Pep Guardiola មាន១៣ពិន្ទុ ឈរពីលើ Man Utd ក្រោយឈ្នះ Crystal Palace ក្នុងជំនួបសប្តាហ៍ទី៣៤របស់ពួកគេ។



Man City បច្ចុប្បន្នមាន៨០ពិន្ទុ ពោលគឺនាំមុខ Man Utd ដែលសល់មួយប្រកួតក្នុងដៃ ចំនួន១៣ពិន្ទុ ខណៈការប្រកួតរដូវកាល ២០២០-២១ នេះ នៅសល់៤ប្រកួតទៀតប៉ុណ្ណោះ។ បិសាចក្រហមនឹងត្រូវទទួលភ្ញៀវហង្សក្រហមនៅ Old Trafford សប្រាប់ការប្រកួតទី៣៤របស់ពួកគេនៅវេលាម៉ោង ១០ និង ៣០នាទីយប់នេះ។

ក្រុមលោក Ole Gunnar Solskjaer ត្រូវការ៣ពិន្ទុជាចាំបាច់ពី Liverpool ដើម្បីបន្តដង្ហើមក្នុងការប្រជែងពានលីគកំពូលអង់គ្លេសបន្តទៀត។ ផ្ទុយទៅវិញប្រសិនបើពួកគេចាញ់ នោះក្រុមមេឃខៀវនឹងគ្រងជើងឯករដូវកាលនេះតែម្តង។

សម្រាប់ Man Utd ប្រហែលជាមិនងាយស្រួលនោះទេ ស្របពេលដែលក្រុមលោក Juergen Klopp ក៏ត្រូវការជ័យជម្នះផងដែរក្នុងការដណ្តើមតំណែង Top 4 ដើម្បីបានកៅអីលេង Champions League រដូវកាលក្រោយ។

Liverpool រកបាន៥៤ពិន្ទុពីការប្រកួត៣៣លើក តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៧ពិន្ទុ ប៉ុន្តែតោខៀវប្រកួតជំនួបទី៣៤រួចហើយ។ Leicester City ដែលឈរលេខ៣ មាន៦៣ពិន្ទុពីការប្រកួត៣៤លើក ក៏មិនទាន់កក់ក្តៅសម្រាប់តំណែង Top 4 ដែរ។ ក្រុមដែលមានឱកាសប្រជែងកៅអី Champions League មាន Everton លេខ៨ មាន៥២ពិន្ទុ Spurs លេខ៧ មាន៥៣ពិន្ទុ Liverpool លេខ៦មាន៥៤ពិន្ទុ និង West Ham លេខ៥ មាន៥៥ពិន្ទុ។

ដោយឡែក ក្រុមបាតតារាង West Bromwich Albion និង Fulham ទំនងជាមិនអាចគេចផុតពីការកាត់ចោលទៅតាម Sheffield United ឡើយ ពីព្រោះពួកគេមានមានគម្លាតពិន្ទុឆ្ងាយពីក្រុមតំបន់សុវត្ថិភាព៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com