កីឡាអន្តរជាតិ
អន្តរជាតិ
ប្រកួតយប់នេះ Spurs ពាក់អាវពិសេសជាភាសាខ្មែរដើម្បីបង្ហាញការគាំទ្រអង្គការផ្កាយសមុទ្រ
02, May 2021 , 4:12 pm        
រូបភាព
ក្រុមកីឡាករ Tottenham Hotspur នឹងពាក្យអាវពិសេសដែលមានសំណេរជាភាសាខ្មែរ ដើម្បីបង្ហាញការគាំទ្រសកម្មភាពអង្គការផ្កាយសមុទ្រ (Indochina Starfish Foundation ឬ ISF Cambodia)សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ជាមួយភ្ញៀវ Sheffield United នាវេលាម៉ោង១ និង១៥នាទីអាធ្រាត ឈានចូលថ្ងៃទី៣ ខែឧសភា។



តាមរយៈកិច្ចសហការជាមួយដៃគូរបស់ខ្លួននៅកម្ពុជា អាវរបស់កីឡាករ Spurs សម្រាប់ការប្រកួតជាមួយ Sheffield ត្រូវបានរចនាជាពិសេសដោយមាននិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រនៅផ្ទៃខាងមុខ អមជាមួយឃ្លា «ពីកម្ពុជាដោយ AIA»។ សេចក្តីប្រកាសព័ត៌មានរបស់ក្លិបមាន់ខ្នាយមាស បានឲ្យដឹងថា នេះជាការលើកកម្ពស់ដល់សកម្មភាពសប្បុរសធម៌របស់ ISF ដែលបានរួមចំណែកផ្លាស់ប្តូរជីវិត និងផ្តល់ឱកាសដល់មនុស្សជាច្រើនក្នុងសហគមន៍។


ផ្កាយសមុទ្រ ជាអង្គការសប្បុរសធម៌មួយនៅកម្ពុជា ដែលបានរួមចំណែកផ្លាស់ប្តូរជីវិតកុមារខ្វះទីពឹងនៅកម្ពុជា តាមរយៈសកម្មភាពអប់រំ សេវាសុខាភិបាល និងកីឡា ជាពិសេសកម្មវិធីកីឡាបាល់ទាត់ថ្នាល (Grassroots Football Programme)។


លោកស្រី Donna-Maria Cullen អគ្គនាយិកាក្លិប Tottenham Hotspur បានបញ្ជាក់ការគាំទ្រសកម្មភាពអង្គការផ្កាយសមុទ្រ ជាផ្នែកមួយនៃការលើកកម្ពស់សុខុមាលភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្លិបមានក្រុមអ្នកគាំទ្រជាមូលដ្ឋាន៕

© រក្សាសិទ្ធិដោយ thmeythmey.com